បន្ទាយមានជ័យៈ អគ្គនាយកដ្ឋាន​កសិកម្ម​ឲ្យ​ដឹងថា ដំណាំ​ពោត​ជាង​ ៤០០ ​ហិកតា ​ក្នុង​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ Fall Armyworm បំផ្លាញ​ខូចខាត​ជាង​ពាក់កណ្តាល ប៉ុន្តែ​ត្រូវបាន​ជួយសង្គ្រោះ​មកវិញ​។ ក្នុង​ស្ថានភាព​នោះ មន្ត្រី​ជំនាញ​ក៏​បន្ត​ចុះ​អន្តរាគមន៍ និង​បង្ហាញ​ពី​វិធី​កម្ចាត់​ហ្វូង​ដង្កូវ​ប្រភេទ​នេះ​កុំឲ្យ​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​បន្តទៀត​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ចន្ទ​ថា បន្ទាប់ពី​ទទួល​បាន​សំណើសុំ​អន្តរាគមន៍​កម្ចាត់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ (Fall Armyworm) ​លើ​ដំណាំ​ពោត​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​ការិយាល័យ​ការពារ​ដំណាំ​នៃ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​បាន​ចុះ​បេសកកម្ម​កាលពី​ថ្ងៃទី​ ៣-៦ មិថុនា​។

របាយការណ៍​ដដែល​បាន​បន្តថា ដោយមាន​ការសហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ត ការចុះពិនិត្យ​ក៏​បាន​ចាត់វិធានការ​ទប់ស្កាត់ និង​កម្ចាត់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ខាងលើ​បាន​ទាន់ពេល​។ តាមរយៈ​ការចុះពិនិត្យ​ជាក់ស្ដែង​នៅ​ចម្ការ​កសិករ​ផ្ទាល់​ក៏​ទទួល​បាន​លទ្ធផល​មួយ​ចំនួន​ដូចជា ឃុំ​អូរស្រឡៅ ស្រុក​ម៉ាឡៃ​មាន​កម្រិត​បំផ្លាញ​ចន្លោះ​ពី​ ៣៥%-៤៥% ដែល​បំផ្លាញ​លើ​ផ្ទៃដី​ចំនួន​ ៥០ ​ហិកតា​។

ចំណែក​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ​មាន​កម្រិត​បំផ្លាញ​ចន្លោះ​ពី ​៥០%-៦៥% ដែល​បំផ្លាញ​លើ​ផ្ទៃដី​ចំនួន​ ២០ ​ហិកតា និង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ មាន​កម្រិត​បំផ្លាញ​ចន្លោះ​ពី​ ៥០%-៦៥% ដែល​បំផ្លាញ​លើ​ផ្ទៃដី​ចំនួន​ ៣៤០ ​ហិកតា​។ ឃុំ​អូរសំព័រ ស្រុក​ម៉ាឡៃ​មាន​កម្រិត​បំផ្លាញ​ចន្លោះ​ពី​ ៨០%-៩០% ដែល​បំផ្លាញ​លើ​ផ្ទៃដី​ចំនួន​ ៥០ ​ហិកតា​។

អគ្គនាយកដ្ឋាន​កសិកម្ម​ក៏​បញ្ជាក់​ដែរ​ថា​៖ «​ដំណាំ​ពោត ដែល​រង​ការបំផ្លាញ​ដោយ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ចេញ​ស្លឹក​ពី​ចំនួន​ ៦-៨ ​ស្លឹក​។ តាម​ការវាយតម្លៃ​ជារួម​របស់​ក្រុម​ការងារ ការបំផ្លាញ​មាន​កម្រិត​តិច​ជាង​បើ​ធៀប ការបំផ្លាញ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​មុន​ពីព្រោះ​ការបំផ្លាញ​ដំណាក់កាល​នេះ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ កសិករ​អាច​ប្រើប្រាស់​ជី​បំប៉ន​ និង​ថ្នាំពុល​កសិកម្ម​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក​ ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​មាន​ការជួយ​សង្គ្រោះ​របស់​ក្រុម​ការងារ​បច្ចេកទេស ដំណាំ​ពោត​មួយ​ចំនួន​របស់​ប្រជាកសិករ ត្រូវ​បាន​ជួយសង្គ្រោះ​ឡើងវិញ ហើយ​ចម្ការ​ដទៃ​ទៀត​នៅក្នុង​ខេត្ត​ក៏​មិនទាន់​មាន​ការបំផ្លាញ​ថ្មី​កើតឡើង​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ការបំផ្លាញ​ដោយ​ដង្កូវ​ប្រភេទ​ថ្មី​នេះ គឺ​មាន​ច្រើន​ដែរ​ហើយ ដែល​កាលពី​ឆ្នាំមុន​ដង្កូវ​ប្រភេទ​ថ្មី​នេះ​បាន​បំផ្លាញ​។ វា​បាន​ឆ្លង​រាលដាល​មកពី​ខាងក្រៅ​មក​។ វា​ឆ្លង​រាលដាល​ពី​ប្រទេស​នានា​នៅក្នុង​អាស៊ី​យើង​តាមរយៈ​មេអំបៅ ដែល​កាលពី​មុន​ឃើញ​កើតមាន​នៅក្នុង​ប្រទេស​ឡាវ ហើយ​ក៏​បាន​ឆ្លង​មក​យើង​»​។

