ភ្នំពេញៈ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​បញ្ជូន​មនុស្ស​ជិត ១០ នាក់​ដែល​ពាក់ព័ន្ធ​ការ​នាំ​គ្រឿង​ញៀន​ចូល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​មនុស្ស ៣០២ នាក់​ដែល​ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​មិន​ពាក់ព័ន្ធត្រូវ​បាន​ដោះ​លែង​កាល​ពី​យប់​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ ឆ្នាំ ២០១៩​ បន្ទាប់​ពី​បាន​ធ្វើ​កិច្ច​សន្យា​អប់រំ។

​ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ពិសោធ​​ទឹក​នោម​រក​សារ​ធាតុ​ញៀន ​និង​ធ្វើ​កំណត់​​ហេតុ​ទៅ​លើ​យុវ​ជន ​និង​យុវ​នារី​ជាង​ ៣០០ នាក់​ ហើយ​ភាគ​ច្រើន​ សុទ្ធ​តែ​រក​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ ហើយ​ត្រូវ​បាន​ធ្វើ​កិច្ច​សន្យា​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាល​ពី​យប់​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ ឆ្នាំ ២០១៩។

​វិធាន​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​បាន​បង្ក្រាប​អ្នក​ប្រើប្រាស់ ​និង​អ្នក​ចែក​ចាយ​ជាង ៣០០ ​នាក់​ព្រម​ទាំង​រឹប​អូស​បាន​គ្រឿង​ញៀន​យ៉ាង​ហោច​ ៥០​ គីឡូ​ក្រាម​កាល​ពី​យប់​ថ្ងៃទី​ ២២ ​ខែ​កុម្ភៈ​ និងដែល​ត្រូវ​បាន​​បិទ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី ​២៣​ ខែ​កុម្ភៈ​ឆ្នាំ ​២០១៩។​

លោ​ក ​ស ​ថេត​ ​បាន​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា​ មនុស្ស ​ជាង​ ១០ នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​​ឃុំ​​ខ្លួន​បន្ត​ និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក​ ថេត​ ថ្លែង​ថា​៖ ​«​ឪពុក​ម្តាយ​របស់​អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀនបាន​សន្យា​ថា​នឹង​យក​ពួក​គេ​ទៅ​ព្យាបាល​គ្រឿងញៀន ​ហើយ​ថា ​ឈប់​ប្រើប្រាស់​គ្រឿង​ញៀន​ខណៈ​ឪពុក​ម្តាយ​របស់​អ្នក​ដែល​មិន​ប្រើប្រាស់​បាន​សន្យា​ថា​ កូន​របស់​ពួក​គេ​មិន​បាន​ពាក់​ព័ន្ធ​​ និង​មិន​ប្រើ​​ប្រាស់​គ្រឿង​ញៀន ​ហើយថា​មន្ត្រី​ន​គរ​បាល​រាជ​ធានី​ភ្នំពេញ​ប្ដេជ្ញា​បន្ត​សកម្មភាព​​បង្ក្រាប​ទីតាំង​ផ្សេងៗ​ទៀត»។

​លោក​ ស ​ថេត​ ថ្លែង​​ថា​៖​ «​ចំណែក​ឯ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ជួញ​ដូរ​យើង​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​យើង​កំពុង​តែ​រៀប​ចំ​កសាង​សំណុំ​រឿង ​និង​សាកសួរ​ឲ្យបាន​ហ្មត់​ចត់​ហើយយើង​នឹង​បញ្ជូន​ទៅ​តុលាការ»។

លោក​បន្ថែម​ថា​ ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​និង​កំពុង​សាក​សួរ​មនុស្ស​ជាង ​១០ ​នាក់​ដែល​បាន​សង្ស័យ​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀន​ និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ដើម្បី​រក​មេខ្លោង​ ដែល​បាន​ផ្គត់ផ្គង់​ និង​ចែក​ចាយ​​​គ្រឿង​ញៀន​ចូល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់។​

​លោក​ថ្លែង​​ថា៖​ «​យើង​កំពុង​សិក្សា​ស្រាវ​ជ្រាវ​តាម​រយៈ​មនុស្ស​ជាង​ ១០​ នាក់​ នេះ​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​នាំចូល»។

​យោង​តាម​កិច្ច​សន្យា​មួយ​ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃទី​ ២៥​ ខែ​កុម្ភៈ​បាន​ឲ្យ​ដឹង​ថា​៖​ «​នៅ​ពេល​ដែល​សមត្ថកិច្ច​អប់​រំ​ឲ្យ​ខ្ញុំ​បាន​​ត្រឡប់​ទៅ​លំ​នៅ​ឋាន​វិញ​ ខ្ញុំ​បាទ​នឹង​ខិតខំ​កែ​ប្រែ​ខ្លួន​ឲ្យ​ក្លាយ​ជា​ពល​រដ្ឋ​ល្អ​មិន​ប្រព្រឹត្ត អ្វី​ដែល​ច្បាប់ហាម​ឃាត់។​ មិន​ប្រើ​ប្រាស់​ និង​ឈប់​ប្រើប្រាស់​គ្រឿង​ញៀន​គ្រប់​ប្រភេទ»។​ ​

កិច្ច​សន្យា​បាន​បន្ថែម​ថា ​នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា​ជន​ណា​មួយ​ប្រព្រឹត្តបទ​ល្មើស​ ពួក​គេ​ត្រូវ​ធ្វើ​ការ​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច ​ហើយ​នៅ​ពេ​ល​សមត្ថ​កិច្ច​ត្រូវ​ការ​ពួក​គេ​ ពួកគេ​ត្រូវ​តែ​មក​បង្ហាញ​ខ្លួន ​និង​មិន​គេច​វេះ​ឡើយ។

