តាកែវៈ នៅ​ពេល​ដែល​ ហេងនី សើច មាន​ស្នាម​ជ្រួញ​ជា​​ខ្សែៗ​នៅ​លើ​ផ្ទៃមុខ​របស់​គាត់​។ អង្គុយ​នៅ​មុខ​ផ្ទះ​ដ៏សាមញ្ញ​ឃើញ​មាន​ឆ្មា​ និង​មាន់​បួន​ដប់​ក្បាល​កំពុង​រត់​ជុំវិញ​ជើង​របស់​គាត់ៗ​បាន​ញញឹម​នៅ​ពេល​និយាយ​អំពី​ទំនាក់​ទំនង​របស់​គាត់​។ លោក និង​ភរិយា​មើល​ទៅ​ដូច​គូ​ស្វាមី​ភរិយា​ធម្មតា​ដែរ​ ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​គឺ​លោក នី ​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​។

ថ្វី​បើ​ពេល​នេះ​ពួកគាត់​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគាត់​នៅ​ក្នុង​ភូមិ​តាសូ ឃុំ​ត្រពាំងសាប ស្រុក​បាទី ខេត្ត​តាកែវ​ក្តី​ប៉ុន្តែ​អ្វីៗ​ទាំងអស់​មិនមែន​សុទ្ធ​តែ​ងាយស្រួល​នោះ​ទេ​។

លោក​ឲ្យ​ដឹង​ថា​៖ «​ឪពុកម្តាយ​ និង​ជីដូន​របស់​គាត់​ (​ភរិយា​) ​បាន​ចោទ​ខ្ញុំ​ថា ខ្ញុំ​បាន​ដាក់​ស្នេហ៍​ធ្វើឲ្យ​នាង​ស្រឡាញ់​ខ្ញុំ​។ ពួកគេ​បាន​ព្យាយាម​បំបែក​ពួកយើង​។ ពួកគេ​ថែម​ទាំង​បាន​នាំ​នាង​ទៅ​នៅ​ផ្ទះ​គ្រូ​មន្តអាគម​មួយ​ថែម​ទៀត​ផង​ដើម្បី​ឲ្យ​ស្រោច​ទឹក​ស្តោះផ្លុំ​ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្នេហ៍​ខ្ញុំ​។ និយាយ​ដល់​ចំណុច​នេះ​បុរស​ (​ស្ត្រី​ដើរ​តួ​ជា​បុរស​) ​វ័យ​ ៥០ ​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ដោយ​ផ្ទុះ​សំណើច​ថា​៖ «​ប៉ុន្តែ​គាត់​បាន​វិល​ត្រឡប់​មក​រក​ខ្ញុំ​វិញ​»​។

មិន​ត្រឹម​តែ​គាត់​បាន​វិល​ត្រឡប់​មក​រក​លោក នី វិញ​ប៉ុណ្ណោះ​ទេ​ពួកគេ​ក៏​បាន​បង្កើត​ក្រុម​គ្រួសារ​មួយ​ និង​បាន​សុំ​កូន​ចិញ្ចឹម​ចំនួន​ ២ ​នាក់​ថែម​ទៀត​ផង​ដែល​រហូត​មក​ដល់​ពេល​នេះ​កូន​ម្នាក់​មាន​អាយុ​​ ២៤ ​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​ ២ ​ឆ្នាំ​។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​ (LGBT) ជា​រឿយៗ​ពួកគេ​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​មាន​គូ​ស្វាមី​ភរិយា​ជាច្រើន​គូ​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​អាច​សុំ​កូន​យក​មក​ចិញ្ចឹម​បាន​មិន​ថា​តាម​ផ្លូវការ​ ឬ​ក្រៅ​ផ្លូវការ និង​គ្មាន​មូលដ្ឋាន​ច្បាប់​ក៏ដោយ​។ ប៉ុន្តែ​​ចំណុច​នេះ​គូ​ស្វាមី​ភរិយា​នោះ​ក៏​ត្រូវ​រង់ចាំ​ការ​សម្រេច​យល់ព្រម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ដែរ​។

របាយការណ៍​ជាច្រើន​បាន​បង្ហាញ​ថា​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​នោះ​សុំ​កូន​យក​មក​ចិញ្ចឹម​នោះ​ពួកគេ​ទទួល​បាន​ការ​គាំទ្រ​កើនឡើង​ពី​ក្រុម​គ្រួសារ​ និង​សហគមន៍​របស់​ពួកគេ​។

