The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ញោមៗ​លោក​នេន​៦​អង្គ​ប្តឹង​ដូន​ជី​ម្តាយ​ចៅ​អធិការ​វាយ​កូន

ញោមៗ​លោក​នេន​៦​អង្គ​ប្តឹង​ដូន​ជី​ម្តាយ​ចៅ​អធិការ​វាយ​កូន

ញោមៗ​លោក​នេន​៦​អង្គ​ប្តឹង​ដូន​ជី​ម្តាយ​ចៅ​អធិការ​វាយ​កូន

សៀមរាបៈ ញោម​លោក​នេន​ចំនួន ៦អង្គ នៅ​វត្ត​កំបោរអរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​ប្តឹង​ដូន​ជី​ដែល​ជា​ញោម​របស់​លោក​ចៅ​អធិការ​វត្ត​ស្តីទី​ពី​បទ​វាយ​ធ្វើ​បាប​នេនៗ ពី​សប្តាហ៍​មុន​ឲ្យ​មាន​របួស​ស្នាម​។

លោក មុយ មាន ប្រធាន​ភូមិ​កំបោរអរ ក្នុង​ឃុំ​ខ្វាវ កាល​ពី​ម្សិលមិញ​បាន​ប្រាប់​ថា បាន​កោះ​ហៅ​ដូន​ជី​វ័យ​៦៥​ឆ្នាំ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​វាយ​លោក​នេន​៦​អង្គ​ឲ្យ​របួស​នោះ មក​សាក​សួរ និង​ធ្វើ​កិច្ច​សន្យា​រួច​ហើយ​។

លោក​ថា​៖«គាត់ កាច​ណាស់​។ គាត់​បាន​បង្ក​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​វត្ត ហើយ​ពុទ្ធ​បរិស័ទ​និង​ព្រះ​សង្ឃ​ចាស់ៗ ជាច្រើន​អង្គ​បាន​ចាក​ចេញ​ពី​វត្ត​ទៅ​គង់​នៅ​វត្ត​ផ្សេង»។

លោក មុយ មាន ថ្លែង​បន្ត​ថា​ញោមៗ​លោក​នេន​ទាំង​នេះ មិន​អាច​ឈរ​មើល​ដូន​ជី​ប្រើ​ហិង្សា​លើ​កូនៗ​បាន​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គាត់​ប្តឹង​ឲ្យ​មេ​ភូមិ​ចាត់​វិធានការ​ជាមួយ​នឹង​គាត់​។

លោក​បញ្ជាក់​ថា​៖«​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ដូន​ជី​រូប​នេះ ប្រព្រឹត្ត​បែប​នោះ​លើ​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​។ គាត់​ប្លែក​ណាស់​។ គាត់​វាយ​ព្រះ​សង្ឃ​ក្មេង ទោះ​ជា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ។ គាត់ ប្រើ​ដំបង កៅស៊ូ​កង និង​ខ្សែ​ភ្លើង​វាយ​ព្រះ​សង្ឃ​ទាំង​នោះ»។

លោក មុយ មាន បន្ត​ថា​៖«​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​គាត់​នៅ​ក្នុង​វត្ត​ទៀត​ទេ​បើ​គាត់ មិន​គោរព​ពាក្យ​សន្យា​ជាមួយ​នឹង​ខ្ញុំ​ម្តង​ទៀត​។ គាត់​សន្យា​ជាមួយ​នឹង​ខ្ញុំ​កាល​ពី​លើក​មុន​ម្តង​រួច​មក​ហើយ ថា​មិន​ធ្វើ​ដូច្នោះ​ទៀត​ទេ​ប៉ុន្តែ កាល​ពី​សប្តាហ៍​មុន គាត់​បាន​វាយ​សង្ឃ​ក្មេងៗ​ឲ្យ​របួស។ ខ្ញុំ​នឹង​សុំ​ឲ្យ​គាត់​ចាក​ចេញ​ពី​វត្ត​នេះ ប្រសិន​បើ​គាត់​ធ្វើ​ខុស​ម្តង​ទៀត»។

លោក មុយ មាន បាន​បញ្ជាក់​ថា​ញោម​របស់​លោក​នេន​ពីរ​អង្គ ក្នុង​ចំណោម​៦​អង្គ ដែល​ត្រូវ​របួស បាន​សម្រេច​ចិត្ត​ឲ្យ​កូន​របស់​គាត់​សឹក ដោយ​សារ​តែ​ញោម​ទាំង​នោះ​បាន​បញ្ជូន​សង្ឃ​ទាំង​នោះ​ទៅ​រៀន​នៅ​ក្នុង​វត្ត​មិន​មែន​ឲ្យ​ដូន​ជី​វាយ​ទេ​។

លោក​មេ​ភូមិ​បន្ត​ថា៖ «​ដូន​ជី​ម្នាក់​នេះ​មក​ពី​ខេត្ត​បាត់ដំបង មាន​សុទ្ធ​តែ​រូប​សាក់​លើ​រាង​កាយ​ដែល​ខ្ញុំ មិន​ដែល​បាន​ឃើញ​សោះ»។

ដូន​ជី រូប​នេះ ឈ្មោះ នុប ចាន់ថន ហើយ​ចៅ​អធិការ​ស្តីទី​វត្ត​កំបោរអរ ព្រះ​នាម នុប កុល មិន​អាច​ទាក់​ទង​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​៕ NR

អត្ថបទគួរចាប់អារម្មណ៍