កណ្ដាលៈ បឹង​ធម្មជាតិ​ចំនួន​​ ៤ នៅ​លើ​ផ្ទៃ​ដី​ជិត ៣០០ ​ហិក​តា នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ​ត្រូវ​បាន​ដាក់​បញ្ជូល​ជា​សម្បត្តិ​របស់​រដ្ឋ​និង​បឹង​មួយ​ចំនួន​ទៀត​កំពុង​រៀប​ចំដាក់​បញ្ចូល​បន្ថែម​បន្ទាប់​ពី​មាន​ជន​ខិល​ខូច​មួយ​ចំនួន​លួច​ចុះ​បោះ​បង្គោល​ក្នុង​បឹង​ប៉ង​កាន់​កាប់​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​។ នេះ​បើ​តាម​លោក ​ម៉ៅ ​ភិរុណ​ អភិ​បាល​ខេត្ដ​កណ្ដាល​ប្រាប់​ភ្នំពេញ​បុស្ដិ៍​នៅ​ថ្ងៃ​ទី ​២៩ ខែ​សីហា​នេះ​។

លោក​ ម៉ៅ ភិរុណ បាន​ថ្លែង​ថា នៅ​ឆ្នាំ​នេះ លោក​បាន​ធ្វើ​កិច្ច​ការងារ​មួយ​ចំនួន​រួច​ហើយ ​ចំពោះ​ការ​ដាក់​បញ្ចូល​ដីធ្លី ​ដែល​ជា​សម្បត្ដិ​របស់​រដ្ឋ​ដើម្បី​ទុក​បម្រើ​ដល់​ផលប្រ​យោជន៍​សាធារ​ណៈពិសេស​ពល​រដ្ឋ​ដែល​កំពុង​រស់​ក្នុង​តំបន់​នោះ​ផ្ទាល់​។

លោក​បន្ដ​៖«ដីបឹង​នៅ​​ស្រុក​ស្អាង​ដែល​ទើប​ដាក់​បញ្ចូលជា​សម្បត្ដិ​របស់​រដ្ឋ​នេះ​គឺជា​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំហើយ​យើង​នៅ​មាន​គម្រោង​មួយ​ចំនួន​ទៀត​ដែល​កំពុង​សិក្សា​និង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​របស់​រដ្ឋ​បន្ថែម​ទៀត​ដើម្បី​គ្រប់​គ្រង​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋឲ្យ​គងវង្ស​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​យក​ដីសា​ធារ​ណៈ​នេះ​ពី​សំណាក់​​ជន​ខិល​ខូច​មួយ​ចំនួន​»។

​លោក​ ញឹម​ វណ្ណ​ឌិន ​អភិ​បាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ២៨​ ខែ​សីហា ​ឆ្នាំ​នេះ ​ដើម្បី​អនុវត្ត​តាម​ការ​ណែ​នាំ​ពី​លោក​អភិ​បាល​ខេត្ត​កណ្តាល​លោក​បាន​ចុះ​កំណត់​​បឹង​មួយ​ចំនួន​ដូច​ជា​៖បឹង​ត្នោត​មាន​ចំនួន​៨៣​ហិក​តា​​បឹង​ទឹក​ជោរ​ជាង​១១​ហិកតា​​ បឹង​ទទឹង​ថ្ងៃជាង​៤១​ហិក​តា និង​បឹង​រាន​មាន​ជាង​១៣៦​ហិក​តា​ ដែល​បានចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋរួចហើយ​និង​កំពុងចុះ​បន្ត​ដើម្បី​​ទៅកំណត់​បឹង​មួយ​ចំនួន​ទៀត​ផង​ដែរ​។

