ភ្នំពេញ: អាជ្ញាធរបានផ្អាកការដ្ឋានសំណង់អគារ Gold Tower ៤២ របស់ក្រុមហ៊ុន Yon Woo Cambodia Co. Ltd បន្ទាប់ពីមានករណីធ្លាក់ដែកពីលើអគារមកត្រូវចំរថយន្តទំនើប ១ គ្រឿង នៅចំណុចក្បែរសំណង់អគារ ដែលស្ថិតនៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកងកាលពីថ្ងៃទី ២០ ខែវិច្ឆិកានេះ ប៉ុន្ដែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

លោក សារិន បញ្ញា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ពីម្សិលមិញថា អាជ្ញាធរជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធររាជធានីភ្នំពេញបានសម្រេចផ្អាកការដ្ឋានសំណង់នេះបណ្ដោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់ការដ្ឋានរៀបចំប្រព័ន្ធការពារសុវត្ថិភាពជាថ្មីម្ដងទៀត ព្រោះវាជាករណីលើកទី ២ ហើយ។

លោកបន្តថា ការតម្រូវឲ្យរៀបចំប្រព័ន្ធសុវត្ថិភាពម្ដងទៀតនេះគឺម្ចាស់ការដ្ឋានត្រូវរៀបចំសំណាញ់ហ៊ុមព័ទ្ធអគារឲ្យបានត្រឹមត្រូវ និងធានាមិនឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរអគារ និងអ្នកដំណើរនានា។ ជាពិសេសត្រូវអប់រំកម្មករ និងបុគ្គលិករបស់ខ្លួនពីក្រមសីលធម៌ និងសុវត្ថិភាពការងារផងដែរ។

លោក បញ្ញា បញ្ជាក់ថា៖ «ខ្ញុំយល់ថា ការដ្ឋានសំណង់ហ្នឹងវាទុកចោលយូរពេក ដូច្នេះវាមានការពុកដែក ឬខ្សែយោងមួយចំនួន អ៊ីចឹងយើងត្រូវឲ្យគាត់ធ្វើការកែតម្រូវប្រព័ន្ធសុវត្ថិភាពម្ដងទៀត។ មុនពេលកើតហេតុនេះគឺមិនមានកម្មករកំពុងធ្វើការនៅកន្លែងដែកធ្លាក់មកហ្នឹងទេ ហើយក៏គ្មានខ្យល់ភ្លៀងអ្វីដែរ។ អ៊ីចឹងយើងបានពិនិត្យមើលហើយ គឺដែកហ្នឹងវាពុកផុយ ទើបវាដាច់ធ្លាក់មកបែបនេះ ប៉ុន្ដែវាមិនមានគ្រោះថ្នាក់ដល់មនុស្សទេ»។

លោក ធឹម សំអាត អភិបាលខណ្ឌបឹងកេងកងបានថ្លែងពីម្សិលមិញថា លោកបានទៅដល់កន្លែងកើតហេតុនេះដែរ ដោយមន្ត្រីជំនាញបានអញ្ជើញម្ចាស់រថយន្ត និងម្ចាស់ការដ្ឋានសំណង់អគារ ៤២ ជាន់នេះមកដោះស្រាយ និងសម្របសម្រួលគ្នា ប៉ុន្ដែពួកគាត់នៅបន្តជជែកដោះស្រាយគ្នានៅឡើយ ដោយលោកមិនទាន់បានដឹងពីទំហំខូចខាតរថយន្ត និងតម្លៃនៃការផ្ដល់សំណងទៅម្ចាស់រថយន្តទេ។

លោកបន្តថា ខណៈនេះអាជ្ញាធរបានសម្រេចផ្អាកការដ្ឋានសំណង់នេះជាបណ្ដោះអាសន្នសិន ដោយតម្រូវឲ្យគាត់កែតម្រូវប្រព័ន្ធសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដំណើរការការដ្ឋាន ព្រោះករណីនេះជាលើកទី ២ ហើយដែលអគារនេះបានធ្លាក់ដែកមកលើរថយន្តអ្នកដំណើរ។

លោក សំអាត បញ្ជាក់ថា៖ «ឥឡូវនេះ ភាគីខាងម្ចាស់រថយន្ត និងម្ចាស់ការដ្ឋានកំពុងជួបគ្នាដោះស្រាយហើយ តែចំណែកការដ្ឋានសំណង់យើងបានផ្អាកបណ្ដោះអាសន្នសិន ដើម្បីគាត់កែតម្រូវបច្ចេកទេសការពារសុវត្ថិភាព បើមិនអ៊ីចឹងទេ យើងអត់ឲ្យគាត់បន្តធ្វើអគារហ្នឹងទៀតទេ»។

តំណាងក្រុមហ៊ុន Yon Woo Cambodia Co. Ltd ដែលជាម្ចាស់ការដ្ឋានសំណង់អគារ Gold Tower ៤២ ជាន់នេះពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីបានទេ។

លោក សួ ឆ្លូញ មន្ត្រីទំនាក់ទំនងនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានថ្លែងថា បញ្ហាធ្លាក់ដែក និងធ្លាក់សម្ភារសំណង់ផ្សេងៗពីលើអគារកំពុងសាងសង់បានកើតឡើងជាញឹកញាប់ ប៉ុន្ដែរហូតមកដល់ពេលនេះនៅតែបន្តកើតមានដដែលៗដោយសារខ្វះខាតការត្រួតពិនិត្យរបស់មន្ត្រីជំនាញ និងម្ចាស់ការដ្ឋានសំណង់មួយចំនួន។ ម្ចាស់ការដ្ឋានសំណង់មិនត្រឹមតែត្រូវគិតគូរពីសុវត្ថិភាពរបស់កម្មករខ្លួនទេ ថែមទាំងត្រូវគិតគូរពីសុវត្ថិភាពដល់អ្នកដំណើរ ឬពលរដ្ឋដែលរស់នៅក្បែរអគារដែលកំពុងសាងសង់ដែរ។ ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការត្រួតពិនិត្យទៅលើការដ្ឋានទាំងអស់ ព្រោះកត្តាសុវត្ថិភាពរបស់កម្មករ អ្នកដំណើរក្បែរការដ្ឋាន និងពលរដ្ឋរស់នៅក្បែរអគារកំពុងសាងសង់ ជារឿងសំខាន់ណាស់។

លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា មន្ត្រីអធិការកិច្ចការងារដែលពួកគាត់ចុះទៅឆែក តាមដានពីគុណភាព ឬសុវត្ថិភាពកម្មករនោះគឺមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ហើយកម្មករសំណង់ដែលកំពុងធ្វើការតាមការដ្ឋានមួយចំនួនទៀត ក៏មិនទាន់មានសម្ភារគ្រប់គ្រាន់ដែរ។ អ៊ីចឹងមន្ត្រីពាក់ព័ន្ធគួរពិនិត្យលើចំណុចនេះម្ដងទៀត ហើយធ្វើការកែតម្រូវ»។ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ នេះក៏ធ្លាប់ធ្លាក់ដែកជាង ១ ម៉ែត្រពីលើអគារ ៤២ ជាន់មកជង់ទម្លុះរថយន្ត ១ គ្រឿងបណ្ដាលឲ្យរងការខូចខាតកញ្ចក់មុខ និងដំបូលម៉ាស៊ីនដែលចតនៅចិញ្ចើមផ្លូវខាងមុខហាងមួយនៅក្បែរអគារ ប៉ុន្ដែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