ភ្នំពេញៈ ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​ជំងឺ​កូវីដ​ ១៩ សាធារណរដ្ឋ​កូរ៉េ​នៅតែ​ព្រម​ទទួល​យក​ពលករ​កម្ពុជា​ឱ្យ​ធ្វើការ​នៅ​ប្រទេស​ខ្លួន ដោយសារ​និយោជក​ពេញចិត្ត សមត្ថភាព និង​ភាពស្មោះត្រង់​របស់​ពលករ ខណៈ​បច្ចុប្បន្ន​ពលករ​ជិត​ ៥ ​ម៉ឺន​នាក់ ​កំពុង​បម្រើ​ការងារ​លើ​វិស័យ​នានា​ក្នុងប្រទេស​នេះ​។ នេះ​បើ​តាម​ការលើកឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ការងារ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​កូរ៉េ​។

ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ពី​ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួង​ការងារ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​។ លោក​ថ្លែងថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អាទិភាព​ ១ ​ក្នុងចំណោម​ប្រទេស​ចំនួន​ ១៥ ​ផ្សេង​ទៀត ព្រោះ​ស្ថានភាព​កូវីដ​ ១៩ ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ​ និង​មាន​ជើងហោះហើរ​ទៅ​ប្រទេស​នេះ​ច្រើន​។

លោក​ អ៊ិត សំហេង ថ្លែងថា​៖ «​ភាគី​កូរ៉េ​កំពុង​ជួយ​កម្ពុជា​ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​នេះ​នៅឡើយ​។ នាពេល​អនាគត​កម្ពុជា​នឹង​បង្កើត​ឱ្យ​មាន​ក្របខ័ណ្ឌ​ច្បាប់​នេះ ដើម្បី​ធានា​បាន​ប្រសើរ​ថែមទៀត ទាំង​លើ​ការការពារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែង​ធ្វើការ​»​។

បើ​តាម​លោក​រដ្ឋមន្ដ្រី ភាគី​កូរ៉េ​គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​ផ្នែក​សុខភាព​ និង​សុវត្ថិភាព​ការងារ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បណ្តុះបណ្តាល​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​យល់​ពី​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​នៅ​កន្លែង​ធ្វើការ​។

លោក​ឯកអគ្គរដ្ឋទូត​លើកឡើង​ថា ក្នុង​ឆ្នាំ​ ២០១៩ ពលករ​កម្ពុជា​មាន​ចំនួន​ច្រើនជាងគេ​ក្នុង​ចំណោម​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​។ ក្នុង​ដំណាក់កាល​ជំងឺ​កូវីដ​ ១៩ ឆ្នាំ​ ២០២០ ​នេះ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នៅតែ​អនុញ្ញាត​ទទួល​ពលករ​កម្ពុជា​ដដែល​។

លោក​ ទូត ​បញ្ជាក់​ថា​៖ «​មូលហេតុ​ដែល​កូរ៉េ​អនុញ្ញាត​ទទួល​ពលករ​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​ដោយសារ​និយោជក​មាន​ការពេញ​ចិត្ត​នឹង​សមត្ថភាព​ខ្ពស់​របស់​ពលករ​កម្ពុជា​មាន​ភាពស្មោះត្រង់​នឹង​ការងារ និង​អនុវត្តតាម​ការណែនាំ​របស់​ផ្នែក​សុខាភិបាល​របស់​រដ្ឋាភិបាល​កូរ៉េ​បាន​យ៉ាង​ហ្មត់ចត់​»​។

យោងតាម​របាយការណ៍​ក្នុង​កិច្ចប្រជុំ​នេះ​ចាប់ពី​ឆ្នាំ​ ២០០៧ កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប ៦៨ ២៩៤ ​នាក់​ (​ស្រី​ ១៤ ២៥៥ ​នាក់​) ​ឱ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នៅក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់​។ អាណត្តិ​ការងារ​របស់​ពលករ​មាន​រយៈពេល​ជាង​ ៤ ​ឆ្នាំ​។ បច្ចុប្បន្ន​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េ​មាន​ចំនួន​ជិត ៥ ​ម៉ឺន​នាក់​។

បើតាម​លោក​រដ្ឋមន្ដ្រី កិច្ចសហប្រតិបត្តិការ​នាពេល​កន្លងមក​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០១៩ ឈាន​ដល់​ជាង​ ១ ៥០០ ​លាន​ដុល្លារ​អាមេរិក​។ ទុនវិនិយោគ​មកពី​កូរ៉េ​នៅ​កម្ពុជា​មាន​តម្លៃ​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​មក​ដល់​បច្ចុប្បន្ន​។ ទំហំ​ទុនវិនិយោគ​នេះ​ធ្វើឱ្យ​កូរ៉េ​ក្លាយ​ជា​ប្រទេស​ទី​ ២ ក្នុង​ការវិនិយោគ​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា​កម្ពុជា​ និង​កូរ៉េ​ កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​ដាក់​ឱ្យ​ដំណើរការ​ជា​ធរមាន​នាពេល​ឆាប់ៗ​ខាងមុខ​។ កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​កាន់តែ​មានការ​កើនឡើង​ហើយ​វិនិយោគិន​កូរ៉េ​ក៏​នឹង​មក​កម្ពុជា​បន្ថែម ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ជាច្រើន​ទៀត​៕