លោក​បាន​បញ្ជាក់​​ថា៖«​កាល​ពីថ្ងៃ​ទី២១ខែ​មិថុនាកន្លង​មក​នេះ​អាជ្ញា​ធរ​ស្រុក​បាន​ចុះទៅ​ដក​បង្គោលដែល​បាន​បោះ​ក្នុង ​(បឹង ​៥០០) មាន​ចំនួន​រហូត​ដល់​ជាង ​២៧០ ​បង្គោល​ដោយ​​មាន​ជន​ខិល​ខូច​បាន​ទន្ទ្រាន​កាន់កាប់ដី​សាធា​រណៈ​របស់​រដ្ឋ​ដោយ​ត្រូវ​រក្សា​​ដីបឹង​ទាំង​នោះទុក​ជា​សម្បត្តិ​សា​ធារ​ណៈ​ចំនួន​ប្រហែល​៤០០​ហិកតានិង​ធ្វើ​ទៅ​ដល់​ដីនៅ​តំបន់​អាង​ទឹក​យុវជន​ប្រ​ហែល ​១០០ ​ហិក​តា​ទៀត​ដែល​ជន​មួយ​ចំនួន​បាន​បោះ​ចូល​ធ្វើ​ឲ្យ​អាជ្ញា​ធរឈឺ​ក្បាល»​។

បើតាម​លោក​អភិ​បាល​ស្រុក​ស្អាង«ករណីនេះ​ធ្វើឲ្យ​អ្នក​រំលោភ​ទាំង​នោះ​មិន​សប្បាយ​ចិត្ត​រួច​បាន​ប្រើ​គ្រប់​វិធី​រិះ​គន់​អាជ្ញា​ធរ​ពាក់​ព័ន្ធ​​ដែល​បាន​អនុវត្ក​លើ​ការ​ងារ​នេះ​ទាំង​មិន​សម​ហេតុ​ផល»។

ដោយ​ឡែកប្រជា​នេសាទ​នៅស្រុក​ស្អាងមាន​ការស​ប្បាយ​ចិត្តនិង​សាទរ​ចំពោះ​​អាជ្ញាធរ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ដល់​ពួក​គាត់​ព្រោះ​បឹង​រដ្ឋគឺ​ជា​អាយុ​ជីវិត​ពួក​គាត់​ហើយ​ប្រសិន​បើ​បាត់​បង់​ទៅ​គឺ​ជីវិត​គ្រួ​សារ​គាត់​ទាំងមូល​ត្រូវ​ប្រ​ឈម​បញ្ហា​ជាច្រើន​ ដែល​កូនៗ​អាច​ឈប់​ពីការ​សិក្សា​ឬក៏​ឈាន​ទៅ​ធ្វើ​ជា​ពលករ​ឆ្លង​ដែន​។នេះ​បើ​តាម​លោក​អភិ​បាល​ស្រុក​ស្អាង​។

បើតាម​លោក ម៉ៅ ភិរុណ រដ្ឋបាល​ខេត្ដ​កណ្ដាល​មិន​ត្រឹម​តែ​បញ្ចូល​បឹង​ទាំង​នេះ​ជា​សម្បត្ដិ​រដ្ឋ​នោះ​ទេ ប៉ុន្ដែ​លោក​នឹង​បន្ដ​ដាក់​បញ្ចូល​បឹង​ធម្ម​ជាតិ និង​ដី​សា​ធារណៈ​​ជា​ច្រើន​ទៀត​ចូល​ជា​សម្បតិ​​រដ្ឋ​ផង​ដែរ​។​

លោក​​ថា៖«មក​ទល់​ពេល​នេះយើង​បាន​ចុះ​បញ្ជីដី​ធ្លី​ចូល​ជា​សម្បតិ្ដ​របស់​រដ្ឋ​នេះមាន​ចំនួនជា ១ ២០០ ហិក​តា ​ហើយ​នៅ​ទូទាំង​ខេត្ដ​កណ្ដាល​ ចំណែក​ស្រុក​ស្អាង យើង​មិន​ត្រឹម​តែ​បញ្ចូល​ជាង ​៣០០​ ហិក​តា​នេះ​ទេ​ យើង​គ្រោង​បញ្ចូល​ដី​ជាសម្បិត​របស់​រដ្ឋ​សរុប​ជាង​ ១ ០០០ ហិក​តា​»៕