លោក នី ​និង​ភរិយា របស់​គាត់​ឈ្មោះ​ ប៉ែល ញ៉ក់ បាន​ជួប​គ្នា​ក្នុង​របប​ប៉ុលពត​នៅ​ពេល​ដែល​ពួកគាត់​នៅ​ជា​ក្មេង​ជំទង់​។ លោក​ថ្លែង​ថា​ពី​ដំបូង​ពួកគាត់​គ្រាន់​តែ​ជា​មិត្តភក្ដិ​នឹង​គ្នា​ប៉ុណ្ណោះ​ហើយ​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​នៅ​ពីរ​បី​ឆ្នាំ​ក្រោយ​បន្ទាប់ពី​របប​ពិឃាត​នោះ​បាន​បញ្ចប់​។

លោក​ឲ្យ​ដឹង​ថា​៖ «​ពី​ដំបូង​ភូមិ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ជួយ​ជីក​ស្រះ​ដើម្បី​ស្ទុក​ទឹក​ដូច្នេះ​ហើយ​យើង​ទាំង​ ២ ​ក៏​បាន​ទៅ​ចូលរួម​ជីក​ស្រះ​នោះ​ជាមួយ​គ្នា និង​ញុំ​អាហារ​ជាមួយ​គ្នា​។ យើង​ចាប់ផ្តើម​យក​ចិត្ត​ទុក​ដាក់​ពី​គ្នា​ទៅវិញ​ទៅមក​»​។

រហូត​មក​ដល់​ឆ្នាំ​ ១៩៨៤ ​ទើប​គូ​ស្វាមី​ភរិយា​នេះ​មាន​បំណង​ចង់​ផ្លាស់​មក​រស់នៅ​ជាមួយ​គ្នា​ជា​គម្រោង​មួយ​ដែល​គ្រួសារ​របស់​ពួកគេ​មិន​យល់​ស្រប​នោះ​ទេ​។

លោក​ នី បាន​រំឭក​ឡើង​វិញ​ថា​ប្រសិន​បើ​គាត់​ចង់​រស់នៅ​ផ្ទះ​ខាង​ប្រពន្ធ​របស់​គាត់​នោះ​នៅ​ពាក់​កណ្តាល​យប់​ឪពុកក្មេក​គាត់​នឹង​ព្យាយាម​ធាក់​គាត់​ចេញ​។

លោក​ថ្លែង​ដោយ​សំណើច​ថា​៖ «​ឪពុក​របស់​គាត់​បាន​ត្រៀម​កាំបិត​ទុក​ជា​ស្រេច​គឺ​គាត់​គ្រាន់​តែ​ចង់​បំភ័យ​ខ្ញុំ​ប៉ុណ្ណោះ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្លាច​ទេ​»​។ បន្ទាប់​មក​គាត់​ចង្អុល​ទៅ​ផ្ទះ​មួយ​នៅ​ជាប់​នោះ​ថា​នោះ​គឺជា​ផ្ទះ​ដែល​គ្រួសារ​របស់​គាត់​រស់នៅ​»​។ គ្រួសារ​របស់​អ្នកស្រី​ ញ៉ក់ មិន​ចង់​ឱ្យ​កូនស្រី​របស់​ពួកគេ​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រី​ដែល​មាន​ចរិត​ជា​បុរស​នោះ​ទេ​។

អ្នក​ស្រាវជ្រាវ​លោកស្រី Kasumi Nakagawa បាន​ថ្លែង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្រី​ស្រឡាញ់​ស្រី​ជា​គូ​ដែល​ដៃគូ​ម្ខាង​ដើរ​តួ​ជា​បុរស ប៉ុន្តែ​ការ​ទទួល​ស្គាល់​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​នៅ​ទូទាំង​ប្រទេស​។

លោកស្រី​បញ្ជាក់​តាមរយៈ​អ៊ីមែល​ថា​៖ «​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួប​ប្រទះ​គឺ​អាស្រ័យ​លើ​ទីតាំង​ដែល​ពួកគេ​រស់នៅ​។ សហគមន៍​ខ្លះ​មាន​ការ​ទទួល​ស្គាល់​ច្រើន​ចំពោះ​គ្រួសារ​បែប​នេះ​ហើយ​អាជ្ញាធរ​ក៏​បាន​ផ្តល់​សៀវភៅ​គ្រួសារ​ដល់​ពួកគេ​ផង​ដែរ ប៉ុន្តែ​សហគមន៍​ខ្លះ​មិន​ទទួល​ស្គាល់​គ្រួសារ​បែប​នេះ​ច្រើន​នោះ​ទេ​»​។

