សៀមរាបៈ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ប្រព័ន្ធ​ផ្ទុក​ថាមពល​អាគុយ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ខេត្ត​សៀមរាប ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ដើម្បី​សម្រួល​ដំណើរការ​ស្រាវជ្រាវ​អត្តសញ្ញាណ និង​រក្សា​ពូជ​រុក្ខជាតិ​ដែល​ជិត​ផុត​ពូជ​។ ពិធី​នេះ​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UNDP) ​កាលពី​ថ្ងៃទី​ ២៧ ខែមករា​។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ សាយ សំអាល់ ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​នោះ​ថ្លែងថា ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ​មាន​កម្លាំង​ ៣២ ​គីឡូវ៉ាត់ និង​ប្រព័ន្ធ​ផ្ទុក​ថាមពល​ (​អាគុយ​) ៨៧ ​គីឡូវ៉ាត់​ម៉ោង​។

លោក​បញ្ជាក់ថា នេះ​គឺជា​មជ្ឈមណ្ឌល​ទី​១ នៅ​កម្ពុជា​។ ស្ថានីយ​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ពង្រឹង​ការចូលរួម​ដល់​មជ្ឈមណ្ឌល​ក្នុង​ការស្រាវជ្រាវ កំណត់​អត្តសញ្ញាណ និង​ការរក្សា​ពូជ​កេសរកូល​ព្រៃ រុក្ខជាតិ និង​សត្វ​ក្នុងស្រុក​។ ជាពិសេស​ប្រភេទ​រុក្ខជាតិ​ដែល​កំពុង​រង​ការគំរាមកំហែង​ប្រភេទ កម្រ និង​ប្រភេទ​ជិត​ផុត​ពូជ សំដៅ​ធានា​ដល់​និរន្តរភាព​នៃ​ធនធាន​ជីវចម្រុះ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​វប្បធម៌​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ចាត់ទុក​សមិទ្ធផល​នេះ​ជា​ការបោះជំហាន​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ [​ការស្រាវជ្រាវ​] ​ដទៃទៀត​នាពេល​អនាគត សំដៅ​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ​ឱ្យ​ដើរតួនាទី​ជា​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​។ ការសិក្សា​ស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ​ការផ្លាស់ប្តូរ​ចំណេះដឹង​ និង​បច្ចេកវិទ្យា ការលើកកម្ពស់​ការយល់​ដឹង​អំពី​សារប្រយោជន៍​នៃ​ធនធាន​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍ​ដោយ​និរន្តរភាព​។

លោក​ សាយ សំអាល់ ថ្លែងថា​៖ «​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យើង​នេះ​នឹង​រួមចំណែក​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​មូលដ្ឋាន ជាពិសេស​ទេសចរណ៍ ផ្សារភ្ជាប់​នឹង​វប្បធម៌​ធម្មជាតិ និង​ជួយ​បង្កើន​ជម្រើស​មុខរបរ ប្រភព ចំណូល​បន្ថែម និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​បាន​ ១ ​កម្រិត​បន្ថែម​ទៀត ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

លោក​ សាយ សំអាល់ ពិនិត្យ​បន្ទះ​សូឡា​នៅ​ខេត្ត​សៀមរាប ថ្ងៃទី​ ២៧ មករា​។ ​រូប​ក្រសួង​បរិស្ថាន

លោក​ ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប​គាំទ្រ​ឱ្យមាន​សមិទ្ធផល​បែបនេះ​សម្រាប់​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​។ ព្រោះ​ការប្រើប្រាស់​ថាមពលព្រះអាទិត្យ មិនមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ទេ ពោល​គឺជា​ចំណុច​ចាប់ផ្ដើម​ធ្វើជា​គំរូ​ដល់​រមណីយដ្ឋាន​ដទៃទៀត​នៅក្នុង​ខេត្ត​សៀមរាប​ក៏ដូចជា​ខេត្ត​ដទៃទៀត ដែល​មិនទាន់​មាន​បណ្ដាញ​អគ្គិសនី​ជាតិ​។

លោក​បញ្ជាក់ថា​៖ «​មជ្ឈមណ្ឌល ស្រាវជ្រាវ បង្កើតឡើង​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ [​ការកំណត់​] ​អត្តសញ្ញាណ​ធ្វើ​សារពើ​ភណ្ឌ និង​កំណត់​លក្ខណវិនិច្ឆ័យ​ និង​មុខងារ ពិសេស​នៃ​ប្រភេទ​ [​កេសរកូល​ព្រៃ​] នីមួយៗ​តាមបែប​វិទ្យាសាស្ត្រ​»​។

លោក​ថា មជ្ឈមណ្ឌល​នេះ​បាន​ធ្វើការ​អភិរក្ស សង្គ្រោះ បង្កាត់ បណ្តុះ បន្សុទ្ធពូជ និង​ស្តារ ប្រភេទ​កេសរកូល​ព្រៃ​ដែល​កំពុង​រង​ការគំរាមកំហែង និង​ជិត​ផុត​ពូជ​ពី​ព្រៃ​ធម្មជាតិ​ឡើងវិញ​។ ជាពិសេស​សម្រាប់​រក្សា​ពូជ​កេសរកូល​ព្រៃ ការអប់រំ​ផ្សព្វផ្សាយ ជា​កន្លែង​អប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​ប្រភេទ និង​ចំនួន​កេសរកូល​ព្រៃ​នៅ​កម្ពុជា និង​ការកម្សាន្ត​ដែល​ផ្តល់​ទស្សនីយភាព​កេសរកូល​ព្រៃ​ធម្មជាតិ ទីកន្លែង​លម្ហែកាយ ទស្សនា​ធម្មជាតិ​ និង​កម្សាន្ត​នានា​។

លោកស្រី Sonali Dayaratne តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ជួយ​ឱ្យ​បរិស្ថាន​ស្អាត ការការពារ និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ និង​ការគាំទ្រ​ចំពោះ​គោលជំហរ​កម្ពុជា​ក្នុង​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។

លោកស្រី​ថ្លែងថា​៖ «​ក្រុមការងារ​ជំនាញ​អន្តរជាតិ និង​នាយកដ្ឋាន​ជីវចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាននិង​កំពុង​បន្ត​ប្រមូល​ប្រភេទ​កេសរកូល​ព្រៃ​ពី​តំបន់​ភ្នំគូលែន និង​តំបន់​ដទៃទៀត ដើម្បី​កត់ត្រា និង​កំណត់​អត្តសញ្ញាណ​បន្ថែមទៀត​»​។

លោក​ តាំង ម៉េងអៀង ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឱ្យ​ដឹងថា គំនិត​ផ្តួចផ្តើម​ក្នុង​ការដំឡើង​ប្រព័ន្ធ​ថាមពល​សូឡា​សម្រាប់​ក្រសួងបរិស្ថាន ទទួលបាន​ការគាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​អាច​ផលិត​ថាមពល​បាន​ក្នុង​រង្វង់​ ១៥០ គីឡូវ៉ាត់ម៉ោង​ក្នុង​ ១ ​ថ្ងៃ​។ ​ប្រព័ន្ធ​អគ្គិសនី​នេះ​បាន​ផ្តល់​ប្រយោជន៍​ដល់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ ឬ​ម៉ាស៊ីន​បូម​ទឹកបាន​រៀងរាល់ថ្ងៃ​»៕

វីដេអូ៖