ភ្នំពេញៈ ក្រសួងសុខាភិបាលបានចាប់ដំណើរការផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ ជាផ្លូវការនៅថ្ងៃនេះ ដោយកំណត់យកអ្នកស្ម័គ្រចិត្តជំហានដំបូងក្នុងចំណោមថ្នាក់ដឹកនាំ និងកូនៗរបស់ថ្នាក់ដឹកនាំនៅក្នុងជួររាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញថា ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ គឺនឹងត្រូវកំណត់ចំនួនត្រឹមតែ ១៤៩ ៥០០ នាក់ ដែលនឹងត្រូវប្រើប្រាស់វ៉ាក់សាំងកូវីដស៊ីណូហ្វាម។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ ព្រមទាំងក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ ១៩ នឹងត្រូវធ្វើជាដំណាក់កាលៗទៅតាមចំនួនវ៉ាក់សាំងដែលបានទទួលរួចហើយ និងវ៉ាក់សាំងដែលអាចនឹងទទួលបាននៅក្នុងឆ្នាំ ២០២១ នេះ។
លោក ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានឱ្យដឹងថា ក្រុមមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងស៊ីណូហ្វ៉ាមគឺមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងបុត្រាបុត្រីជាឥស្សរជនជាន់ខ្ពស់ អភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ អ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានា និងអ្នកសារព័ត៌មានដែលមានអាយុពី ១៨ ឆ្នាំដល់ ៥៩ ឆ្នាំជាដំបូងគេនៅតាមទីតាំងចំនួន ៤ ដែលក្រសួងបានរៀបចំរួចរាល់។
បន្ទាប់មក ក្រុមមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចាក់ជាបន្តបន្ទាប់ទៀតមានកម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរថ្នាក់ក្រោមជាតិជួរមុខ (ខេត្ត ស្រុក ខណ្ឌ សង្កាត់ ឃុំ ភូមិ) និងកងកម្លាំងមានសមត្ថកិច្ច (នគរបាល) ជួរមុខដែលកំពុងសកម្មក្នុងការជួយអន្តរាគមន៍នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងនគរបាលដែលនៅឈរជើងតាមព្រំដែននឹងត្រូវចាក់ជូនដោយក្រសួងការពារជាតិ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនឡាញនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី ៨ ខែកុម្ភៈថា រហូតមកដល់ថ្ងៃទី ៨ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលមិនទាន់អាចបញ្ជាក់បានអំពីចំនួនឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលដែលត្រូវស្ម័គ្រចិត្តក្នុងការទទួលយកការចាក់វ៉ាក់សាំងនោះទេ។
លោកស្រីថ្លែងថា៖ «សម្រាប់រូបខ្ញុំ គឺខ្ញុំបានគិតពីលើបញ្ហាចាក់នេះរួចទៅហើយ ហើយរូបខ្ញុំផ្ទាល់ គឺខ្ញុំស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វ៉ាមដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ដោយគោរពទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ»។
លោកស្រីក៏បានអះអាងផងដែរថា រហូតមកដល់ពេលនេះ មិនទាន់មានវ៉ាក់សាំងកូវីដណាមួយដែលអង្គការសុខភាពពិភពលោកទទួលស្គាល់នូវប្រសិទ្ធភាព ១០០ ភាគរយទេ ប៉ុន្តែករណីដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ ឬមិនទទួលស្គាល់ក៏ដោយ ក៏វ៉ាក់សាំងនេះនៅតែដំណើរទៅមុខដដែល។
លោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមវ៉ាក់សាំងកូវីដ ១៩ បានប្រកាសនៅថ្ងៃម្សិលមិញដែរថា ក្រុមវ៉ាក់សាំងកូវីដ ១៩ ក្រសួងការពារជាតិចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូហ្វ៉ាមទៅដល់ថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទដែលមានអាយុពី ១៨ ដល់ ៥៩ ឆ្នាំតាមការស្ម័គ្រចិត្ត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ម៉ោង ២ នៅមន្ទីរពេទ្យព្រះកេតុមាលា ហើយសម្រាប់ការចាក់វ៉ាក់សាំងទៅដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ក្រសួងនឹងជូនដំណឹងពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់នៅពេលក្រោយ។
យោងតាមសារសំឡេងតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី ៨ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាផ្លូវការ កូនទាំង ៥ របស់លោកនឹងចូលរួមចាក់វ៉ាក់សាំងកូវីដ ១៩ នេះ រួមទាំងអភិបាលខេត្តមួយចំនួនបានសម្រេចស្ម័គ្រចិត្តក្នុងការទទួលចាក់វ៉ាក់សាំងកូវីដ ១៩ នេះរួចហើយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ដើម្បីបង្ហាញនូវជំនឿទុកចិត្ត និងធ្វើជាគំរូឱ្យប្រជាពលរដ្ឋ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងរដ្ឋមន្ត្រីដែលមានអាយុក្រោម ៥៩ ឆ្នាំ ត្រូវទៅចូលរួមចាក់វ៉ាក់សាំងកូវីដ ១៩ លើកដំបូងនេះ»។
លោកនាយករដ្ឋមន្ត្រីបានបង្ហាញនូវអត្តសញ្ញាណដូចជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋមន្ត្រីមួយចំនួនទៀតត្រូវទៅចាក់ដើម្បីធ្វើជាគំរូ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា លោកមិនមានការភ័យខ្លាច ឬបារម្ភអ្វីនោះទេ ដោយសារលោកមានការជឿជាក់លើអ្នកវេជ្ជសាស្ត្រដែលបានខិតខំរកវ៉ាក់សាំងនេះ ហើយវ៉ាក់សាំងនេះសម្រាប់ជួយមនុស្ស មិនមែនសម្រាប់សម្លាប់មនុស្សទេ។
លោកថ្លែងថា៖ «យើងបានបង្កើតជាក្រុមមួយដោយបានមូលមតិគ្នារួចហើយថា នឹងទៅចាក់វ៉ាក់សាំងកូវីដ១៩នៅថ្ងៃទី ១០ ខែកុម្ភៈ ម៉ោង ៩ នៅមន្ទីរពេទ្យរុស្ស៊ី។ គឺគ្រប់អភិបាលរាជធានីខេត្តទាំងអស់ដែលមានអាយុក្រោម ៥៩ ឆ្នាំ»។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានស្ម័គ្រចិត្តក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩នេះរួចហើយផងដែរ ប៉ុន្តែលោកស្រីមិនទាន់អាចបញ្ជាក់បាននៅឡើយថា នឹងមកចាក់នៅថ្ងៃណាទេ។
លោកស្រីថ្លែងថា៖ «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយថានៅពេលដែលមានវ៉ាក់សាំងខ្ញុំនឹងចាក់។ ខ្ញុំមិនមានការភ័យខ្លាចទេ ព្រោះដើម្បីសុវត្ថិភាព»។
ដោយឡែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានជូនដំណឹងទៅដល់និស្សិត សិក្ខាកាម យោធានគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាមពិសេសទីក្រុងហាណូយពីការរឹតបន្តឹង និងវិធានការពិន័យតឹងរ៉ឹងចំពោះអ្នករំលោភនីតិវិធីកូវីដ ១៩ ដោយក្នុងនោះអាចប្រឈមនឹងការជាប់ទោសពន្ធនាគារចំនួន ១២ ឆ្នាំ និងពិន័យជាប្រាក់រាប់ពាន់ដុល្លារផងដែរ។
គិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៤៧៦ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៥៧ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៩ នាក់។
អាជ្ញាធរនៅតាមបណ្តាខេត្តជាប់នឹងព្រំដែនកម្ពុជា-វៀតណាម បានបន្តធ្វើការពិនិត្យ និងរឹតបន្តឹងនូវវិធានការ និងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការការពារនូវការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចូលមកក្នុងប្រទេសកម្ពុជា នៅពេលដែលខេត្តមួយចំនួនក្នុងប្រទេសវៀតណាម កំពុងឆ្លងចូលទៅក្នុងសហគមន៍នូវកូវីដ ១៩ បំប្លែងថ្មី៕