ជា​ឧទាហរណ៍​លោកស្រី​បន្ថែម​ថា​ការ​មិន​ទទួល​ស្គាល់​បែប​នេះ​គឺ​មាន​នៅ​តាម​សហគមន៍​ជនជាតិ​មូស្លីម​មួយ​ចំនួន​ដែល​លោកស្រី​បាន​ទៅ​ធ្វើការ​ស្រាវជ្រាវ​ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ព្យាយាម​លាក់​បាំង​អត្តសញ្ញាណ​ភេទ​របស់​ពួកគេ​ដែរ​។ ដោយសារ​តែ​ការ​ទទួល​ស្គាល់​មាន​ភាព​ខុស​គ្នា​បែប​នេះ​ហើយ​ទើប​ធ្វើឲ្យ​កសិករ​អាយុ​ ៤៩ ​ឆ្នាំ​ម្នាក់​ឈ្មោះ ស្រីពេជ (​ឈ្មោះ​ប្រឌិត​ដើម្បី​ការពារ​ប្រភព​) ​ដែល​រស់នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ក្នុង​ជីវិត​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​។

ស្រីពេជ បាន​ថ្លែង​ថា​គាត់​បាន​ស្រឡាញ់​ស្រី​ម្នាក់​ដែល​ស្លៀកពាក់​ដើរ​តួ​ជា​បុរស​នៅ​ពេល​ដែល​គាត់​មាន​អាយុ​ ១៦ ឆ្នាំ ប៉ុន្តែ​ឪពុកម្តាយ និង​សហគមន៍​របស់​គាត់​មិន​យល់​ស្រប​ឡើយ​។

អ្នកស្រី​បន្ត​ថា​៖ «​ពួកគេ​រើសអើង​ពួកយើង​។ ពួកគេ​បាន​ហៅ​ស្វាមី​របស់​ខ្ញុំ​ថា [​អាខ្ទើយ​] ខ្ញុំ​ចូលចិត្ត​គាត់​ពីព្រោះ​គាត់​ជា​មនុស្ស​ដែល​ចេះ​ជួយ​យក​អាសា​គេ ហើយ​គាត់​តែងតែ​ផ្តល់​ចំណី​អាហារ​ឱ្យ​ខ្ញុំ​ញុំា​ និង​បាន​ជួយ​ធ្វើ​កិច្ចការ​ខ្ញុំ​ជាដើម​»​។

ស្រីពេជ បន្ថែម​ថា​ទោះបី​ខ្ញុំ​មិន​មាន​បញ្ហា​នៅ​ពេល​គេ​និយាយ​អាក្រក់​ពី​ស្វាមី​របស់​ខ្ញុំ​ ប៉ុន្តែ​ស្វាមី​ខ្ញុំ​គាត់​ពិត​ជា​អន់​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​គាត់​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​បុរស​ម្នាក់​នៅ​ក្នុង​សហគមន៍​។

នៅ​ក្នុង​ករណី​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ លោកស្រី Nakagawa បាន​ឲ្យ​ដឹង​ថា ​គ្រួសារ​កម្ពុជា​ជាច្រើន​បាន​ដាក់​ទណ្ឌកម្ម​កូនៗ​របស់​ពួកគេ​ដោយ​បង្ខំ​ឱ្យ​រៀបការ​ទោះបី​ជា​កូន​នោះ​ត្រូវ​បាន​កំណត់​ថា​មាន​បញ្ហា​ផ្លូវភេទ​ខុស​ធម្មជាតិ​តាំង​ពី​កំណើត​ក្តី​។ ប៉ុន្តែ​ថ្វីបើ​មិន​មាន​ការ​យល់​ស្រប​ពី​គ្រួសារ​របស់​ដៃគូ​គាត់​ក្តី​ក៏​គ្រួសារ​របស់​អ្នកស្រី​ ញ៉ក់ ដែល​រស់នៅ​ខេត្ត​តាកែវ​មិន​ដែល​បង្ខំ​កូន​គាត់​ឲ្យ​រៀបការ​ជាមួយ​នរណា​ម្នាក់​ផ្សេង​ទេ​ហើយ​អ្វីៗ​ហាក់​បាន​ល្អ​ប្រសើរ​ឡើង​នៅ​ពេល​ដែល​គ្រួសារ​គាត់​បាន​មើល​ឃើញ​ថា​លោក​ នី ​ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម​ខិតខំ​ធ្វើការ​។

លោក​ នី ​ថ្លែង​ហាក់​មាន​មោទនភាព​ខ្លួនឯង​ថា​៖ «​ក្រោយ​មក​ពួកគេ​ក៏​បាន​ទទួល​ខ្ញុំ​។ ពី​ដំបូង​ពួកគេ​ស្អប់​ខ្ញុំ​ណាស់​ហើយ​ព្យាយាម​បំបែក​ពួកយើង​ ប៉ុន្តែ​ក្រោយ​មក​ពួកគេ​បាន​មើល​ឃើញ​ថា​ខ្ញុំ​ជា​មនុស្ស​ឧស្សាហ៍​ខិតខំ​ធ្វើការ​ និង​ជា​អ្នក​រកស៊ី​ចិញ្ចឹម​គ្រួសារ ពួកគេ​ក៏​យល់​ព្រម​»​។

