មណ្ឌលគិរីៈ សាលាដំបូងខេត្តមណ្ឌលគិរីកំពុងមានចំណាត់ការនីតិវិធីកោះហៅជនសង្ស័យចំនួន ២ នាក់ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺជុំវិញករណីជួលអ្នកភូមិ ៥ នាក់ ឲ្យចូលទៅកាប់រានដីព្រៃក្នុងរបៀងអភិរក្សជីវចម្រុះឦសាន ក្នុងភូមិសាស្ត្រស្រុកកោះញែកកាលពីសប្ដាហ៍មុន ខណៈពលរដ្ឋ ៥ នាក់នោះ ត្រូវបានដោះលែងបណ្តោះអាសន្ន។ នេះបើយោងតាមមន្ត្រីនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីពីថ្ងៃទី ១៨ កុម្ភៈ។
លោក មាស ប្រុស ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោក ហ៊ុយ ហួរ អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក និង លោក ខើង កាពិ អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ត្រូវបានសង្ស័យក្នុងបទល្មើសកាប់រានដីព្រៃនៅចំណុចរបៀងអភិរក្សជីវចម្រុះឦសាន។ មនុស្សចំនួន ៥ នាក់ ឆ្លើយដាក់បន្ទុកថា ជនសង្ស័យទាំង ២ នាក់ជាអ្នកនៅពីក្រោយការជួលពួកគេឲ្យកាប់ឆ្ការដីព្រៃនៅក្នុងតំបន់នោះ។
លោកនិយាយថាកាលពីថ្ងៃទី ១១ ខែកុម្ភៈ អ្នកភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ចំនួន ៥ នាក់រួមមានឈ្មោះ វៀក នាគ អាយុ ៣៨ ឆ្នាំ ឡាយ វៃ អាយុ ៣៤ ឆ្នាំ ស៊ុន តេវ័ន្ត អាយុ ២១ ឆ្នាំ ងួន ឆ្វែត អាយុ ២២ ឆ្នាំ និងឈ្មោះ ផ្លាញ់ សំអុល អាយុ ៤៤ ឆ្នាំ ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សចាប់ឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសកាប់រានដីព្រៃក្នុងរបៀងអភិរក្សជីវចម្រុះឦសានស្ថិតក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក។
សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនពួកគេមកកាន់សាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី ១៣ ខែកុម្ភៈ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី។ ប៉ុន្តែនៅថ្ងៃទី ១៤ ខែកុម្ភៈ តុលាការបានសម្រេចដោះលែងពួកគេឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានឆ្លើយថាពួកគេត្រូវបានឈ្មោះ ហ៊ុយ ហួរ និង ឈ្មោះ ខើង កាពិ ជួលឲ្យទៅកាប់ឆ្ការដីព្រៃក្នុងតំបន់ភូមិសាស្ត្រខាងលើនេះ។
លោក មាស ប្រុស បញ្ជាក់ថា៖ «បើតាមចម្លើយរបស់ជនសង្ស័យទាំង ៥ ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលកាប់ឆ្ការព្រៃឲ្យឈ្មោះ ហ៊ុយ ហួរ និង ឈ្មោះ ខើង កាពិ ដើម្បីយកកម្រៃពលកម្មសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប៉ុណ្ណោះ មិនមែនជាអ្នកកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។ ហេតុដូច្នេះទើបតុលាការសម្រេចដោះលែងពួកគេទាំង ៥ នាក់ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ»។
លោកបានបន្តថា៖ «នៅពេលនេះតុលាការកំពុងចំណាត់ការនីតិវិធី និងរៀបចំដីកាកោះអញ្ជើញឈ្មោះ ហ៊ុយ ហួរ និង ឈ្មោះ ខើង កាពិ មកសាកសួរជុំវិញសំណុំរឿង [ជួលអ្នកភូមិ] កាប់រានដីព្រៃរបស់រដ្ឋក្នុងតំបន់របៀងអភិរក្សជីវចម្រុះឦសាននៅឃុំរយ៉ ស្រុកកោះញែក»។
ទោះជាបែបណាក្ដីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ហាក់មិនសប្បាយចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការខេត្តមណ្ឌលគិរី ដែលបានដោះលែងជនសង្ស័យទាំង ៥ នាក់ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ឬ ដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះឡើយ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី ១៨ កុម្ភៈ ថា៖ «ជាការពិតណាស់ជនសង្ស័យទាំង ៥ នាក់ខាងលើនេះត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សយើងបង្ក្រាបចាប់បានក្នុងបទល្មើសជាក់ស្ដែងគឺក្នុងអំឡុងពេលដែលពួកគេកំពុងប្រព្រឹត្តបទល្មើសកាប់រានដីព្រៃក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ឦសាន ក្នុងភូមិសាស្ត្រស្រុកកោះញែកដែលសកម្មភាពនេះជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ»។
លោកបន្តថា ទោះយ៉ាងណាក៏ដោយលោកមិនអាចជំទាស់នឹងសេចក្ដីសម្រេចឲ្យនៅក្រៅឃុំនោះទេ ព្រោះវាជា «ឆន្ទានុសិទ្ធិ» របស់តុលាការ។ ប៉ុន្តែលោកបានជំរុញឲ្យមានការចាត់វិធានការបន្ទាន់ទៅលើជនដែលជាមេខ្លោងនៅពីក្រោយបទល្មើសកាប់រានដីព្រៃក្នុងតំបន់របៀងអភិរក្សជីវចម្រុះឦសាន។
ព្រោះកន្លងមកមានប្រជាពលរដ្ឋមួយចំនួនរិះគន់ថា មន្ត្រីឧទ្យានុរក្សរបស់លោកបានរងនូវការរិះគន់ពីប្រជាពលរដ្ឋ និងសកម្មជនព្រៃឈើមួយចំនួនថា បានបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើ និងសត្វព្រៃកើតឡើងក្នុងតំបន់ដែនជម្រក និងរបៀងអភិរក្សជីវចម្រុះដែលជាប្រព័ន្ធការពារធនធានធម្មជាតិនៅក្នុងខេត្តនេះ។
ជុំវិញករណីនេះដែរអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានថ្លែងថា នៅពេលនេះតុលាការកំពុងពន្លឿននីតិវិធីរបស់ខ្លួនក្នុងការរៀបចំដីកាកោះអញ្ជើញឈ្មោះ ហ៊ុយ ហួរ និងឈ្មោះ ខើង កាពិ ដែលជាប់សង្ស័យជាមេខ្លោងក្នុងបទល្មើសនោះមកសួរនាំ។ ចំណែកជនសង្ស័យទាំង ៥ នាក់នោះ ថ្វីដ្បិតតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែពួកគាត់មិនមែនរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់នោះទេ ពួកគាត់ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការ៕