ភ្នំពេញ: ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ប្រមាណ​ជាង​ ៦៧ ​ពាន់​ហិកតា​​ នៅក្នុង​ឆ្នាំ​ ២០១៩ បាន​រង​ការខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ បណ្ដាល​មកពី​ភាពរាំងស្ងួត ហើយ​ក៏​បានធ្វើឲ្យ​ទិន្នផល​ស្រូវ​ថយចុះ​ប្រមាណ ០,៥៤ ​ភាគរយ​។ នេះ​បើ​យោងតាម​លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ក្រោម​ប្រធានបទ​ «​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​» ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​យល់ច្បាស់​ពី​សកម្មភាព និង​សមិទ្ធផល​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក ស្រី វុឌ្ឍី បាន​ថ្លែងថា​កាលពី​ឆ្នាំ​ ២០១៩ ផ្ទៃដី​ដែល​កំពុង​បង្កបង្កើនផល​ស្រូវ​ចំនួន ៦៧ ​ពាន់​ហិកតា​ ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ពាក់ព័ន្ធ​កត្ដា​ការប្រែប្រួល​អាកាសធាតុ ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​គ្រោះរាំងស្ងួត​។ លើសពី​នេះ​ការធ្លាក់​ភ្លៀង​យឺត​ពី​ដើមរដូវ និង​កត្តា​ទឹកទន្លេ​ដែល​ជន់​មក តែ​ឆាប់​ស្រក​ទៅវិញ ក៏​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ផ្នែក​ដាំដុះ និង​វិស័យ​ជលផល​ខ្លាំង​ណាស់ដែរ​។

លោក​បញ្ជាក់ថា​៖ «​វា​ជា​ទំហំ​ដែល​យើង​បាន​ខូចខាត​ធំ ដែល​ទាក់ទង​ការរាំងស្ងួត និង​​ទឹកជំនន់​នេះ​»​។

អ្នកនាំពាក្យ​ដដែល​នេះ​ក៏បាន​ថ្លែង​ផងដែរ​ថា ក្រៅពី​ស្រូវ បញ្ហា​អាកាសធាតុ គឺ​នៅមាន​បញ្ហា​មួយទៀត​គឺ​បញ្ហា​ជំងឺ​នៅក្នុង​ឆ្នាំ​ ២០១៩ មើល​នៅក្នុង​ដំណាំ​ដំឡូងមី ក៏​ផលិតកម្ម​ដំឡូងមី​ហ្នឹង​បាន​រាតត្បាត​នូវ​ជំងឺ​មួយ​ដែលមាន​ឈ្មោះថា ម៉ូសាអ៊ិក ជា​ប្រភេទ​សត្វល្អិត​បំផ្លាញ​ដំណាំ​ដំឡូងមី​ដែល​ធ្វើឲ្យ​មាន​ការព្រួយបារម្ភ​ដែរ​។

លោក ស្រី វុឌ្ឍី បាន​ថ្លែង​ឲ្យ​ដឹង​បន្តថា នៅពេល​មាន​បញ្ហា​ទាំងនេះ​កើតឡើង​បាន​ធ្វើឲ្យ​ផ្ទៃដី​ដាំដុះ​មាន​ការថយចុះ​ចំនួន ០,២ ​ភាគរយ ហើយ​ថយចុះ​​ទិន្នផល​ចំនួន ០,៥៤ ​ភាគរយ និង​បរិមាណ​ផល​ក៏​ថយចុះ​ប្រមាណ ០,០៦ ​ភាគរយ (១០,៨៨ ​លាន​តោន​) ​ដែរ​។ ដូច្នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅតែ​ជំរុញ​ធ្វើការ​ដាំដុះ ការចិញ្ចឹម​សត្វ និង​លើកកម្ពស់​ការវិនិយោគ ការនាំចេញ​ផលិតផល​កសិកម្ម និង​ម្ហូបអាហារ​បន្ថែមទៀត​។

លោក ថេង សារឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា កម្ពុជា​មិនទាន់​មាន​វិធានការ​ជាក់លាក់​ណាមួយ​ជួយ​ដល់​កសិករ​ក្នុង​អំឡុង​ពេល​ជួប​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់​ទេ​។ ប្រសិន​បញ្ហា​ទឹកជំនន់ គេ​ពិតជា​មិន​អាច​ដឹង​មុន​មែន ប៉ុន្ដែ​បញ្ហា​គ្រោះរាំងស្ងួត មន្ត្រី​ពាក់ព័ន្ធ គួរតែ​បំផុស​គំនិត​នាំគ្នា​ធ្វើ​អាង​ស្ដុក​ទឹក ជីក​ប្រឡាយ និង​ធ្វើ​ប្រព័ន្ធ​ធារាសាស្ត្រ​ត្រៀម​ទុក​សម្រាប់​រក្សា​ទឹក​ទុក​ប្រើ​នៅ​រដូវប្រាំង​។