លោក ហេង នឿន ជា​កូន​ចិញ្ចឹម​ចង្អុល​បង្ហាញ​រូបភាព​ខ្លួន​កាលពី​នៅ​ក្មេង​។ហុង មិនា

លោក​ពន្យល់​ថា​ផ្នែក​សំខាន់​នៃ​ការ​ទទួល​ស្គាល់​នេះ​គឺ​ស្ថិត​នៅ​លើ​ចំណុច​គ្រឹះ​នៃ​ក្រុមគ្រួសារ​នោះ​។

លោក​រៀបរាប់​ថា​៖ «​ពួកគេ​ឈប់​ស្អប់​យើង​ដោយសារ​តែ​ពួកគេ​មើល​ឃើញ​ថា​គ្រួសារ​យើង​មាន​ការ​រីកចម្រើន​។ ឥឡូវ​នេះ​គ្រួសារ​របស់​ភរិយា​គាត់​ថែម​ទាំង​ជួយ​ថែទាំ​មើល​កូនៗ​ពួកគាត់​ថែម​ទៀត​ផង​។ ខ្ញុំ​ចង់​យក​ក្មេង​ម្នាក់​មក​ចិញ្ចឹម​ពីព្រោះ​ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​ខ្ញុំ​ចាស់​ទៅ​នឹង​នៅពេល​ដែល​ខ្ញុំ​ឈឺ​នោះ​កូន​ខ្ញុំ​អាច​មើល​ថែ​ខ្ញុំ​បាន​»​។

នៅឯ​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​វិញ​ស្រីពេជ​ និង​ស្វាមី​របស់​គាត់​ក៏​បាន​សុំ​កូន​គេ​មក​ចិញ្ចឹម​ដែរ​ដោយសារ​ពួកគាត់​សង្ឃឹម​ថា​កូន​នោះ​នឹង​ជួយ​មើល​ថែ​នៅ​ពេល​ពួកគាត់​ចាស់ៗ​ទៅ​។

ស្រីពេជ ​ថ្លែង​ថា​៖ «​ខ្ញុំ​ស្រឡាញ់​ពួកគេ​ដូច​កូន​ខ្ញុំ​បង្កើត​អ៊ីចឹង ដូច្នេះ​ពេល​នេះ​យើង​បាន​ក្លាយ​ទៅ​​ជា​គ្រួសារ​មួយ​ដូច​គ្រួសារ​ដទៃ​ទៀត​ដែរ​»​។

យោង​តាម​របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ​ស្តីពី​គូ​ស្វាមី​ភរិយា​ស្រឡាញ់​ភេទ​ដូច​គ្នា LGBT គឺ​ប្រហែល​ ៨៨% នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​បង្ហាញ​ថា​ការ​មាន​កូន​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគេ​។ ប៉ុន្តែ​ខណៈ​ពេល​ដែល​គ្រួសារ​របស់​អ្នកស្រី​ ញ៉ក់ និង​លោក​ នី ​មាន​ការ​ទទួល​ស្គាល់​កាន់តែ​ច្រើន​នៅ​ពេល​ដែល​ពួកគេ​សុំ​កូន​យក​មក​ចិញ្ចឹម​នោះ ស្រីពេជ បែរ​ជា​រៀបរាប់​រឿងរ៉ាវ​ផ្សេង​ពី​នេះ​ទៅ​វិញ​។

អ្នកស្រី​ថ្លែង​ថា​ពី​ដំបូង​ឪពុកម្តាយ​របស់​គាត់​មិន​យល់​ស្រប​ពី​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​ដៃគូ​គាត់​ទេ​ដោយ​គេ​យល់​ថា​ពួកគាត់​នឹង​មិន​មាន​អនាគត​ទេ​ពី​ព្រោះ​ពួកគាត់​មិន​អាច​មាន​កូន​បាន​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពួកគាត់​បាន​សុំ​កូន​គេ​មក​ចិញ្ចឹម​រហូត​ដល់​ ៣ ​នាក់​ដែល​ម្នាក់​មាន​អាយុ​ ៩ ​ឆ្នាំ​ម្នាក់​មាន​អាយុ​ ១៤ ​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​ ១៨ ​ឆ្នាំ​។ ប៉ុន្តែ​ការ​ទទួល​ស្គាល់​ហាក់​មិន​បាន​ប្រសើរ​ឡើង​ច្រើន​នោះ​ទេ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ពួកគេ​បាន​សួរ​យើង​ដោយ​សើច​ចំអក​ថា​តើ​ហេតុអ្វី​បាន​ជា​ពួក​ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូនៗ​ទាំង​បី​នាក់​នោះ​ម៉េច​ខ្ញុំ​មិន​ទុក​លុយ​នោះ​វិញ​ទៅ​?»​។

