សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​យុទ្ធនាការ​ដាំ និង​ចែកចាយ​ដើមឈើ ចំនួន​ ១១ ​ម៉ឺន​ដើម​ ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​សម្រាប់​ឆ្នាំនេះ​ដែល​នឹង​ចាប់ផ្តើម​ក្នុង​រដូវវស្សា​ខាងមុខ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែម​ទៀត​ដោយ​កាលពី​ឆ្នាំ​ ២០១៩ ដាំ​ដើមឈើ​បាន​ជាង​ ៧ ​ម៉ឺន​ដើម​។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​កាលពី​ថ្ងៃទី​ ៣ ​ឧសភា​។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុទ្ធនា​ការដាំ និង​ចែកចាយ​ដើមឈើ​ចំនួន​ ១១ ​ម៉ឺន​ដើម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​នឹង​យក​កូនឈើ​ពី​ស្ថានីយ​បណ្ដុះ​កូនឈើ​ចំនួន​ ៤ ​ទីតាំង​។

ទី​១ គឺ​ស្ថានីយ​បណ្ដុះ​កូនឈើ​ ៨ ​ហិកតា​ដែល​បណ្ដុះ​កូនឈើ​ប្រណីត​ ៤ ​ប្រភេទ​មាន​ដើម​បេង គ្រញូង ច្រេះ និង​ធ្នង់​។ ទី​២ ស្ថានីយ​បណ្ដុះ​កូនឈើ​ប្រាសាទ​តាកែវ​ដែល​បណ្ដុះ ប្រភេទ​កូនឈើ​លេខ​ ១ លេខ​ ២ លេខ​ ៣ និង​ក្រៅ​លំដាប់ថ្នាក់​។ ទី​៣ ស្ថានីយ​បណ្ដុះ​កូនឈើ​មណ្ឌល​ ៣ ដែល​បណ្ដុះ​ប្រភេទ​ឈើ​លម្អ និង​ប្រភេទ​ឈើ​ព្រៃ​ហូប​ផ្លែ និង​ទី​៤ ស្ថានីយ​បាឡុង បណ្តុះ ថែទាំ និង​ផ្សាំកូនឈើ​បន្តវេន​គ្រប់​ប្រភេទ​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​យើង​បណ្ដុះ​កូនឈើ​គ្រប់​ប្រភេទ​រយៈពេល​ ១ ​ឆ្នាំ​ទើប​យើង​យក​ទៅ​ដាំ​។ ក្នុង​ឆ្នាំ​ ២០២០ ​នេះ​គឺ​យើង​នឹង​បន្ត​យុទ្ធនាការ​ដាំ​កូនឈើ​ ១១ ​ម៉ឺន​ដើម​នេះ​ឲ្យ​អស់​តែម្ដង​។ ឥឡូវ​នៅពេល​ភ្ញៀវទេសចរ​អញ្ជើញ​មកលេង​រមណីយដ្ឋាន​អង្គរ​គឺ​បានឃើញ​ដើមឈើ​ខៀវ​ស្រងាត់​តែម្ដង​។ ក្នុង​រដូវប្រាំង​នេះ​ក្រុម​ការងារ​យើង​បាន​ជម្នះ​ខិតខំ​ស្រោច​ទឹក ដើម្បី​ឲ្យ​ដើមឈើ​អាច​រស់​បានល្អ​»​។

អ្នកនាំពាក្យ​រូបនេះ​លើក​ឡើង​ថា យុទ្ធសាស្ដ្រ​នៃ​ការដាំ​ដើមឈើ​នេះ ព្រោះ​ដើមឈើ​គឺជា​ផ្នែក​មួយ​នៃ​តម្លៃ​សកល​សម្រាប់​បេតិកភណ្ឌ​អង្គរ​។ បើសិន​ជា​មិនមាន​ព្រៃឈើ​ក៏​អាច​បាត់បង់​នូវ​តម្លៃ​ជា​បេតិកភណ្ឌ​នៃ​រមណីយដ្ឋាន​អង្គរ​ដែរ​។

លោក​ថា​៖ «​ព្រៃឈើ​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការប្រមូល​ទឹក និង​ការអភិរក្ស ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​មនុស្ស​។ ដើមឈើ​អាច​ជួយ​បន្ថយ​នូវ​ល្បឿន​នៃ​ខ្យល់​កាត់បន្ថយ​ការសឹករេចរឹល​នៃ​ថ្ម​ប្រាសាទ​​ផងដែរ​។ ដើមឈើ​គឺជា​ប្រភព​នៃ​ការទាក់ទាញ​ទឹក ព្រោះ​ទឹក​គឺជា​ចំណុច​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​លំនឹង​នៃ​ប្រាសាទ​ផងដែរ​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​បណ្ដុះ និង​ថែទាំ​កូនឈើ​ទាំងនោះ​ត្រៀម​សម្រាប់​ដាំ​នា​រដូវវស្សា​ខាងមុខនេះ​។

លោក​ ឡី គឹមស៊ី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​ និង​ជា​អ្នកទទួលបន្ទុក​ការងារ​បណ្ដុះ​កូនឈើ និង​ដាំ​ឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ដែរ​ថា ស្ថានីយ​បណ្ដុះ​កូនឈើ​ទាំង​ ៤ របស់​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការបណ្ដុះ​កូនឈើ​ចម្រុះ​សម្រាប់​ត្រៀម​ដាំ​ក្នុង​ឆ្នាំ​នេះ​។ លោក​បន្តថា កូនឈើ​សរុប​មាន​ចំនួន​ ១១ ​ម៉ឺន​ដើម ត្រៀម​ដាំ និង​ចែកចាយ​ក្នុង​ខែវស្សា​ខាងមុខ​នេះ​មាន​ទាំង​ប្រភេទ​ដើមឈើ​ប្រណីត ដើមឈើ​លម្អ និង​ប្រភេទ​ដើមឈើ​ព្រៃ​ហូប​ផ្លែ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ ល្អប្រសើរ​ឡើងវិញ​នោះ នឹង​មាន​ការរៀបចំ​កម្មវិធី​ធំៗ​ដែល​ចូលរួម​ពី​មហាជន​ខាងក្រៅ​ក្នុង​ការចូលរួម​យុទ្ធនាការ​ដាំ​ដើមឈើ​ ១១ ​ម៉ឺន​ដើម​នេះ​។ ប៉ុន្ដែ​ប្រសិន​​បើ​ស្ថានការណ៍​ដូច​សព្វថ្ងៃនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ដាំ​កូនឈើ​ជា​លក្ខណៈ​ផ្ទៃក្នុង​ទៅតាម​គោលដៅ​ដែល​បាន​គ្រោង​ទុក​តែម្ដង​»៕