ស្វាយរៀងៈ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩ រោងចក្រ សហគ្រាសចំនួន ១៨ ត្រូវបានព្យួរការងារ និងប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតជាង ១០ ៦០០ នាក់ នៅក្នុងខេត្តស្វាយរៀង។ នេះបើយោងតាមលោក រស់ ផារិទ្ធ អភិបាលរងខេត្ដស្វាយរៀងបញ្ជាក់ពីម្សិលមិញ។
លោកថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដស្វាយរៀង» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃអង្គារថាអនុវត្ដតាមគោលនយោបាយបើកទូលាយ និងការលើកទឹកចិត្តដល់វិស័យវិនិយោគឯកជនរបស់រាជរដ្ឋាភិបាលធ្វើឱ្យខេត្ដស្វាយរៀងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។
លោក រស់ ផារិទ្ធ ថ្លែងថាបច្ចុប្បន្នខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ កន្លែង កំពុងដំណើរការ ៨ កន្លែង។ សរុបទូទាំងខេត្ដមានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន ២១៦ កន្លែង។ ក្នុងនោះរោងចក្រ សហគ្រាសមានចំនួន ១១៣ កន្លែងបានបង្កើត ការងារដល់ពលរដ្ឋជាង ៨ ម៉ឺននាក់។
លោកថ្លែងថា ប៉ុន្ដែបច្ចុប្បន្នដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ នាំឱ្យមានការប៉ះពាល់ដល់ដំណើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាពិសេសប៉ះពាល់ដល់ការងាររបស់បងប្អូនកម្មករនិយោជិតមួយចំនួន។
លោកអភិបាលរងឲ្យដឹងថា៖ «ជាក់ស្ដែងក្នុងខេត្តស្វាយរៀងមានរោងចក្រសហគ្រាសត្រូវបានព្យួរការងារ គិតត្រឹមថ្ងៃទី ២ ខែកក្កដា មានចំនួន ១៨ រោងចក្រ សហគ្រាស ប៉ះពាល់ដល់កម្មករនិយោជិតសរុប ១០ ៦២៨ នាក់»។
លោកអះអាងថា ជាដំណោះស្រាយចំពោះកម្មករដែលបាត់បង់ការងារធ្វើខាងលើនេះគឺរដ្ឋបាលខេត្តបានធ្វើឡើងតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលដូចជាការឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល ៤០ ដុល្លារ និងក្រុមហ៊ុន ៣០ ដុល្លារក្នុង ១ ខែដល់កម្មករសរុប ៨ ២០២ នាក់ក្នុងចំណោមកម្មករជាង ១ ម៉ឺននាក់ខាងលើ។
លោក រស់ ផារិទ្ធ បន្ថែមថា បើសិនជាកម្មករទាំងអស់ដែលបាត់បង់ការងារធ្វើនេះ ធ្លាក់ខ្លួនក្រីក្រ រដ្ឋាភិបាលក៏បានឧបត្ថម្ភជាសាច់ប្រាក់តាមរយៈបណ្ណក្រីក្រថែមទៀត។
លោកបញ្ជាក់ថា៖ «ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនេះក្នុង ១ គ្រួសារអាចទទួលបានប្រាក់ឧបត្ថម្ភយ៉ាងតិចបំផុត ១២ ម៉ឺនរៀល ក្នុង ១ គ្រួសារ និងអាចឡើងរហូតដល់ជាង ២០ ម៉ឺនរៀល ក្នុង ១ គ្រួសារក៏មាន ដោយអាស្រ័យទៅលើសមាជិក និងស្ថានភាពជាក់ស្ដែងនៃគ្រួសារក្រីក្រនោះ។ ក្រៅពីនេះកម្មករដែលបាត់បង់ការងារក៏អាចបែរទៅធ្វើស្រែចម្ការ ដាំដំណាំ បន្លែ និងចិញ្ចឹមសត្វ ដើម្បីចិញ្ចឹមជីវិតក៏បានដែរ»។
យោងតាមរបាយការណ៍ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដស្វាយរៀង» ដែលផ្សព្វផ្សាយក្នុងសន្និសីទពីម្សិលមិញបង្ហាញថា ខេត្ដនេះចែកចេញជា ២ ក្រុង ៦ ស្រុក ៦៨ ឃុំ ១២ សង្កាត់ ៦៩០ ភូមិ។ មានប្រជាពលរដ្ឋសរុបចំនួន ៦៤២ ៧១៣ នាក់ ស្រី ៣៣០ ៩១៥ នាក់ ស្មើនឹង ១៥២ ១៧៣ គ្រួសារ។
របាយការណ៍នេះបញ្ជាក់ថា ខេត្ដនេះមានច្រកទ្វារព្រំដែនចំនួន ៨ កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ ២ កន្លែង ច្រកទ្វារព្រំដែនទ្វេភាគី ២ កន្លែង និងច្រកទ្វារតំបន់ព្រំដែន ៤ កន្លែង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញពាណិជ្ជកម្មស្របតាមច្បាប់កំណត់។ ប៉ុន្ដែបច្ចុប្បន្នដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ច្រកទ្វារទាំងអស់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន៕