ស្រីពេជ បាន​បន្ថែម​ទៀត​ថា​អ្នកស្រី​ព្រួយ​បារម្ភ​ថា​ខ្លាច​កូនៗ​របស់​គាត់​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា​ប្តី​របស់​គាត់​គឺជា​ស្ត្រី​ភេទ​ដូច​រូប​គាត់​ដែរ ដោយ​អ្នកស្រី​ពន្យល់​ថា​កូនៗ​របស់​គាត់​មិន​ទាន់​បាន​ដឹង​ទេ​បើ​ទោះបី​ជា​ប្តី​របស់​គាត់​មិន​ដែល​បាន​ឆ្លងកាត់​ការ​វះកាត់​ប្តូរ​ភេទ​ក្តី ម្យ៉ាង​វិញ​ទៀត​សុដន់​គាត់​រាប​ស្មើ​អ៊ីចឹង​គាត់​អាច​បិទ​បាំង​អត្តសញ្ញាណ​ភេទ​ពី​​កំណើត​របស់​គាត់​បាន​។

របាយការណ៍​របស់​ CCHR បាន​រកឃើញ​ថា​សិទ្ធិ​ទទួល​សុំ​កូន​ចិញ្ចឹម​ពេញ​លេញ​ត្រូវ​បាន​អ្នក​ឆ្លើយតប​ជិត​ ​៧០ ភាគរយ​យល់​ឃើញ​ថា​វា​សំខាន់​ណាស់​ដើម្បី​កាត់បន្ថយ​ការ​រើសអើង ខណៈ​ដែល​ច្បាប់​នេះ​អាច​ការពារ និង​គាំទ្រ​ពួកគេ​បាន​។

ត្រឡប់​ទៅ​ខេត្ត​តាកែវ​វិញ​អ្នកស្រី​ ញ៉ក់ មាន​ហេតុ​ផល​តិចតួច​ជាង​នេះ​សម្រាប់​ការ​ចង់​បាន​កូនចិញ្ចឹម​។

អ្នកស្រី​ថ្លែង​ដោយ​ញញឹម​ថា​៖ « នៅ​ពេល​ខ្ញុំ​ឃើញ​គ្រួសារ​ដទៃ​មាន​កូន​ខ្ញុំ​ក៏​ចង់​បាន​កូន​ដែរ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​ម្យ៉ាង​។ ប៉ុន្តែ​ឥឡូវ​​នេះ​កូនៗ​របស់​ខ្ញុំ​បាន​ចូល​មក​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​ហើយ​។ ​អ្នកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​តែងតែ​គិត​ថា​គ្រួសារ​របស់​ខ្ញុំ​គឺជា​គ្រួសារ​មួយ​ដ៏រីករាយ​។ ខ្ញុំ​សប្បាយ​ចិត្ត ... ខ្ញុំ​ស្រឡាញ់​កូនៗ​របស់​ខ្ញុំ​ដូច​កូន​បង្កើត​របស់​ខ្ញុំ​អ៊ីចឹង​។ ​ពួកគេ​ជា​ក្មេង​ដែល​កតញ្ញូ​»​។

បន្ទាប់​មក​អ្នកស្រី​និយាយ​ក្នុង​លក្ខណៈ​ម៉ឺងម៉ាត់​ហើយ​លេងសើច​នៅ​ពេល​អ្នកស្រី​រំឭក​អំពី​ការ​បាត់បង់​កូនចិញ្ចឹម​ទី​ ១ ​របស់​អ្នកស្រី​។ ពួកគេ​បាន​ស្មុំ​កូន​មួយ​អាយុ​ ១ ​ថ្ងៃ​បន្ទាប់ពី​ពួកគេ​រើស​មក​នៅ​ជាមួយ​គ្នា ប៉ុន្តែ​កូនស្រី​នោះ​បាន​ស្លាប់​នៅ​ពេល​មាន​អាយុ​ ៧ ​ខែ​។ អ្នកស្រី ញ៉ក់ ជឿ​ថា​វា​បណ្តាល​មកពី​ការ​ខ្វះ​អាហារូបត្ថម្ភ​។ «​កាល​ពេល​នោះ​មិន​មាន​រូបមន្ត​សម្រាប់​ការ​ចិញ្ចឹម​ក្មេង​។ យើង​គ្រាន់​តែ​បញ្ចុក​បបរ​»​។

