ភ្នំពេញៈ តំបន់ភាគច្រើនក្នុងរាជធានីភ្នំពេញបានដាច់ភ្លើង កាលពីម្សិលមិញ បន្ទាប់ពីថាមពលអគ្គិសនីដែលផ្គត់ផ្គង់ពីវៀតណាមត្រូវបានកាត់ផ្តាច់។
មន្រ្តីមិនបានបញ្ជាក់ច្បាស់ថាតើបញ្ហាមកពីអ្វីទេ ប៉ុន្តែក្នុងអ៊ីមែលដែលផ្ញើទៅអតិថិជិនពីថ្ងៃពុធ ក្រុមហ៊ុន Digi ដែលផ្តល់សេវាអ៊ីនធឺណិត បញ្ជាក់ថា មានបញ្ហាជាមួយនឹងខ្សែមេពីវៀតណាម ដែលឆ្លងកាត់ខេត្តស្វាយរៀង។
ប៉ុន្តែ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា EDC ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា បញ្ហាគឺទាក់ទងនឹងរោងចក្រមួយនៅក្នុងប្រទេសវៀតណាមដែលបានកើតឡើងនៅម៉ោងជាង ២ រសៀល។
«កម្ពុជា ទទួលការផ្គត់ផ្គង់អគ្គិសនី១៧០មេហ្គាវ៉ាត់ពីប្រទេសវៀតណាម ដែលស្មើនឹងជិត៤០ភាគរយនៃអគ្គិសនីសរុបចំនួន៤០០មេហ្គាវ៉ាត់ ដូច្នេះ ការដាច់ចរន្តនៅវៀតណាមវាជះឥទ្ធិពលជាអវិជ្ជមានមកដល់កម្ពុជាយើង» នេះជាសម្ដីរបស់មន្ត្រីជាន់ខ្ពស់ EDC ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីយប់មិញ។
លោកបន្តថា៖«ឥឡូវនេះ ពួកគេកំពុងស្ដារអគ្គិសនីគេឡើងវិញ ហើយយើងក៏ស្ដារថាមពលអគ្គិសនីយើងសម្រាប់ផ្គត់ផ្គង់នៅតំបន់សំខាន់ៗក្នុងរាជធានីនេះ»។
លោកបន្ថែមថា៖«នៅខែកក្កដា ខាងមុខនេះកម្ពុជានឹងលែងមានបញ្ហាប្រឈមនឹងកង្វះអគ្គិសនីប្រើប្រាស់ទៀតហើយ ខណៈវារីអគ្គិសនីកំចាយនិងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មរបស់យើងចាប់ផ្ដើមដំណើរការ»។
ក្នុងអ៊ីមែលមួយក្រុមហ៊ុន Digi ប្រាប់ថា ការដាច់ភ្លើងនេះពុំធ្លាប់មានពីមុនមកទេ ហើយបានដាច់នៅទូទាំងទីក្រុង។ មានការខកចិត្តខ្លាំងក្នុងទីក្រុងភ្នំពេញ ក្នុងរដូវក្តៅនេះដោយសារតែការដាច់ចរន្តអគ្គិសនីញឹកញាប់៕ TK