បន្ទាយមានជ័យៈ ​ដូន​ជី​អាយុ​ ៨២ ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅក្នុង​បន្ទប់​ស្ថិត​នៅ​​វត្ត​បរមនិវេសន៍​ក្នុង​ភូមិ​សាលាដែង ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបុរី​កាល​ពី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា​។

លោក ​ស៊ិន ណារ៉ាក់​ អធិការ​ស្រុក​មង្គលបុរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើប​អង្កេត​រឿង​ឃាតកម្ម​នេះ​ដោយ​មិន​អាច​បញ្ជាក់​បាន​ច្បាស់​លាស់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​នោះទេ។

លោក ណារ៉ាក់ បានថ្លែង​ថា៖ «​រឿង​នោះ​កំពុង​ស្ថិត​ក្នុងការ​ស៊ើបអង្កេត​​ស្រាវជ្រាវ​ ខ្ញុំ​មិន​អាច​មាន​យោបល់​បាន​ទេ​»​។

លោក លូ ជីវ័ន ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ សមត្ថកិច្ច​កំពុង​ធ្វើការ​កំណត់​មុខសញ្ញា​ដែល​ដំបូង​ត្រូវ​ហៅ​អ្នកនៅក្នុង​វត្ត​បរមនិវេសន៍​ទាំងអស់​ទៅ​សាក​សួរម្តង​ម្នាក់ៗ​។

លោក ជីវ័ន ថ្លែង​ថា៖ «​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​កំណត់​មុខ​សញ្ញា​ មិន​ទាន់​មាន​លទ្ធផល​អ្វី​ទេ នៅ​រសៀល​ថ្ងៃ​ ២៩​ វិច្ឆិកា​នេះ ​ក្រុម​ជំនាញ​យើង​កំពុង​តែ​សាកសួរ​ម្តង​ម្នាក់ៗ​ ចំពោះ​អ្នក​ដែល​មាន​វត្តមាន​នៅក្នុង​វត្ត​ហ្នឹង​» ។

លោក ជីវ័ន ថ្លែង​ថា​ដូនជី​អាយុ​ ៨២ ​ឆ្នាំ​ម្នាក់​បាន​ត្រូវ​ឃាតករ​វាយ​សម្លាប់​ខ្ទេច​មុខ​នៅ​ក្នុង​បន្ទប់​កាលពី​វេលា​ម៉ោង​ប្រមាណ​​ ៦ ​និង​ ៣០ ​នាទី​ល្ងាច​ថ្ងៃទី​ ២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ នៅ​ក្នុង​បន្ទប់​មួយ​នៅ​វត្ត​បរមនិវេសន៍​ស្ថិត​ក្នុង​ភូមិ​សាលាដែង​ ​ឃុំ​ប្ញស្សីក្រោក ​ស្រុក​មង្គលបុរី​។ ​ដូនជី​រូបនេះ​ឈ្មោះ​ សៅ សែត សំណាក់ធម៌​ក្នុង​វត្ត​។ ​មុន​ពេល​ដឹង​ពី​រឿង​ស្លាប់​របស់​ដូនជី​នេះ ​មាន​ភិក្ខុ​​ ១ ​អង្គ​នាម គឹម សុខមគ្គ ព្រះជន្ម​ ២៩ ​ឆ្នាំ​បាន​ទៅ​ដោះទុក្ខ​សត្វ​ (​បត់​ជើង​តូច​) នៅ​ក្នុង​បង្គន់​ក្បែរ​បន្ទប់​លោក​យាយ​ខាង​លើ​ឮ​សំឡេង​វិទ្យុ​នៅ​បើក​ ​តែ​មិន​ឃើញ​លោក​យាយ។​ បន្ទាប់​មក​ព្រះអង្គ​ក៏បាន​​ហៅ​ភិក្ខុ ​២ ​អង្គ ឱ្យ​ទៅ​ហៅ​លោក​យាយ​ដូនជី​​ទើប​ដឹង​ថា ​ស្លាប់​ក៏​បាន​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​​៕