
រថយន្តដឹកឈើខុសច្បាប់នៅខេត្តក្រចេះ ក្រោយសមត្ថកិច្ចចាប់បានកាលពីឆ្នាំ ២០១៤។ រូបថត សហការី
ក្រចេះ/បាត់ដំបងៈ ដែនជម្រកសត្វព្រៃស្នួល និងរនាមដូនសំដែលបង្កើតដោយព្រះរាជក្រឹត្យទំហំជាង ១១ ម៉ឺនហិកតាក្នុងខេត្តក្រចេះ និងបាត់ដំបងត្រូវបានលុបចោលកាលពីខែមុន ក្រោយពីដីទាំងនោះត្រូវបានកាន់កាប់ និងអភិវឌ្ឍដោយពលរដ្ឋ។
ការលុបចោលដែនជម្រកសត្វព្រៃនេះត្រូវបានធ្វើឡើងតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះដែលចុះហត្ថលេខាដោយលោក សយ សុខា អគ្គលេខាធិការរាជរដ្ឋាភិបាល។ ដែនជម្រកសត្វព្រៃស្នួលក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំក្នុងខេត្តបាត់ដំបង និងផ្នែកខ្លះនៅបន្ទាយមានជ័យត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យកាលពីឆ្នាំ ១៩៩៣ និងឆ្នាំ ២០០៣។
ព្រះរាជក្រឹត្យនេះត្រូវបានប្រថាប់ត្រាចូលក្រសួងបរិស្ថានកាលពីថ្ងៃពុធសប្តាហ៍មុន ហើយមួយថ្ងៃក្រោយមកក៏ត្រូវបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានផងដែរ។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ថា៖ «ត្រូវរំសាយដែនជម្រកសត្វព្រៃស្នួលដែលមានផ្ទៃដី ៧៥ ០០០ ហិកតាចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ដែលបានកំណត់តំបន់ការពារធម្មជាតិ» និង «ត្រូវរំសាយដែនជម្រកសត្វព្រៃរនាមដូនសំដែលមានផ្ទៃដី ៣៩.៩៦១ ហិកតាចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០០៣»។
លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះឲ្យដឹងថាការបង្កើត និងរំសាយដែនជម្រកនេះក៏ធ្វើឡើងតាមរយៈព្រះរាជក្រឹត្យដែរ ហើយការសម្រេចរំសាយដោយសារតែដីដែនជម្រកសត្វព្រៃស្នួលនេះបានបាត់បង់អស់។
លោកថ្លែងថា៖ «បើអត់អស់ ក៏អត់រំសាយដែរ។ រឿងចង់និយាយថា ដីហ្នឹងនិយាយឲ្យចំទៅ ការរំសាយនេះដោយសារតែដីហ្នឹងវាអស់ ប្រជាពលរដ្ឋគាត់ទន្ទ្រានយកអស់។ បើអស់ហើយ យើងនៅទុកធ្វើអីទៀត»។
លោក ដួងសាវុធ លើកឡើងថាការគ្រប់គ្រងដែនជម្រកនេះមានការលំបាកដោយសារតែខ្វះកម្លាំងមន្ត្រីឧទ្យានុរក្ស ខណៈដែលពលរដ្ឋដែលទន្ទ្រានយកដីបានបញ្ចេញសកម្មភាពសាហាវដាក់កម្លាំងអាជ្ញាធរ។ លោកក៏បានថ្លែងសំដៅទៅលើការទន្ទ្រានយកដីនៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់នៅឃុំ ២ ធ្នូ ស្រុកស្នួល ដែលបណ្តាលឲ្យផ្ទុះអំពើហិង្សាកាលពីសប្តាហ៍មុន។
លោកបន្តថា ក្នុងករណីដែលអាជ្ញាធរបានរឹតបន្តឹងការគ្រង់គ្រងក៏ត្រូវបានចោទថា ការអនុវត្តច្បាប់ «មិនលើកលែង»។ ប៉ុន្តែបើមានការលើកលែងវិញ ក៏នៅតែត្រូវគេថា ការអនុវត្តច្បាប់មានភាពធូររលុង និងមានការឃុបឃិតគ្នាជាដើម។
លោកបញ្ជាក់ថា៖ «ការធ្វើខ្ញុំចង់និយាយថា វាជួបការលំបាកច្រើន។ ពាក់ព័ន្ធរឿងដីធ្លី ពលរដ្ឋសាហាវ។ គាត់យកយុទ្ធសាស្ត្រមួយឈ្នះបានដី ចាញ់បានលុយ។ ពលរដ្ឋដែលទន្ទ្រានដីហ្នឹងសាហាវមែនទែនតែម្តង។ គ្រប់កន្លែងមិនដឹងគាត់អាងអី ឬមានអ្នកនៅពីក្រោយរុញឲ្យកើតរឿងក៏មិនដឹង។ យើងកំពុងតែតាមដានបន្តទៀត»។
