ភ្នំពេញៈ គិត​ចាប់តាំងពី​ដើមឆ្នាំ​ ២០២១ មកដល់​ត្រឹម​ថ្ងៃទី ២០ ខែឧសភា ជំងឺ​គ្រុនឈាម​បាន​កើតឡើង​ជិត​ ៦០០ ​ករណី​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក្នុង​នោះបាន​បណ្តាល​ឱ្យ​ស្លាប់​ចំនួន​ ១ ​ករណី ប៉ុន្តែ​មន្ត្រី​សុខាភិបាល​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ បើទោះ​ជា​ដើម​រដូវវស្សា​ឆ្នាំនេះ ជំងឺគ្រុនឈាម មិន​ផ្ទុះ​ខ្លាំង​យ៉ាងណា​ក៏ដោយ​។

យោងតាម​តួលេខ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​នៃ​ក្រសួង​សុខាភិបាល បានឱ្យដឹង​នៅ​ថ្ងៃទី​ ២០ ​ខែឧសភា​ឆ្នាំ​ ២០២១ ​ថា​៖ «​តួលេខ​អ្នក​កើត​ជំងឺគ្រុនឈាម ទូទាំង​ប្រទេស​នៅ​ដើមឆ្នាំ​ ២០២១ ​នេះ​គឺមាន​ចំនួន​ ៥៨១ ​ករណី​ក្នុងនោះ ស្លាប់​ ១ ​ករណី​»​។

កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ​បាន​ឱ្យ​ដឹង​ទៀតថា ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​នេះ គឺ​ភាគច្រើន​នៅក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ដោយសារ​តែ​តំបន់​នេះ​មាន​អត្រា​ប្រជាជន​រស់នៅ​ច្រើន ដែល​ងាយ​ឱ្យមាន​ការឆ្លង​រីករាលដាល ព្រោះ​ភ្នាក់ងារ​ចម្លង​ (​មូសខ្លា​) ​ងាយស្រួល​ក្នុង​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។

លោក​ លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ឧសភា ថា​ជំងឺគ្រុនឈាម​នឹង​ចាប់ផ្តើម​កើតមាន​ច្រើន​នៅក្នុង​រដូវវស្សា ហើយ​បើទោះជា​នៅ​ដើម​រដូវវស្សា​នៃ​ឆ្នាំនេះ មិនសូវ​មាន​ករណី​ជំងឺគ្រុនឈាម​កើតឡើង​ច្រើន​ក៏​ប្រជាពលរដ្ឋ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ដែរ​។

ការស្នើឱ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​បែបនេះ ដោយ​លោក សំអាង​ ថា ក្នុង​អំឡុងពេល​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ នេះ ពលរដ្ឋ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់ បើ​ពួកគេ​មាន​ជំងឺ​ទាំង​ ២ មុខ​នេះ​ស្ថិត​ក្នុងពេល​តែមួយ ដែល​ងាយ​នឹង​បង្ក​ផលប៉ះពាល់​ដល់​អាយុជីវិត​។

លោក​បាន​បញ្ជាក់ថា​៖ «​សូម​បងប្អូន បន្ត​ការរស់នៅ​ប្រកប​ដោយ​អនាម័យ បរិស្ថាន​ស្អាត ហើយ​បើ​មាន​ក្តៅខ្លួន ដោយ​សង្ស័យថា មាន​ជំងឺគ្រុនឈាម គឺ​ត្រូវ​ប្រញាប់​យក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​។ យើង​ភ័យ​នឹង​កូវីដ គឺ​យើង​ភ័យ​ហើយ ប៉ុន្តែ​យើង​ក៏ត្រូវ​ការពារ កុំឱ្យ​កើត​គ្រុនឈាម​ដែរ ព្រោះ​តាម​ការសិក្សា​នៅ​ប្រទេស​មួយ​ចំនួន​គឺ​មាន​ការកើត​កូវីដ​ហើយ កើត​គ្រុនឈាម គឺ​អត្រា​គ្រោះថ្នាក់​ខ្ពស់​»​។

បើទោះជា​តាម​ការព្យាករ នៅ​ឆ្នាំ ​២០២១ នេះ​មិន​មាន​ការផ្ទុះ​ជំងឺគ្រុនឈាម​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក៏ដោយ ប៉ុន្តែ​លោក លាង ឫទ្ធា បាន​ឱ្យ​ដឹងថា ក្រសួង​សុខាភិបាល​នឹង​ចែក​ថ្នាំ​អាល់ប៊ែត ចំនួន ១៦០ តោន​នៅ​ទូទាំង​ប្រទេស ដើម្បី​សម្លាប់​​មូស ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ខណៈ​ដែល​ក្រសួង​សុខាភិបាល​ក៏បាន​ត្រៀម​រួចជាស្រេច​ជាមួយ​នឹង​សេរ៉ូ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺគ្រុនឈាម​នៅ​ទូទាំង​ប្រទេស​ប្រមាណ ៦ ម៉ឺន​ប្លោក​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២០ ខែ​ឧសភា​ថា រាប់​ចាប់ពី​សប្តាហ៍​ទី​១ ដល់​សប្តាហ៍​ទី ១៦ នៃ​ដើមឆ្នាំ​ ២០២១ ​នេះ គឺ​ខេត្តកណ្តាល​មាន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​ប្រមាណ​ជិត ៦០ ករណី​ប៉ុណ្ណោះ​។

លោក​បាន​បន្ថែមថា ចំនួន​នៃ​អ្នក​កើត​ជំងឺ​នេះ​គឺ​មាន​ការធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​ ២០២០ ខណៈ​ដែល​ពលរដ្ឋ​មាន​ការយល់ដឹង​កាន់តែ​ខ្ពស់ ចំពោះ​ការការពារ​ខ្លួន​ពី​ជំងឺ​គ្រុនឈាម​នេះ​។

លោក​ គួយ ប៊ុនធឿន បញ្ជាក់​ថា​៖ «​ឆ្នាំនេះ គឺ​តិចជាង​ឆ្នាំទៅ យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ក្នុង​ពេលនេះ តាមរយៈ​ការចុះ​អប់រំ​ផ្សព្វផ្សាយ និង​ការចែកចាយ​ថ្នាំ​អាល់ប៊ែត​ជូន​ប្រជាពលរដ្ឋ​។ យើង​បន្តធ្វើ​បន្តទៅទៀត ទោះជា​តួលេខ​អ្នក​ឈឺ​មាន​ចំនួន​តិច​ក៏ដោយ​»​។

កាលពី​ឆ្នាំ ២០១៩ កម្ពុជា​មាន​អ្នកស្លាប់​ ដោយសារ​ជំងឺគ្រុនឈាម​ចំនួន ៤៨ នាក់ ក្នុង​ចំណោម​អ្នកជំងឺ​គ្រុនឈាម​ចំនួន ៦៨ ៥៩៧ ករណី ដែលជា​ចំនួន​កើនឡើង​ប្រហែល​ ៣ ​ដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៨​។

បើតាម​លោក លាង ឫទ្ធា ការកើនឡើង​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ឆ្នាំ​ ២០១៩ ក៏​ជាការ​កើនឡើង​នៅក្នុង​រយៈពេល ៥ ឆ្នាំ​ម្តង នៃ​ជំងឺគ្រុនឈាម ដែល​តែងតែមាន​ការផ្ទុះ​នៃ​ជំងឺ​នេះ​ខ្លាំង​៕