ភ្នំពេញៈ មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​តំណាង​រដ្ឋាភិបាល​អះអាង​កាលពី​ម្សិលមិញ​ថា ក្រុម​មេធាវី​ការពារ​លោក កឹម សុខា ព្យាយាម​សួរ​សំណួរ​ដែល​ផ្ដល់ឱកាស​ឲ្យ​លោក កឹម សុខា ធ្វើ​សេចក្ដី​ថ្លែងការណ៍ និង​សន្និដ្ឋាន​នៅក្នុង​សវនាការ​ដែល​ប្រាសចាក​ពី​នីតិវិធី​។

លោក គី តិច មេធាវី​តំណាង​រដ្ឋាភិបាល​ថ្លែង​ដូច្នេះ​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង​ក្បត់ជាតិ​ដែល​ចោទ​លើ​លោក កឹម សុខា ពេញ​ ១ ​ព្រឹក​។

លោក គី តិច បាន​ថ្លែងថា​៖ «​នីតិវិធី​ថ្ងៃនេះ​ត្រូវ​សួរ​ទៅ​ជនជាប់ចោទ ប៉ុន្តែ​មេធាវី​គាត់​បង្កើត​សំណួរ​ទី​ ១ ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ជនជាប់ចោទ​ធ្វើ​អត្ថាធិប្បាយ ធ្វើ​សេចក្ដី​ថ្លែងការណ៍​នយោបាយ ធ្វើ​សេចក្ដី​សន្និដ្ឋាន​។ ​អ៊ីចឹង​កន្លែង​នេះ​ត្រូវបាន​ជំទាស់​ហើយ​ព្រោះ​សំណួរ​គាត់​រំលោភ​លើ​នីតិវិធី វា​ខុសពី​កម្មវត្ថុ​ដែល​ត្រូវធ្វើ​នាពេលនេះ​»​។

លោក​បន្តថា​៖ «​សំណួរ​ខ្លះ គាត់​សុំ​សួរ​បក​ទៅ​តំណាង​អយ្យការ គាត់​សុំ​សួរ​បក​មក​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​វិញ​។ អាហ្នឹង​ក៏​វា​រំលង​នីតិវិធី ប្រាសចាក​ពី​កម្មវត្ថុ​។ អ៊ីចឹង​សំណួរ​ហ្នឹងហើយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់ថា គាត់​បង្កើត​សំណួរ​ដែល​ផ្ទុយ​ពី​ច្បាប់​កំណត់​ដល់​ពេល​គេ​ឃាត់​ទៅ​គាត់​ចោទថា ចៅក្រម​លម្អៀង​សិទ្ធិ​»​។

លោក គី តិច បញ្ជាក់ថា​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ការជជែក​គ្នា​តឹងតែង​ពាក់ព័ន្ធ​នឹង​ការដាក់​សំណួរ​ដែល​មាន​ចេតនា​ធ្វើឲ្យ​ក្រុមប្រឹក្សា តំណាង​អយ្យការ​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជំទាស់ និង​ធ្វើឲ្យ​សាធារណជន​ដែល​ចូលរួម​សវនាការ វាយតម្លៃ​ខុស​ទៅ​លើ​ការផ្ដល់​សិទ្ធិ​។

លោក​បញ្ជាក់ថា ការព្យាយាម​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នេះ​ខុស​នឹង​នីតិវិធី​ពីព្រោះ​ដំណាក់កាល​សន្និដ្ឋាន​ត្រូវ​បាន​ទុក​នៅ​ចុងក្រោយ​។ លោក គី តិច ក៏បាន​បញ្ជាក់​ចំពោះ​ឈ្មោះ​ប្រទេស​ចំនួន​ ៩ ដែល​លោក​បាន​លើកឡើង​កាលពី​ថ្ងៃ​ពុធ​នោះ​ថា​មិនមែន​បានន័យថា ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទេ ប៉ុន្តែ​គឺជា​ប្រទេស​មាន​ឈ្មោះ​លើកឡើង​នៅក្នុង​សំណុំរឿង​។

ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក គី តិច សហមេធាវី​លោក​ កឹម សុខា លោកស្រី ម៉េង សុភារី ​ថ្លែងថា សំណួរ​ដែល​ក្រុម​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា លើកឡើង​គឺជា​សំណួរ​សំខាន់​។ លោកស្រី​សួរ​ប្រមាណ​តែ ៣ សំណួរ ប៉ុន្តែ​ភាគី​ដើមបណ្ដឹង​បាន​សួរ​ជាច្រើន​សំណួរ​។

លោកស្រី​ថ្លែងថា​៖ «​សំណួរ​ខ្ញុំ​គ្រាន់តែ​សួរ​កូនក្ដី​ខ្ញុំ​ថា ឯកឧត្តម​បាន​មានប្រសាសន៍​ថា វីដេអូ​ដែល​តំណាង​អយ្យការ​យក​មក​ធ្វើ​មូលដ្ឋាន​ក្នុង​ការចោទប្រកាន់ និង​បានដាក់​បញ្ចាំង​កាលពី​ម្សិលមិញ ជា​វីដេអូ​មិន​ត្រឹមត្រូវ និង​មាន​ការកាត់​ជា​កង់ៗ ហើយ​ការតជាប់​គ្នា តើ​ត្រង់​ចំណុច​ណា ហើយ​ពាក្យសម្ដី​អ្វីខ្លះ​ដែល​ឯកឧត្តម​គិតថា សំខាន់​ហើយ​ត្រូវបាន​កាត់ចោល​។ នេះ​ជា​សំណួរ​សំខាន់ តើ​សំណួរ​នេះ​មិនត្រូវ​មែន​ទេ​?»​។