តាម​អគ្គនាយកដ្ឋាន​កសិកម្ម​ឲ្យ​ដឹងថា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រជាកសិករ​បាន​ជួបប្រទះ ក្រុមការងារ ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន ដោយ​តម្រូវ​ឲ្យ​មាន​ការតាមដាន​វត្តមាន​មេអំបៅ និង​ដាក់​អន្ទាក់​ដើម្បី​កាត់បន្ថយ​ប្រជាករ​ [​ពពួក​] ​មេអំបៅ​របស់​វា និង​ត្រូវ​សម្អាត​ស្មៅ​ជុំវិញ និង​ក្នុង​ចម្ការ​របស់​ប្រជាកសិករ​ព្រមទាំង​ត្រូវ​ភ្ជួរ​ដី​ដែល​នៅសល់​ជុំវិញ​ចម្ការ​ដើម្បី​កម្ចាត់​ជម្រក​របស់​ដង្កូវ​ផងដែរ​។

អគ្គនាយកដ្ឋាន​នេះ​បញ្ជាក់​ថា ចំពោះ​ការប្រើប្រាស់​ថ្នាំពុល​ជីវសាស្ត្រ ឬ​ថ្នាំពុល​កសិកម្ម​សម្រាប់​គ្រប់គ្រង និង​កម្ចាត់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​ត្រូវ​អនុវត្ត​ជា​ដំណាក់កាល​ដូចខាងក្រោម​។ ​ដំណាក់កាល​ទី​ ១ ​នៅពេល​ដំណាំ​ពោត​មាន​អាយុកាល​ ១ ​សប្ដាហ៍ ប្រសិនបើ​កម្រិត​បំផ្លាញ​ចន្លោះ​ពី​ ៥-៣០% កសិករ​គួរប្រើ​ថ្នាំពុល ជីវសាស្ត្រ​ប្រភេទ Beauveria bassiana​ ឬ​ស្លឹក​ស្តៅ​។ ដំណាក់កាល​ទី​ ២ ​នៅពេល​ដំណាំ​ពោត​មាន​អាយុ​កាល​ ២-៤ ​សប្ដាហ៍​ត្រូវ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ដែល​មាន​ធាតុ​សកម្ម​ដូចជាៈ​ Emanectin benzoate, Indoxacarb, Chloratraniliprol,Flubend iamide,Fipronil,Spinetoram​។

ចំពោះ​ដំណាក់កាល​ទី​ ៣ ​វិញ ប្រសិនបើ​ដំណាំ​ពោត​មាន​អាយុ​កាលពី​ ៤-៧ ​សប្ដាហ៍​ គឺ​កសិករ​ត្រូវ​បន្ត​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ដែលមាន​ធាតុ​សកម្ម​ដូចជា​ថ្នាំពុល​ដដែល​ខាងលើ​។ រីឯ​ដំណាក់កាល​ចុងក្រោយ​គឺ​នៅពេល​ដំណាំ​ពោត​មាន​អាយុកាល​លើស​ពី​ ៧ ​សប្ដាហ៍​រហូត​ដល់​ទុំ​នោះ ប្រជាកសិករ មិនគួរ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ដដែល​នោះទេ​។ ប្រជាកសិករ​ត្រូវ​ធ្វើការ​អង្កេត​តាមដាន​វត្តមាន​មេអំបៅ ឬ​ដង្កូវ​ដែល​បំផ្លាញ​ដំណាំ​ពោត​។ បន្ទាប់មក​កសិករ​ត្រូវ​ជ្រើសរើស​វិធានការ​ដ៏សមស្រប​សម្រាប់​កម្ចាត់​តាម​ក្រោយ​៕