ការ​សាង​សង់​ពន្ធនាគារ​ថ្មី​លើ​ផ្ទៃដី​ទំហំ​ ១០ ហិកតា ​ស្ថិត​នៅ​ភូមិ​ត្រពាំង​តាសុខ ​ឃុំ​ព្រៃមូល​ ស្រុក​រលាប្អៀ ​ត្រូវបាន​ពន្យារ​ពេល​បណ្ដោះ​អាសន្ន​ ព្រោះ​ប្រឈម​នឹង​វិបត្ដិ​កូវីដ ១៩។ ​ពន្ធនាគារ​ថ្មី​នេះ​ អាច​ដាក់​ជន​ជាប់ឃុំ​បាន​ប្រមាណ ​២ ពាន់​នាក់ ​ហើយ​ដែល​គ្រោង​បញ្ចប់​ការសាង​សង់​ក្នុង​ឆ្នាំ​នេះ។ នេះបើ​តាម​ លោក​ នុត សវនា ​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ។​

លោក​ នុត សវនា ​បាន​បញ្ជាក់​នៅ​ថ្ងៃនេះ​ថា ​ការស្ថាបនា​ពន្ធនាគារ​ថ្មី​នេះ​ គឺជា​ការផ្គួច​ផ្ដើម​ឡើង​ដោយ​រដ្ឋបាល​ខេត្ដ​កំពង់​ឆ្នាំង​ តាមរយៈ​ការ​ដោះដូរ​ទីតាំង​ចាស់​មាន​ទំហំ ​១ ហិកតា ​ដែល​មាន​ភាព​តូច​ចង្អៀត ​ស្ថិតនៅ​សង្កាត់​ប្អេរ​ក្នុង​ក្រុង​កំពង់​ឆ្នាំង ​ប្តូរ​ទៅ​ទីតាំង​ថ្មី​លើ​ផ្ទៃដី ​១០ ហិកតា ​រួម​នឹង​ការសាងសង់​សំណង់​អគារ​ផ្សេងៗ​ជាមួយ​ក្រុម​ហ៊ុន​ឯកជន។

លោក​ថ្លែង​ថា​៖ «ខាង​ខេត្ដ​ឃើញថា​ ទីតាំង​ចាស់​វា​តូច​ពេក ​ដូច្នេះ​ត្រូវការ​កន្លែងដែល​មាន​លទ្ធភាព​ក្នុង​ការធ្វើ​ការបណ្ដុះ​បណ្ដាល​ដល់​ជន​ជាប់​ឃុំ និង​ការ​ធ្វើ​កសិកម្ម​នៅ​ក្នុង​ពន្ធនាគារ​ជាដើម ​ទើប​យក​ទីតាំង​ចាស់​ដោះដូរ​ទីតាំង​ថ្មីនេះ​រួម​ជាមួយ​នឹង​សំណង់»។​

បើ​តាមលោក ​នុត សវនា ​ការស្ថាបនា​ទីតាំង​ថ្មីនេះ​ រួមមាន​អគារ​ឃុំឃាំង​ ប៉ុស្ដិ៍​សុខភាព​ បណ្ណាល័យ ​អគារ​រោង​បុណ្យ​ រោង​សិប្បកម្ម ​អគារ​រដ្ឋ​បាល​និង​ផ្ទះ​បាយ​ជាដើម។

លោក​បញ្ជាក់ថា​៖ «តាម​គម្រោង ​គឺ​យើង​នឹង​បញ្ចប់​ការ​សាង​ស់ង​នៅ​ក្នុង​ឆ្នាំ​នេះ។ ប៉ុន្ដែ​ព្រោះ​តែ​បញ្ហា​កូវីដ​ ១៩ ​ភាគី​ក្រុម​ហ៊ុន​បាន​ជួប​នឹង​បញ្ហា​ថវិកា ​ទើប​ស្នើ​សុំ​ពន្យារ​ពេល​រយៈពេល​ ៦ ខែ ​ចាប់តាំង​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក»។​

លោ​ សវនា ​បាន​ឱ្យដឹង​ថា ​ទីតាំង​ពន្ធនាគារ​ថ្មី​នេះ ​អាចដាក់​ជន​ជាប់​ឃុំ​បាន​ប្រមាណ​ ២ ពាន់​នាក់ ​និង​អាច​ទទួល​យក​ជន​ជាប់​ឃុំ​ពី​ពន្ធនាគារ ​នៃ​ខេត្ដ​ផ្សេង​ទៀត​បាន​ផងដែរ​។ ចំណែក​ទីតាំង​ផ្ទៃដី​ក៏អាច​សាងសង់​អគារ​បន្ថែម​ទៀត​បាន​ដែរ។

លោក​ ប៉ាវ ហមផាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​ស្តីពី​ការបន្ធូរ​បន្ថយ​ទោស​ និង​លើក​លែងទោស​កាលពី​ថ្ងៃ​ទី ១៧​ ខែកុម្ភៈ​ នៅ​ទីស្ដីការ​ក្រសួង​យុត្ដិធម៌​ថា ​សម្ទុះ​អ្នក​ជាប់ឃុំ​មាន​ការ​កើនឡើង ​ក្រោយ​ពី​សមត្ថ​កិច្ច​បាន​អនុវត្ដ​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស។

