ព្រះ​វិហារ​/រតន​គិរីៈ ​កុមារា​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ បាន​រងរបួស​ភ្នែក​ម្ខាង និង​ដាច់​ម្រាម​ដៃចំនួន​ ៣ ដោយ​សា​រ​ដុត​គីប​ក្បាលគ្រាប់ ​៨០ ​មិល្លីម៉ែត្រ ខណៈ​​នៅខេត្ត​រតន​គិរី បុរស​ម្នាក់ បាន​​រងរបួស​ដាច់​កដៃស្ដាំ ក្រោយពី​បំផ្ទុះ​គ្រាប់បែក​កែច្នៃ​ដោយ​ខ្លួនឯង ដើម្បី​ចាប់​ត្រីខុស​បច្ចេក​ទេស។

លោក ស៊ន់ ទិន នាយ​​ប៉ុស្តិ៍​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា កាល​ពីរ​សៀល​ថ្ងៃ​ទី​ ២៦ ខែមករា ឆ្នាំ ២០១៩ មាន​ករណី​កុមារា​ម្នាក់​ឈ្មោះ​ ឆយ វិឆៃ អាយុ​ ៩ ឆ្នាំ បានយក​គីប​ក្បាល​គ្រាប់​ ៨០ ​មិល្លី​ម៉ែត្រ​ ១​ គ្រាប់ ដែល​រើស​បាន​នៅ​តាម​ផ្លូវ​ពេល​ចេញ​ពីសាលា​រៀន មកដុត​លេង​នៅ​ក្រោម​ផ្ទះ​ជីដូន ​ស្ថិត​នៅ​ភូមិ-ឃុំ​ជាំ​ក្សាន្ត បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​របួស​ភ្នែក​ខាង​ស្ដាំ និង ដាច់​ម្រាម​ដៃ​ស្ដាំ​ចំនួន ៣ ព្រមទាំងរង​របួស​ជើង​និង​ពោះ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «យោង​តាម​ស្ថានភាព​នៃមុខ​របួស​ កុមារ​រង​គ្រោះ អាច​នឹង​ពិការ​ភ្នែក​ខាង​ស្ដាំ។ នៅ​ពេល​នេះ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​ព្យាបាល​ពីក្រុម​គ្រូពេទ្យ​ជំនាញនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប»។

កាល​ពី​ម្សិល​មិញ ឪពុក​របស់​កុមារ​រង​គ្រោះ គឺ លោក ឆន ប៊ុន​ឆយ អាយុ​ ៣៦ ឆ្នាំ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា កូន​របស់​លោក​ បាន​ដឹង​ខ្លួន​ពីសន្លប់​ហើយ និងកំពុង​រង់​ចាំការ​វះកាត់​ភ្នែក បន្ទាន់​។

លោក​​ថា​៖ «​នៅ​ថ្ងៃ ​[ចន្ទ​] នេះ ក្រុម​គ្រូពេទ្យ នឹង​ធ្វើ​ការ​វះកាត់​ភ្នែក​របស់​វា ប៉ុន្តែ​គ្រូ​ពេ​ទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ថា កែវភ្នែក​ខាង​ស្ដាំ​របស់​វា អាច​នឹង​ត្រូវ​ខូច [ពិការ​] ព្រោះ​មាន​កម្ទេ​ច​តូចៗ​​មុត​ជាប់​នឹង​កែវ​ភ្នែក។ ​ចំណែក​មុខ​របួស​លើ​ពោះ​ និង​ជើង គឺស្រាល​ទេ លើក​លែង​តែ​ដៃ​ស្ដាំ​ដាច់​អស់​ម្រាម​ចំនួន​ ៣»។

នៅ​រសៀល​ថ្ងៃទី ២៦ ខែ​មករា ឆ្នាំ ២០១៩ នោះ​ដែរ នៅ​ឯខេត្ត​រតនគិរី បុរសជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ម្នាក់ បាន​រងរបួស​ដោយ​ដាច់​កដៃ​ខាង​ស្ដាំ និង​រងរបួសក្បាល​និង​ទ្រូង បន្ទាប់ពី​គាត់​បាន​បំផ្ទុះ​គ្រាប់​បែកកែច្នៃ​មួយ​គ្រាប់​ដើម្បី​ចាប់​​​ត្រី​​ខុស​បច្ចេក​ទេស។

លោក ស៊ូយ សំណាង អធិការ​ស្រុក​អូរយ៉ា​ដាវ ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចារ៉ាយ ដែល​រង​គ្រោះ​ឈ្មោះ ពូយ យុច អាយុ ៤៦ ឆ្នាំ រ​ស់​នៅ​ភូមិ​ដរធំ ឃុំ​យ៉ាទង់ ស្រុក​អូរ​យ៉ា​ដាវ។ មុន​ពេល​កើត​ហេតុជន​រង​គ្រោះ បាន​យក​គ្រា​ប់​ផាវមូលៗ ប៉ុន​មេជើង​ចំនួន​ ៦ គ្រាប់​ មក​កែច្នៃ​ធ្វើ​ជា​គ្រាប់​បែក​ដៃ សម្រាប់​​បោកចាប់​ត្រី ដោយ​គាត់​បាន​យក​រំសេវផាវ​ទាំង​នោះ​ ដាក់​ចូលទៅ​ក្នុង​កំប៉ុង​ត្រីខរូប​ស្រី​ ៣ នាក់ រួច​ហើយ​យកទៅ​បោក​ចាប់​ត្រី​​នៅ​ចំណុច​អូរតាង។

លោក​ថា៖ «ក្រោយ​ពី​ឮ​សំឡេ​ង​ផ្ទុះក៏មាន​ការភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​ និង​រាយ​ការណ៍​មក​សមត្ថកិច្ច​យើង​ឲ្យ​ជួយ​អន្ត​រាគមន៍​ ដោយ​​ប្រាប់​ថា លោក យុច បាន​រង​របួស​ដាច់​កដៃ​ស្ដាំ និងរងរបួស​ក្បាល​និង​ទ្រូង ដោយសារការ​បំផ្ទុះ​គ្រាប់​បែក​​កែច្នៃ​ដោយ​ខ្លួន​ឯង​​។ ក្រុម​សមត្ថកិច្ច​មូល​​ដ្ឋាន​បាន​ចុះ​អន្តរាគមន៍ នាំជន​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេ​ទ្យ​វៀត​ណាម​មួយ នៅ​ក្នុង​ស្រុក​យ៉ាឡៃ»។

បើតាម ​លោក សំណាង អាជ្ញាធរ​ជារឿយៗ តែង​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រាប់​យុទ្ធ​ភណ្ឌមិន​ទាន់​​ផ្ទុះរួម​ទាំង​ផាវដែ​ល​​ជាគ្រឿង​រំសេវ​ជាតិ​ផ្ទុះ​ផង​ដែរ ដោយ​ហាម​ប្រាមពលរដ្ឋ​មិន​ឲ្យ​ប៉ះពាល់​ឬ​យក​មក​កែច្នៃ​អ្វីនោះ​ទេ​។ ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​លួច​កែ​ច្នៃ​​ដោយ​ខុសច្បាប់​នូវ​អាវុធ​ជាតិ​ផ្ទុះទាំង​នេះ៕