លោកស្រី​បន្តថា នៅពេល​លោកស្រី​លើក​សំណួរ​នេះ​ភ្លាម មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​ជំទាស់​ភ្លាម ហើយ​មេធាវី​ដើមបណ្ដឹង​បាន​សួរ​ទៅ​លោក កឹម សុខា ដោយ​ឲ្យ​លោក កឹម សុខា ឆ្លើយ​ឲ្យ​ចំ​សំណួរ​។ លោកស្រី​ថា លោក កឹម សុខា មិន​បាន​លើក​សារ​នយោបាយ​អ្វី​នៅក្នុង​សវនាការ​ទេ គឺ​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​ត្រូវ​បាន​សួរ​ប៉ុណ្ណោះ​។

បើ​តាម​ក្រុម​មេធាវី​លោក កឹម សុខា សវនាការ​ពី​ម្សិលមិញ​បាន​ជជែក​ដេញដោល​លើ​ដំណាក់កាល​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៣ ដល់​ ២០០៧ ហើយ​ក្នុង​សវនាការ​នេះ​លោក​ សុខា ក៏​បញ្ជាក់ថា លោក​មិន​បាន​នាំ​បរទេស​ណា​មក​ធ្វើ​ទង្វើ​ទាំងឡាយ​ណា​ដែល​ធ្វើឲ្យ​បាត់បង់​ផលប្រយោជន៍​ប្រទេសជាតិ​ទេ​។

បើ​តាម​លោកស្រី ម៉េង សុភារី លោក កឹម សុខា បាន​បញ្ជាក់​ប្រាប់​តុលាការ​អំពី​ភាពស្រប​ច្បាប់​របស់​ស្ថាប័ន​ដែល​លោក​ដឹកនាំ​នាពេល​នោះ​ដូចជា ការបង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ក៏ដូចជា​តួនាទី​របស់​លោក​នៅ​រដ្ឋសភា​។

លោកស្រី​បញ្ជាក់ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​កាល​នោះ បាន​ទទួល​ជំនួយ​ពី​អង្គការ IRI របស់​សហរដ្ឋអាមេរិក​ដែល​ជា​អង្គការ​ស្របច្បាប់​មាន​ការទទួល​ស្គាល់​ផ្លូវការ ហើយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏​ជា​អង្គការ​ស្របច្បាប់​ដែល​បណ្ដុះបណ្ដាល​ពលរដ្ឋ​អំពី​សិទ្ធិមនុស្ស​។

លោកស្រី​ថា IRI ក៏​ធ្លាប់​ផ្ដល់ជំនួយ​ដល់​ស្ថាប័ន​ខ្លះ​នៃ​រដ្ឋាភិបាល​ផងដែរ​។ ក្រៅពី​នេះ​លោកស្រី​ក៏បាន​ច្រានចោល ការយក​វីដេអូឃ្លីប​មក​ធ្វើជា​អង្គហេតុ សម្រាប់​ចោទប្រកាន់​លោក កឹម សុខា ​ដោយ​ថ្លែងថា​៖ «​នៅក្នុង​សវនាការ​ទាំង​តំណាង​អយ្យការ ទាំង​មេធាវី តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី​បញ្ជាក់ថា អង្គហេតុ គឺ​យក​ចេញពី​វីដេអូ​គឺ​វីដេអូ​របស់​តុលាការ​។ ខ្ញុំ​សុំ​បញ្ជាក់​ថា នៅក្នុង​រឿង​ព្រហ្មទណ្ឌ អង្គហេតុ​មិន​អាច​យកចេញ​ពី​វីដេអូ​ទេ អង្គហេតុ​ត្រូវ​ជា​អំពើ​ល្មើស​ពិតប្រាកដ មិនអាច​គ្រាន់តែ​ឮសូរ​អ្នក​ណា​និយាយ​ម្នាក់ ហើយ​ថា​នោះ​ជា​អង្គហេតុ​នៃ​បទល្មើស​កើតឡើង​ទេ​»​។ «​ការចោទប្រកាន់​ពី​បទល្មើស​សន្ទិដ្ឋភាព​ជាមួយ​បរទេស ទាល់តែ​យើង​មាន​ឯកសារ​សម្ងាត់ កិច្ចសន្យា ឬ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​។ យើង​ទៅរក​ឯកសារ​នោះមក​ចោទ​គេ​មិនមែន​យកតែ​ឯកសារ​គេ​ញ៉ាំ​បាយ​ហើយ​ចោទ​ថា សន្ទិដ្ឋភាព​បានទេ​»​។

ស្រដៀង​គ្នា​នេះ​លោក ផែង ហេង សហមេធាវី​ម្នាក់ទៀត​ការពារ​ក្ដី​លោក កឹម សុខា បាន​លើកឡើង​ថា វីដេអូ​ដែល​លោក កឹម សុខា ថ្លែង និង​ជា​មូលដ្ឋាន​នៃ​ការចោទប្រកាន់​នេះ គឺ​គ្រាន់តែ​ជា​ភ័ស្តុតាង​ប៉ុណ្ណោះ​មិនមែន​ជា​អង្គហេតុ​ទេ​។ បើ​យោងតាម​មេធាវី ចៅក្រម កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេច​មិន​បន្ត​សវនាការ​នាពេល​រសៀល​ដូច​ការគ្រោងទុក​ទេ ដោយ​ទុកពេល​ឲ្យ​ភាគី​មេធាវី​ដាក់​ឯកសារ​ភ័ស្តុតាង​ពាក់ព័ន្ធ​បន្ថែម ហើយ​សវនាការ​នឹង​បន្ត​នៅ​ថ្ងៃទី​ ២២ និង​ ២៣ ​ខែ​មករា​សប្ដាហ៍​ក្រោយ​៕