លោកប្រធានមន្ទីរមិនអាចប្រាប់បានពីចំនួនមន្ត្រីដែលធ្លាប់គ្រប់គ្រងនៅដែនជម្រកនេះទេ តែលោកឲ្យដឹងថា មន្ត្រីទាំងនោះត្រូវបានផ្ទេរទៅការពារនៅដែនជម្រកសត្វព្រៃកែវសីមាវិញ។ ទោះយ៉ាងណាលោកឲ្យដឹងថា កម្លាំងមន្ត្រីបរិស្ថាន ៣០ នាក់បានកំពុងតែព្យាយាមការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ និងកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះដែលមានផ្ទៃដីសរុបប្រមាណជា ១៦ ម៉ឺនហិកតា។
លោកនិយាយថា៖ «យើងមិនអាចគ្រប់គ្រងឲ្យសុក្រឹត ១០០% នោះទេ។ តែសំខាន់យើងត្រូវតែតស៊ូព្យាយាមគ្រប់គ្រងឲ្យបានតំបន់ដែលនៅសល់ទាំងប៉ុន្មាននោះ»។
ពលរដ្ឋក្នុងស្រុកស្នួលម្នាក់អាយុ ៥២ ឆ្នាំដែលសុំមិនប្រាប់ឈ្មោះបានទទួលស្គាល់ថា ពួកគាត់ជាពលរដ្ឋបានចូលកាប់ឆ្ការព្រៃនៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូមេមត់នោះមែន ដើម្បីយកទៅធ្វើកសិកម្មចិញ្ចឹមជីវិត។ ប៉ុន្តែលោកបានចោទប្រកាន់ផងដែរថា មានមន្ត្រីឧទ្យានុរក្សបរិស្ថានខ្លះក៏បានចាប់យកដីនៅក្នុងដែនជម្រកសត្វព្រៃស្នួលនោះដែរ មុនពេលដែលពួកគេផ្ទេរទៅកាន់កន្លែងផ្សេងប្រមាណជា ៥ ខែមុន។
លោកអះអាងថា៖ «ដីហ្នឹងអត់មានព្រៃទេ។ សុទ្ធតែដំណាំគ្រាន់តែបរិស្ថាននៅកន្លែងណាដីគាត់មាននៅកន្លែងហ្នឹង ដីយកខ្លួនឯងទៅដាំចេក ដាំអំពៅ»។
ប៉ុន្តែលោក ឆាយ ដួងសាវុធ បានបដិសេធការចោទប្រកាន់នេះដោយអះអាងថា៖ «គាត់ជាអ្នកគ្រប់គ្រង។ ឲ្យពួកគាត់ទៅយកម៉េចបាន បើទៅយកគឺខុសច្បាប់។ ការពិតយើងជាអ្នកការពារ។ ប៉ុន្តែបើសិនជាយើងបែរជាទៅយកដីហ្នឹងវិញ វាខុសបាត់ទៅហើយ»។ ទាក់ទងនឹងរឿងកាត់ដីដែនជម្រកនេះឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគវិញ លោកសុំឲ្យសួរទៅក្រសួងបរិស្ថាន។
ដោយឡែកលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងឲ្យដឹងថា ការរំសាយដែនជម្រកសត្វព្រៃរនាមដូនសំគឺ ក៏ដោយសារតែកំណើនពលរដ្ឋមានការកើនឡើងខ្លាំង ហើយចូលទៅកាន់កាប់នៅដែនជម្រកនេះ ដើម្បីរស់នៅ និងធ្វើកសិកម្ម។
លោក បូរ៉ាន់ ថ្លែងថា៖ «បច្ចុប្បន្នដីហ្នឹងត្រូវបានអាស្រ័យផលដោយពលរដ្ឋ។ ការអាស្រ័យផលក៏យូរហើយ ហើយអ៊ីចឹងមានតែរំសាយ ដើម្បីឲ្យលោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដីហ្នឹង»។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចទាក់ទងបានទេពីម្សិលមិញ ខណៈលោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានសុំមិនធ្វើអត្ថាធិប្បាយ។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃអង្គការសិទ្ធិមនុស្សអាដហុក និយាយថាអាជ្ញាធរមានសមត្ថកិច្ចមានតួនាទីអនុវត្តច្បាប់ដើម្បីការពារធនធានធម្មជាតិ។ ដូច្នេះមិនអាចបន្ទោសពលរដ្ឋបានទេនៅពេលមិនអាចការពារព្រៃបាន។
លោកក៏បានចាត់ទុកការរំសាយដែនជម្រកសត្វព្រៃនេះថាជា «អំពើនិទណ្ឌភាព និងគំរូមួយដ៏អាក្រក់» សម្រាប់ដែនជម្រកសត្វផ្សេងៗទៀតនៅពេលអ្នកគ្រប់គ្រងមិនបានទទួលខុសត្រូវតាមច្បាប់តែបែរជារំសាយដែនជម្រកចោលទៅវិញ។
លោកថា៖ «កុំបន្ទោសពលរដ្ឋ។ អ្នកដែលបានទទួលផលធំមិនមែនពលរដ្ឋទេគឺមន្ត្រីអ្នកមានអំណាច ក្រុមឧកញ៉ា និងអ្នកមានលុយ។ វាជាគំរូអាក្រក់ណាស់។ គំរូហ្នឹងនឹងមាននៅកន្លែងផ្សេងៗទៀត»៕