ភ្នំពេញៈ ដើមឈើ​ប្រភេទ​ធ្នង់​ប្រមាណ​ជិត​ ២ ​ពាន់​ដើម​ នឹង​ត្រូវ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​យក​ទៅ​ដាំ​នៅ​តាម​សងខាង​ផ្លូវ​លេខ​ ២១៧ ចាប់ពី​ផ្លូវ​ចូល​មជ្ឈមណ្ឌល​ជើងឯក​រហូត​ដល់​រង្វង់មូល​កួរស្រូវ ក្នុង​ខណ្ឌដង្កោ​នា​ថ្ងៃទី​ ៣ ខែកញ្ញា​ នេះ ដើម្បី​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​មាន​រុក្ខជាតិ​បៃតង និង​លើកកម្ពស់​បរិស្ថាន​ឲ្យ​ល្អប្រសើរ​ថែមទៀត​។

លោក​ សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្រោម​ការដឹកនាំ​របស់​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក​អភិបាល​បាន​សម្រេច​ឲ្យ​អង្គភាព​លោក​ជា​អ្នកដឹកនាំ​ការដាំ​ដើមឈើ​ធ្នង់​ជិត​ ២ ​ពាន់​ដើម​នេះ​ដោយ​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដង្កោ​។

លោក​បន្តថា ឈើ​ដែល​ត្រូវ​ដាំ​នោះ​មិនមែន​កូនឈើ​តូចៗ​នោះទេ ពោល​គឺជា​ប្រភេទ​ឈើ​ធ្នង់​ធំៗ​ដែល​មាន​ទំហំ​ប៉ុន​កំភួនជើង​ដែល​មាន​ប្រមាណ​ពី​ ១ ៥០០ ​ដើម​ទៅ​ ២ ០០០ ​ដើម​។ ឈើ​ទាំងនោះ​នឹង​ត្រូវ​ដាំ​អម​សងខាង​ផ្លូវ ចន្លោះ​ពី​គ្នា ប្រមាណ ៨ ​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​ ២១៧ ក្នុង​ខណ្ឌដង្កោ​។ ចាប់ផ្ដើម​ដាំ​ពី​ផ្លូវ​ចូល​មជ្ឈមណ្ឌល​ជើងឯក រហូត​ដល់​រង្វង់មូល​កួរស្រូវ​ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល​លើ​ចម្ងាយ​ផ្លូវ​ប្រវែង​ ៧ ​គីឡូម៉ែត្រ​សងខាង​ (​ស្មើ​ ១៤ ​គីឡូម៉ែត្រ​)​។

លោក​បញ្ជាក់ថា​៖ «​យើង​គ្រោង​ចាប់ផ្ដើម​ដាំ​ដើមឈើ​ធ្នង់​នៅ​ថ្ងៃទី​ ៣ ខែ​កញ្ញា ​នេះ ដែល​មាន​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដង្កោ​។ អាជ្ញាធរ​ក៏​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែរ​។ ជាពិសេស​គឺ​យើង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជួយ​ថែរក្សា​ដើមឈើ​ដែល​ដាំ​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួកគាត់​ផង​។ ព្រោះ​ដើមឈើ​ខ្លះ​ត្រូវ​ដាំ​នៅក្បែរៗ​ផ្ទះ​គាត់​ដែរ​»​។

លោកស្រី គឹម ញឹប អភិបាល​ខណ្ឌដង្កោ​ពី​ម្សិលមិញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ដោយ​ថា កំពុង​ជាប់​រវល់​ប្រជុំ​។ ប៉ុន្ដែ​គេហទំព័រ​ក្រសួង​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោកស្រី​កាលពី​ថ្ងៃទី​ ១ កញ្ញា ឲ្យ​ដឹង​ថា​លោកស្រី​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​ដាំ​ដើមឈើ​ប្រណីតៗ​នៅតាម​បណ្តោយ​ផ្លូវ​ ២១៧ ​នេះ​។ លោកស្រី​អះអាង​ថា ការដាំ​ដើមឈើ​នេះ​អាច​ការពារ​បាន​នូវ​ការរំលោភ​ចំណីផ្លូវ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន និង​លើកកម្ពស់​បរិស្ថាន​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ផងដែរ​។

លោក​ សៀង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ការដាំ​ដើមឈើ​ធ្នង់​នេះ​ទេ​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៨ សីហា លោក​ ឃួង ស្រេង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌដង្កោ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ និង​មន្ទីរសាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវ​ចុះ​ណែនាំ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ ២១៧ ​នេះ​ចូលរួម​សហការ និង​ថែទាំ​ដើមឈើ​ដែល​បាន​ដាំ​នៅខាងមុខ​ផ្ទះ​របស់​ពួកគាត់​ឲ្យ​បាន​ល្អ​។

លោក​បន្តថា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​សិក្សា​ឲ្យ​បាន​ច្បាស់​មុន​ដាំ​ដើមឈើ​ទាំងនេះ​ដោយ​ត្រូវ​គិតគូរ​ឲ្យ​បាន​រួចរាល់​អំពី​ទំហំ​នៃ​គម្រោង​ពង្រីក​ផ្លូវ​ខាងលើ និង​គិតគូរ​ពី​ការដាក់​ប្រព័ន្ធ​លូ​ឲ្យ​ហើយ​ស្រេច​។ ចៀសវាង​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​ដែល​អាច​ឈានដល់​ការកាប់​ដើមឈើ​ចោល​វិញ គឺ​ពិតជា​គួរ​ឲ្យ​ស្ដាយ​។

កាលពី​ឆ្នាំ​ ២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាំ​ដើមឈើ​ប្រណីតៗ​នៅតាម​បណ្តោយ​ផ្លូវ​ ៦០ ​ម៉ែត្រ​ (​មហាវិថី​សម្ដេចតេជោ​ ហ៊ុន សែន​) ​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ​បាន​ចំនួន​ ១៥ ០០០ ​ដើម​។ នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក​បាន​ចំនួន​ ៣០០ ​ដើម​ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​កំបូល បាន​ដាំ​រួច​មាន​ចំនួន​ ៥០០ ​ដើម និង​នៅ​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​មាន​ចំនួន​ ៣០០ ​ដើម​។ ​ដើមឈើ​ដែល​បាន​ដាំ​តាំងពី​មុន​ក្នុង​រាជធានី-ភ្នំពេញ​មាន​សរុប​ប្រមាណ​ជាង​ ៥ ​ម៉ឺន​ដើម​៕