លោក​ថ្លែង​ថា​ បច្ចុប្បន្ន​ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​នៅ​ពន្ធ​នាគារ​ទូទាំង​ប្រទេស​ជាង​ ៣៩ ០០០ នាក់ ​មាន​អ្នក​ជាប់ឃុំ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ជាង ​២២ ​០០០ នាក់​ ស្នើ​នឹង​ជាង​ ៥៨ ភាគ​រយ។ នៅ​ក្នុង​កិច្ច​ការងារ​គ្រប់​គ្រង​ពន្ធនាគារ​គឺ​មាន​បញ្ហា​ប្រឈម​ចម្បង​ចំនួន ​២ ​គឺទី​១ បញ្ហា​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ​ព្រោះ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

បើ​តាម​លោក​ ប៉ាវ ហមផាន ​បញ្ហា​ប្រឈម​ទី២ ​គឺ​បាន​បង្ហាញ​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ស្តីពី​ការបន្ធូរបន្ថយ​ទោស ​និង​លើក​លែង​ទោស​ក្នុង​ជំពូក​ទី៣ ​មាត្រា ៤ ​ដែល​បាន​លើកឡើងថា ​ការ​បន្ធូរ​បន្ថយ​ទោស ​និង​ការ​លើក​លែង​ទោស​អាច​អនុវត្ដ​បាន​តែ​ចំពោះ​ទណ្ឌិត ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ​ដោយ​សាល​ក្រុម​ឬ​សាល​ដីកា​ស្ថាពរ​ប៉ុណ្ណោះ។

លោក​ ប៉ាវ ហមផាន ​ថ្លែង​ថា​៖ «តាម​ធម្មតា​ផ្ទៃ​អគារ​ដែល​យើង​មាន​សម្រាប់​ផ្ទុក​ជន​ជាប់​ឃុំ ​គឺ​យើង​អាច​ដាក់​បាន​ប្រហែល​ ១២ ០០០ នាក់។ ប៉ុន្ដែ​ឥឡូវ​ចំនួន​ជន​ជាប់ឃុំ​កើន​ឡើង​ដល់ជាង​ ៣៩ ០០០ នាក់។ បើ​យើង​មិន​កែច្នៃ​បន្ទប់​ពន្ធនាគារ​ឱ្យមាន​ធ្នើ​ឬ​កន្លែង​សម្រាប់​អ្នក​ជាប់ឃុំ​ស្នាក់នៅ​បន្ថែម​ទេ ​គឺ​ឆ្លើយតប​នឹង​ចំនួន​អ្នក​ជាប់ឃុំ​មិន​រួច​ទេ»។​

លោក​ថា ​កិច្ច​ការងារ​ការកែច្នៃ​បន្ទប់​ពន្ធនាគារ​ឱ្យមាន​ធ្នើ ​ឬ​កន្លែង​ស្នាក់​នៅ​សម្រាប់​អ្នក​ជាប់​ឃុំ​ស្នាក់​នៅ​បន្ថែម ​គឺ​ប្រធាន​ពន្ធនាគារ​រាជធានី​-ខេត្ដ​ជា​អ្នកធ្វើ​ និង​ដោះស្រាយ​ដោយ​មានការ​គាំទ្រ​ពី​ថ្នាក់​ខេត្ដ​និង​ក្រសួង ​ទើប​ពន្ធនាគារ​អាច​ទទួល​អ្នក​ជាប់​ឃុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ។

លោក​បញ្ជាក់ថា​៖ «ការ​កែច្នៃ​នេះ​គឺជា​ការខិតខំ​របស់​អស់​លោក​ជាប្រធាន​ពន្ធនាគារ​រាជ​ធានី​-ខេត្ត ​ចំពោះ​ការប្រឈម​រឿង​ចង្អៀត​ណែន​នេះ»។

លោក​ថ្លែង​ថា​៖ «ដូច្នេះ​ បើ​មើល​ទៅលើ​ការ​ចង្អុល​បង្ហាញ​របស់​ព្រះរាជ​ក្រឹត្យ ​គឺ​យើង​អនុវត្ដ​បាន​តែ​ទណ្ឌិត​ជាង​ ១២ ០០០​ នាក់​ទេ ​ដែល​អាច​អនុ​វត្ដ​ព្រះរាជ​ក្រឹត្យ​នេះ​បាន។ ចំណែក​ពិរុទ្ធជន​ជាង​ ១៦ ០០០ នាក់​ទៀត​ ទោះបី​អ្នក​ទាំង​នោះ​បាន​កាត់ក្ដី​រួច​ទៅ​ហើយ​ក្ដី​ ប៉ុន្ដែ​អ្នក​ខ្លះ​មិន​ទាន់មាន​សាល​ក្រម​ស្ថាពរ ​និង​អ្នកខ្លះ​ទៀត​នៅ​ជាប់​បណ្ដឹង​ឧទ្ធរណ៍​នៅ​ឡើយ»៕