នៅ​ពេល​ពួកគេ​បាន​ជ្រើសរើស​លោក ហេង នឿន មក​ចិញ្ចឹម​ប្រហែល​ក្នុង​ឆ្នាំ​ ១៩៩៣ គាត់​ឈឺ​ញឹកញាប់​។

អ្នកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​ភ័យខ្លាច​ខ្លាំង​ណាស់​ថា​គាត់​នឹង​ស្លាប់​ដូច​កូន​ទី​ ១ ​របស់​ខ្ញុំ​»​។

ទោះ​យ៉ាង​ណា​ក្តី​ដោយសារ​មាន​រូបមន្ត​សម្រាប់​ទារក​ដែល​ឥឡូវ​នេះ​សំបូរ​កូនស្រី​អាយុ​ ២ ​ឆ្នាំ​របស់​អ្នកស្រី​មាន​សុខភាព​ល្អ​។ ពួកគេ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​សំណាង​ចំពោះ​ការ​ស្មុំ​កូន​របស់​ពួកគេ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​។ បើ​ទោះបី​ជា​ពួកគេ​មិន​ដែល​បាន​រៀបការ​តាម​ប្រពៃណី និង​មិន​មាន​សំបុត្រ​អាពាហ៍ពិពាហ៍ សៀវភៅ​គ្រួសារ​របស់​ពួកគេ​បាន​ចុះ​ឈ្មោះ​ពួកគេ​ជា​ប្តី​ប្រពន្ធ ឪពុកម្តាយ​នៃ​កូន​ ២ ​នាក់​ហើយ​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​បាន​ចុះហត្ថលេខា​លើ​លិខិត​ស្មុំ​កូន​របស់​ពួកគេ​។

បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ២១,៥ ​ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​ពួកគេ​អំពី​ការ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ដែល​បាន​រៀបការ​ «​គ្រួសារ​ឥន្ទធនូ​» ​គឺ​មាន​សៀវភៅ​គ្រួសារ​។

ចំពោះ​លោក នី នេះ​គឺ​អាច​ទៅ​រួច​បើ​ទោះបី​ជា​ច្បាប់​របស់​កម្ពុជា​មិន​ផ្តល់​ការ​ទទួល​ស្គាល់​យេនឌ័រ អាជ្ញាធរ​បាន​កត់សម្គាល់​លោក នី ជា ​«​ប្រុស​» ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​របស់​គាត់​។

លោក នី បាន​ថ្លែង​បន្ត​ថា​៖ «​ពួកគេ​ឃើញ​លក្ខណៈ​របស់​ខ្ញុំ ដូច្នេះ​ពួកគេ​ដាក់​ថា «​ប្រុស​»​។ តាមរយៈ​អត្តសញ្ញាណ​នេះ​ពួកគេ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឆ្លើយតប​ប្រមាណ​ ៣៩ ​ភាគរយ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ជា​ប្តី​ប្រពន្ធ​នៅ​ក្នុង​សៀវភៅ​គ្រួសារ​របស់​ពួកគេ ខណៈ​ជិត​ ២២ ​ភាគរយ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បងប្អូន​បង្កើត​។ អ្នក​ដទៃៗ​ទៀត​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ជា​ដៃគូ និង​មេ​គ្រួសារ ឬ​មិន​ដាក់​ចំណាត់​ថ្នាក់​ទំនាក់​ទំនង​របស់​ពួកគេ​។

លោក មែន វណ្ណា មេប៉ុស្តិ៍​នគរបាល​សង្កាត់​ត្រពាំងសាប​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​លោក​ទើប​តែ​ប្រកាន់​ជំហរ​របស់​លោក​កាលពី​ចុង​ឆ្នាំ​ ២០១៧ ហេតុ​ដូច្នេះ​លោក​មិន​បាន​ចេញ​សៀវភៅ​គ្រួសារ​ទៅ​លោក នី និង ញ៉ក់ ទេ​។

លោក​បាន​ថ្លែង​បន្ត​ថា​ ជា​ការពិត​លោក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​ដៃគូ​ភេទ​ទី​ ៣ ​ចង់​ធ្វើ​សៀវភៅ​គ្រួសារ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​សរសេរ​ឲ្យ​ពួកគេ​យ៉ាង​ម៉េចពីព្រោះ​ជា​ធម្មតា​សៀវភៅ​គ្រួសារ​គឺ​មាន​ប្តី ប្រពន្ធ និង​កូន​»​។

