កំពង់ឆ្នាំងៈ ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​អតីតយុទ្ធជន​ចំនួន​ជាង​ ៣០០ ​គ្រួសារ​នៅ​តំបន់​ភ្នំ​ជម្រាយ​ស្ថិត​ក្នុង​ឃុំ​ចំនួន ៤ នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​កំពុង​ត្រូវ​បាន​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ឈូសឆាយ​រំលោភបំពាន​យក​យ៉ាង​អនាធិបតេយ្យ បើ​ទោះបី​តំបន់​នោះ​មាន​អនុក្រឹត្យ​ចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ​។

អតីត​យុទ្ធជន​ម្នាក់​ក្នុង​ចំណោម​ ៣០០ ​គ្រួសារ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ដីសម្បទាន​សង្គមកិច្ច​នៅ​ភ្នំ​ជម្រាយ ស្រុក​សាមគ្គីមានជ័យ កំពុង​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​ធ្វើការ​រំលោភបំពាន​ឈូសឆាយ​ដោយ​ពួកគេ​មាន​សំអាង​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយខ្នង បើ​ទោះបី​ជា​ដី​នោះ​មាន​អនុក្រឹត្យ​ពី​រដ្ឋាភិបាល​ចាប់​តាំងពី​ឆ្នាំ​ ២០១១ មក​ក៏ដោយ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​អតីត​កងទ័ព​សុំ​អង្វរ សំពះ សូម​អស់​លោក​អ្នក​មាន​លុយ កុំ​រំលោភ​ដី​នេះ ព្រោះ​ជា​ដី​មាន​អនុក្រឹត្យ​របស់​រដ្ឋ ហើយ​កងទ័ព​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការរំលោភ​ដែរ​។ ចំពោះ​បងប្អូន​ណា​ដែល​ចូល​ទៅ​បំពាន​រំលោភ សូម​ដកខ្លួន​ថយ​ចេញ​ជា​ប្រញាប់ សុំ​អង្វរ​សុំ​សំពះ ព្រោះ​ដី​យើង​សម្រាប់​អតីត​កងទ័ព​ទេ​»​។

លោក ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ពិតជា​មាន​ការ​រំលោភ​បំពាន​យក​ដីសម្បទាន​សង្គមកិច្ច​នេះ​មែន​ដោយ​មាន​អតីតយុទ្ធជន​មួយ​ចំនួន​បាន​លក់​ដី​របស់​គាត់​ដែល​បាន​ពី​ការបែងចែក​នេះ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​អ្នក​មាន​លុយ​ម្នាក់ ហើយ​ឈ្មួញ​នោះ​ក៏​បាន​ធ្វើការ​ឈូសឆាយ​ពង្រីក​ដី​ដែល​គាត់​ទិញ​បាន​ប៉ះពាល់​ដី​របស់​យុទ្ធជន​ផ្សេងៗ​ទៀត​ដែល​មាន​ដី​ជាប់ៗ​គ្នា​នោះ​។

លោក​ថ្លែង​ថា​៖ «​គេ​មក​រំលោភ​យក​ដី​នេះ​គឺ​គេ​គិត​ថា ពួក​ខ្ញុំ​ជា​អតីតយុទ្ធជន​គ្មាន​លុយ គ្មាន​អំណាច​ដូច​គាត់ អ៊ីចឹង​ពេល​មក​មើល​ដី​ម្ដងៗ គាត់​គ្មាន​ខ្លាច​អ្វី​ ឬ​អ្នក​ណា​ម្នាក់​ទេ ហើយ​យើង​សួរ គេ​គ្រាន់តែ​ឆ្លើយ​ថា ចាំ​ថ្នាក់លើ​គេ​មក​ដោះស្រាយ គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង​»​។

ទោះ​ជា​យ៉ាង​ណា​លោក​បន្ថែម​ថា​លោក​មិន​អាច​បង្ហាញ​អត្តសញ្ញាណជន​ដែល​រំលោភ​យក​ដី​អតីតយុទ្ធជន​នេះ​បាន​ទេ ព្រោះ​ពួកគេ​បាន​តាំង​ខ្លួន​ថា គេ​ជា​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍ទោ និង​អាង​អ្នក​មាន​លុយ​នៅ​ពី​ក្រោយ​ខ្នង​ថែម​ទៀត​។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ​លោក​ក៏​សូម​អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​រំលោភ​ដី​នេះ ព្រោះ​ថា​ឋានៈ​ត្រឹម​លោក​មិន​អាច​ដោះស្រាយ​បាន​ទេ ដោយ​ដី​នេះ​នៅ​មិន​ទាន់​បាន​បែងចែក​ឲ្យ​អតីតយុទ្ធជន​គ្រប់ៗ​គ្នា​នៅ​ឡើយ​។ ប្រសិន​បើ​មិន​ជួយ​អន្តរាគមន៍ លោក​ក៏​គ្មាន​ដី​កន្លែង​ផ្សេង​សម្រាប់​បែងចែក​ឲ្យ​អតីតយុទ្ធជន​ដែល​មាន​ឈ្មោះ​ទទួល​ដីសម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​ដែរ​។

នៅពេល​ទាក់ទង​ពី​ម្សិលមិញ​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្លែង​ថា​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​មន្ត្រី​ស្រុក​សាមគ្គី​មានជ័យ​។ ប៉ុន្តែ​លោក​ វន ស៊ីថា អភិបាលស្រុក​សាមគ្គីមានជ័យ​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១១ បាន​បង្ហាញ​ថា​៖ «​ការធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ទំហំ​ផ្ទៃដី​សរុប ៤៨១៥,៦៧ មាន​ ៦ ​ទីតាំង និង​ ៤ ​ឃុំ ទីតាំង (​ក​) ​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំងល្វា ចំនួន ​១៣៥៣ ហិកតា ឃុំ​ស្វាយជុក ទីតាំង​ (​ខ​) ​ចំនួន​ ៧៣៥ ហិកតា ឃុំ​ក្រាំងល្វា ទីតាំង (​គ​) ​ចំនួន ៨៥៤,៣០ ហិកតា ទីតាំង (​ឃ​) ចំនួន ៩៧៥,៦០ ហិកតា ឃុំ​ពាម ទីតាំង (​ង​) ចំនួន ៤៦៨,៧៨ ហិកតា និង​ឃុំ​ឈាន​ឡើង ទីតាំង (​ច​) ចំនួន ៤២៨,៩៩ ​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ធ្វើ​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់អាវុធ និង​គ្រួសារ និង​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​៕