លោក សារឿន ថ្លែង​បន្ត​ថា​ប្រសិន​មាន​ការជំរុញ​បន្ថែម​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គួរតែ​គិតគូរ​រក​វិធី​ដាំ​ដុះ ឬ​រក​ពូជ​ដំណាំ​ទាំងឡាយណា​ដែល​អាច​សុំា​ជាមួយ​អាកាសធាតុ ដើម្បី​កាត់បន្ថយ​បញ្ហា ក៏ដូចជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​បញ្ហា​នេះដែរ ប្រសិន​ពាក់ព័ន្ធ​ការចិញ្ចឹម​សត្វ​នេះ​វិញ​ក៏​ត្រូវតែ​គិតគូរ​ពី​ពូជ​ទាំងឡាយណា​ដែល​អាច​ទប់ទល់​នឹង​បញ្ហា​អាកាសធាតុ​ដែរ ព្រោះ​កម្ពុជា​សព្វ​ថ្ងៃនេះ​បាន​នាំចូល​សាច់សត្វ​ជាច្រើន​ពី​ប្រទេស​ជិតខាង ប៉ុន្ដែ​ក្រសួង​កសិកម្ម​គួរតែ​សិក្សា​លើ​ការផ្ដល់​បច្ចេកទេស ឬ​សម្ភារ​មួយ​ចំនួន​ជូនទៅ​កសិករ​»​។

លោក ញ៉ិល ភាព តំណាង​បណ្ដាញ​កសិករ​ខេត្ត​តាកែវ​បាន​ថ្លែងថា ស្ថានភាព​បង្កបង្កើនផល​ស្រូវ​នៅ​ខេត្ត​តាកែវ​មិន​សូវ​មាន​អំណោយផល​ល្អ​ទេ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ដែល​មាន​រដូវ​រាំងស្ងួត​អូសបន្លាយ​យូរ​ខែ ព្រម​ទាំង​មាន​ទឹកជំនន់​តាម​តំបន់​ថែមទៀត​។ លើសពី​នេះ​ប្រព័ន្ធ​ធារាសាស្ត្រ​ក៏​មិនមាន​គ្រប់គ្រាន់​សម្រាប់​សម្រួល​​ដល់​ការបង្កបង្កើនផល​ដែរ​។

លោក​បន្តថា ក្រៅពី​ធ្វើ​ស្រូវ​មិន​សូវ​ទទួល​បាន​ផល​ល្អ​នេះ​តម្លៃ​ជី និង​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត​ក៏ឡើង​ថ្លៃ​ដែរ រីឯ​តម្លៃ​ស្រូវ​មិន​សូវ​ទទួល​បាន​តម្លៃ​សមរម្យ​ទៀត​។ ដូច្នេះ​មាន​កសិករ​មួយ​ចំនួន​បាន​បោះបង់​ចោល​ការប្រកបរបរ​ធ្វើ​ស្រែ​ចម្ការ ដោយ​ទៅ​ធ្វើ​ការងារ​ចំណាកស្រុក​វិញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ទៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​កម្ចី​សមរម្យ​ដល់​កសិករ​ធ្វើ​ជា​ទុនទិញ​គ្រាប់ពូជ ជី និង​សម្ភារ​កសិកម្ម​នានា ដើម្បី​សម្រួល​ដល់​ការធ្វើ​ស្រែចម្ការ​។ ក្រៅពីនេះ​ជួយ​រក​ទីផ្សារ​ឲ្យ​លក់​កសិផល​របស់​ពួកយើង​បាន​តម្លៃ​សមរម្យ និង​ជាពិសេស​គឺ​ជួយ​កសាង​បន្ថែម​ប្រព័ន្ធ​ធារាសាស្ត្រ ព្រោះ​នៅ​ខេត្ត​តាកែវ​មាន​ប្រព័ន្ធធារាសាស្ត្រ​តិចតួច​​បំផុត​»​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា​ ក្នុង​ឆ្នាំ​ ២០១៩ ​កន្លងទៅ​ការប្រមូល​ផល​ស្រូវ​សម្រេច​បាន​ជាង​ ២,៥ ​លាន​ហិកតា​ ដោយ​ទទួលបាន​ទិន្នផល​សរុប​ជិត ៨ ​លាន​តោន​។ ដំណាំ​ឧស្សាហកម្ម​អនុវត្ត​បាន​ជិត ៥ ​ម៉ឺន​ហិកតា តិចជាង​ឆ្នាំមុន​ជិត ៩ ​ពាន់​ហិកតា​។ ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​ ២០១៩ សម្រេចបាន​ជាង ៦២ ​ម៉ឺន​តោន​ ថយចុះ​ជាង ៦ ​ពាន់​តោន​៕