ស្រ៊ុន ស្រន សកម្មជន​លើក​កម្ពស់​ភេទ​ទី​ ៣ LGBT បាន​ថ្លែង​ថា​ក្នុង​ប្រទេស​កម្ពុជា ការ​អនុវត្ត​ច្បាប់​មិន​តឹងរ៉ឹង​គឺ​ធ្វើឲ្យ​​វា​អាច​ទៅ​រួច​សម្រាប់​គ្រួសារ​ឥន្ទធនូ​ក្នុង​ការ​ស្មុំ​កូន​។ «​ពួកគេ​ភាគច្រើន​បំផុត​មាន​កូន​ដែល​ត្រូវ​បាន​សុំ​មក​ចិញ្ចឹម​។ ពួកគេ​មួយ​ចំនួន​មាន​កូន​ ៧ ​ទៅ​ ៨ ​នាក់​មាន​ចៅ និង​មាន​ចៅទួត​មួយ​ចំនួន​ទៀត​»​។ «​នៅ​កម្ពុជា​ច្បាប់​មិន​ស្ថិត​នៅ​ក្នុង​ការ​អនុវត្ត​ហើយ​គេ​អាច​សុំ​កូន​ទៅ​តាម​ការ​ចរចា​ជាមួយ​ឪពុក​ម្តាយ​បង្កើត​ ឬ​គ្រួសារ​»​។

ទោះ​យ៉ាង​ណា​ក្តី​មេឃុំ​សង្កាត់​ដែល​មិន​តឹងរ៉ឹង​នៅ​ក្នុង​ការ​អនុវត្ត​បាន​ធ្វើឲ្យ​មាន​ការ​ស្មុំ​កូន​ដោយ​ប្តី​ប្រពន្ធ​ភេទ​ដូច​គ្នា​។

ស្រន បាន​ថ្លែង​ថា ការ​ខ្វះ​ការ​ការពារ​ដោយ​ច្បាប់​គឺជា​បញ្ហា​ប្រឈម​បំផុត​សម្រាប់​ប្តី​ប្រពន្ធ​ភេទ​ដូច​គ្នា ខណៈ​ពួកគេ​ភាគច្រើន​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ប្តី​ប្រពន្ធ​នៅ​ក្នុង​សៀវភៅ​គ្រួសារ ហើយ​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​អត្តសញ្ញាណ​យេនឌ័រ​របស់​ពួកគេ​។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ការ​មាន​សៀវភៅ​គ្រួសារ​គឺ​សំខាន់​សម្រាប់​ការ​ស្មុំ​កូន ខណៈ​ជិត​ ៧០ ​ភាគរយ​នៃ​ដៃគូ​ដែល​មាន​សៀវភៅ​គ្រួសារ​គឺ​មាន​កូន​។

ខណៈ​ការ​រៀបការ​ភេទ​ដូច​គ្នា​មិន​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​បំផុត​នៃ​ដៃគូ​ភេទ​ដូច​គ្នា​ដែល​រស់នៅ​ជាមួយ​គ្នា​បាន​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​ថា ១ ​ស្រី ១ ​ប្រុស​។ អ្នក​និពន្ធ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ធ្វើ​ទឡ្ហីករណ៍​ថា​ច្បាប់​ស្តីពី​ការ​ទទួល​ស្គាល់​យេនឌ័រ​នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រើសអើង​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ធ្វើឲ្យ​មាន​លក្ខណៈ​សាមញ្ញ​ចំពោះ​ការ​ស្មុំ​កូន និង​ការ​រៀបការ​។

លោក ស្រន បាន​ថ្លែង​ថា​ការ​ស្មុំ​កូន​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​លុយ ហើយ​ករណី​របស់​លោក នី និង​ញ៉ក់​ក៏​ដូច្នេះ​ដែរ​។ ចំពោះ​កូន​ទី​​ ១ ​របស់​ពួកគេ ពួកគេ​បាន​ផ្តល់​ប្រាក់​ចំនួន ៣០ ០០០ រៀល​ដល់​ម្តាយ​បង្កើត​ដែល​មិន​ចង់​ចិញ្ចឹម​កូន​នោះ​ដោយសារ​នាង​មិន​មាន​ទំនាក់​ទំនង​ជាមួយ​ឪពុក​កូន​នោះ​។