​លោក ​មាស​ វិ​រិ​ទ្ធ ​អគ្គ​លេខា​​ធិការ​នៃ​អគ្គ​លេខា​ធិកា​រដ្ឋាន​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​អំណរ​គុណ​ដល់​​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​បាន​ខិតខំ​ធ្វើ​ការ​ងារ​នេះ​ក្នុង​ការ​បង្ក្រាប​ដែល​បាន​ជួយកាត់​បន្ថយ​ជន​ប្រើ​ប្រាស់ ​គ្រឿង​​ញៀន​ ​ហើយ​អាជ្ញា​ធរ​អាច​នឹង​រ​ក​ឃើញ​មេ​ខ្លោង​ដោយ​សារ​តែ​សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​ជនសង្ស័យ​ច្រើន​ដែល​អាច​​ជួយ​​ផ្តល់​ព័ត៌​មាន​ជា​ច្រើន​សម្រាប់​សមត្ថកិច្ច​ស្វែង​រក​មេ​ខ្លោង។

​លោក​ ថ្លែង​​ថា​៖​ «​វា​សំខាន់​នៅ​លើ​ភ័ស្តុ​តាង​​ថា​តើ​នរ​ណា​ជា​អ្នកដឹក​នាំ​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស​ដែលសមត្ថ​កិច្ច​ បា​ន​រក​​ឃើញ។​ យើង​បាន​រក​ឃើញ​ច្រើន​នាក់​ដូច្នេះ​អ្នក​ទាំង​នោះ​នឹង​ជួយ​ផ្តល់​ព័ត៌​មាន​ផ្សេងៗ​សម្រាប់​សមត្ថកិច្ច»។

​កាល​ពីថ្ងៃទី​ ២៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៩​ វេលា​ម៉ោង ​១ ​និង​ ៤០​ នាទី​ទៀប​ភ្លឺ ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ និង​ដោយ​មាន​ការ​ដឹកនាំ​សម្រប​សម្រួល​ ពី​តំណាង​អយ្យ​ការ​អម​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនី​វង្ស ​សង្កាត់​ទន្លេ​បា​សា​ក់ ខណ្ឌ​ចំការ​មន ​រាជ​ធានី​ភ្នំ​ពេញ​ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៣១១​ នាក់​ ដែល​ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ ១៤ ​នាក់ ហើយ​ដកហូត​បាន​គ្រឿង​ញៀន​ជាង​ ៣៩​ គីឡូ​ក្រាម​ និង​សារធាតុ​ញៀន​ជា​ទឹក​ ៩​ គីឡូ​ ២ ​ខាំ ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ ១២ និង​កាំ​ភ្លើង​ខ្លី ​១ ដើម។

​យោង​តាម​របាយ​ការណ៍​បូក​សរុប​ការងារ​ឆ្នាំ ​២០១៨​ និង​ទិស​ដៅ​ឆ្នាំ​ ២០១៩​ របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​បង្ហាញ​ក្នុង​សន្និ​បាត​របស់​ក្រសួង​មហា​ផ្ទៃ ​កាល​ពី​ព្រឹក​ថ្ងៃទី​ ១៣ ​ខែ​កុម្ភៈ​ បាន​បញ្ជាក់​ថា​ យុទ្ធ​នាកា​រ​ប្រយុទ្ធ​ប្រឆាំង​ គ្រឿង​ញៀន​​ខុស​ច្បាប់​ លើក​ទី៣​ ចាប់​ពី​ថ្ងៃទី ​១ ​ខែ​មករា ​ដល់​ថ្ងៃទី ​៣១ ​ខែ​ធ្នូ ​ឆ្នាំ​ ២​០១៨ ​កម្លាំង​អនុ​វត្ត​ច្បាប់​ បង្ក្រាប​គ្រឿង​ញៀន​បាន ​៨ ០០២​ ករណី ​ឃាត់​ខ្លួន ​១៦ ២១៦ ​នាក់​ ​(ស្រី​ ១ ៣៣៣ នា​ក់ ​)​ រឹប​អូស​វត្ថុ​តាង​បាន​គ្រឿង​ញៀន​ ៥៣៦,៣៦ ​គ​.ក្រ ព្រម​ទាំង​មធ្យោ​បាយ ​និង​ឧប​ករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។

តាម​របាយ​ការណ៍​ក្រសួង​សុខា​ភិ​បាលបាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ ​២០១៨ ​កន្លង​មក​នេះ​ អ្នក​ញៀន​គ្រឿង​ញៀន​ដែ​ល​ទទួល​បាន​​ការ​ព្យាបាល​នៅ​មណ្ឌល​បណ្តោះ​អាសន្ន​​ចំនួន​ ១៣ ១៦១ នាក់​ ស្មើ ​៧១% ​និង​តាម​សេវា​សុខា​ភិ​បាល​សាធារ​ណៈ​ទូទាំង​ប្រទេស​ចំនួន​ ៥ ៣៩៦ ​នាក់​ ស្មើ​ ២៩% ​ក្នុង​ចំណោម​អ្នក​ញៀន​គ្រឿង​ញៀន​ទាំង​ជាង​ ១៨ ៥៥៧ នាក់​ ដែល​ចំនួន​​នេះ​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៧ ៕​