ភ្នំពេញៈ ដើម​បណ្តឹង​ប្រមាណ ៩០០ នាក់​បាន​ចូលរួម​នៅ​ក្នុង​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​វិនិយោគ​មួយ​ឈ្មោះ Empire Big Capital ដែល​ត្រូវ​បាន​គេ​ជឿ​ថា បាន​បោកប្រាក់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់​នាក់​ដែល​មាន​ទឹកប្រាក់​រហូត​ដល់ ៤០០ លាន​ដុល្លារ​ហើយ​បណ្តឹង​ច្រើន​ទៀត​នឹង​ចូលរួម​នៅ​ក្នុង​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ​នា​សប្តាហ៍​ខាង​មុខ​។

គិត​មក​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​មុន ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់ ៩១ នាក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។ នេះ​បើ​តាម​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម​។

លោក ខែម បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​ជឿ​ថា​មាន​មនុស្ស​ច្រើន​ជាង ១០០ នាក់​នៅ​ក្នុង​ខេត្ត​នេះ​ដែល​ជា​ជនរងគ្រោះ​ពី​ការ​បោកប្រាស់​របស់​ក្រុមហ៊ុន​នេះ​»​។

ក្រុមហ៊ុន EBC បាន​សន្យា​ផ្តល់​នូវ​ការ​ប្រាក់​ចំនួន ១០ ភាគរយ​នៃ​ប្រាក់​វិនិយោគ​អប្បបរមា ២០០០ ​ដុល្លារ​ហើយ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​បាន​ចាញ់​បោក​។

លោក លីវ សុវណ្ណា ដែល​ជា​មេធាវី​របស់​ជនរងគ្រោះ​បាន​ថ្លែង​ថា​ ​ម្នាក់ៗ​បាន​បាត់បង់​ប្រាក់​យ៉ាង​ហោច​ណាស់ ១០០០ ដុល្លារ​នៅ​ក្នុង​គម្រោង Ponzi ខណៈ​ដើមបណ្តឹង​ម្នាក់​បាន​បាត់បង់​ប្រាក់​រហូត​ដល់ ១៥០ ០០០ ដុល្លារ​។ លោក​បន្ត​ថា​៖ «​ដោយសារ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា​ពួកគេ​ទទួល​បាន​ប្រាក់​ស្រួលៗ ពួកគេ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ និង​ចងការ​គេ​។ គ្មាន​នរណា​ម្នាក់​គេច​ផុត​ពី​គម្រោង​បោកប្រាស់​នេះ​ទេ​»​។

លោក សុវណ្ណា បាន​ថ្លែង​ថា​ក្រុម​របស់​លោក មាន​គ្នា​ ៥ ​នាក់​បាន​ប្រមូល​បណ្តឹង និង​ភ័ស្តុតាង​រួច​ហើយ​ពី​ខេត្ត​ចំនួន ១០ ក្នុង​ប្រទេស​កម្ពុជា​។

ដោយ​សង្ឃឹម​ថា​នឹង​ដាក់​បណ្តឹង​នេះ​នៅ​ត្រឹម​ពាក់​កណ្តាល​ខែ​មករា​ក្រុម​នេះ​នឹង​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម សៀមរាប កំពង់ធំ និង​ឧត្តរមានជ័យ​​នា​សប្តាហ៍​ក្រោយ​។

ខណៈ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ថ្នាក់​ទាប​ចំនួន​ ២ ​នាក់​រួម​មាន​ប្រធាន​រដ្ឋបាល និង​ប្រធាន​គណនេយ្យ​អ្នក​ដែល​ដើរតួ​សំខាន់​​នៅ​ក្នុង​ផែនការ​បោកប្រាស់​នេះ​រួម​មាន សៀន តាន់ ប្រធាន​ក្រុមហ៊ុន EBC និង Chi Gosaly នៅ​ក្រុមហ៊ុន Asian Investment Fund និង ហួត សុវណ្ណ និង​ ឡុង សម្បត្តិ នៅ​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​។

លោក សុវណ្ណា បាន​ថ្លែង​ថា​៖ «​ពួកគេ​បាន​គេច​ចេញ​ពី​ប្រទេស​។ នគរបាល​ដឹង​ថា​ពួកគេ​នៅ​កន្លែង​ណា​ឥឡូវ​នេះ​។ ឥឡូវ​នេះ​នគរបាល​កំពុង​ស្នើសុំ​ជំនួយ​ពី​នគរបាល​អន្តរជាតិ​»​។

លោក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​សន្តិសុខ​កណ្តាល​នៃ​ក្រសួង​មហាផ្ទៃ និង​អ្នក​នាំពាក្យ​ក្រសួង​លោក ខៀវ សុភ័គ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​៕ PS