ចំពោះ​លោក ហេង នឿន ដែល​ជា​កូនប្រុស​របស់​អ្នក​ទាំង​ពីរ​បាន​ថ្លែង​ថា លោក​មិន​ខ្វល់​ទេ​ថា​តើ​កូន​ចិញ្ចើម​ ឬ​កូន​បង្កើត​គ្រាន់​តែ​ដឹង​ថា​ឪពុកម្តាយ​របស់​លោក​ស្រឡាញ់​លោក​ដូច​កូន​បង្កើត​។ នៅ​ក្នុង​លក្ខណៈ​និយាយ​ទន់ភ្លន់​លោក​បាន​និយាយ​អំពី​ការ​រើសអើង​ដែល​បាន​ប៉ះពាល់​ដល់​រូប​លោក​។ មិត្តភក្តិ​មួយ​ចំនួន​របស់​លោក​បាន​សួរ​អំពី​អត្តសញ្ញាណ​យេនឌ័រ​របស់​ឪពុក​លោក​ដោយ​សួរ​ថា​តើ​គាត់​ជា​ប្រុស​ ឬ​ស្រី​ហើយ​លោក​បាន​ថ្លែង​ទៅ​វិញ​ថា «​មាន​តែ​ក្មេង​ទេ​ដែល​សួរ​អ៊ីចឹង​»​។

«​យើង​មាន​អារម្មណ៍​ធម្មតា​ដោយសារ​យើង​ទទួល​យក​ស្ថានភាព​នេះ​»​។ ចំពោះ​អនុស្សាវរីយ៍​មួយ​ចំនួន​ដែល​លោក​ចូលចិត្ត​បំផុត​លោក​បាន​ចង្អុល​ទៅ​រូបថត​គ្រួសារ​គឺ​ការ​ទៅ​លេង​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​ជាមួយ​គ្រួសារ​គ្នា​ ៣ ​នាក់​។

លោក​បាន​ថ្លែង​ថា​លោក​ក៏​ត្រូវ​បាន​ឌឺដង​ពី​ក្មេង​ដទៃៗ​អំពី​ការ​មិន​បាន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​បង្កើត ប៉ុន្តែ​លោក​មិន​ខ្វល់​។ លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ដឹង​ថា ពួកគាត់​ស្រឡាញ់​ខ្ញុំ ដូច្នេះ​គ្មាន​អារម្មណ៍​អ្វី​ផ្សេង​ទេ​»​។

លោក​បាន​ថ្លែង​ថា​ម្តាយ​បង្កើត​របស់​លោក​បាន​មក​លេង​លោក​ពីរ​បី​ដង​កាល​ពេល​លោក​អាយុ​ប្រហែល​ ៧ ​ឆ្នាំ និង​បាន​ទិញ​នំ​ឲ្យ​លោក​ហូប​។

ទោះ​យ៉ាង​ណា​ក្តី​ម្តាយ​របស់​លោក​លែង​មក​លេង​លោក​នៅ​ពេល​គាត់​រើ​ទៅ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​។ «​ខ្ញុំ​អត់​ដឹង​ថា​តើ​ផ្ទះ​របស់​គាត់​នៅ​ឯណា​ទេ​។ គាត់​ថែម​ទាំង​មិន​ទាក់ទង​ខ្ញុំ​»​។

លោក ស្រន បាន​ថ្លែង​ថា​វិធី​មួយ​ទៀត​ក្នុង​ការ​ស្មុំ​កូន​គឺ​យក​កូន​ពី​បងប្អូន​បង្កើត​របស់​ខ្លួន​ដែល​ក្រីក្រ​ពេក​មិន​អាច​ចិញ្ចឹម​ពួកគេ​បាន​។

ចំពោះ​លោក នី និង ញ៉ក់ វិញ​វិធី​នេះ​ជា​វិធី​ដែល​ពួកគាត់​បាន​ស្មុំ​កូន​ទី​ ២ ​របស់​ពួកគាត់​ប្រហែល​ ២ ​ឆ្នាំ​មុន​។

លោក នី បាន​ថ្លែង​បន្ត​ថា​៖ «​ដោយសារ​បងប្អូន​ស្រី​របស់​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​មាន​កូន ហើយ​នាង​មាន​កូន​ច្រើន នាង​បាន​ឲ្យ​កូន​ខ្ញុំ​មួយ​»​។

ខណៈ ញ៉ក់ និង នី និង នឿន និយាយ​ថា​ពួកគេ​មិន​បាន​ជួប​ការ​រើសអើង​ខ្លាំង​ពី​ប្រជាជន​ក្នុង​សហគមន៍​របស់​ខ្លួន​ដូច​លោកស្រី Nakagawi បាន​ថ្លែង​ថា​រឿង​ដែល​លំបាក​ខ្លាំង​ជាង​នេះ​សម្រាប់​ប្តី​ប្រពន្ធ​ភេទ​ដូច​គ្នា​គឺ​ថា​កាល​ពេល​កើត​ពួកគេ​ត្រូវ​បាន​ដាក់​ថា​ភេទ​ប្រុស ប៉ុន្តែ​អត្តសញ្ញាណ​របស់​​ពួកគេ​ជា​ភេទ​ស្រី​។

លោកស្រី បាន​ថ្លែង​បន្ត​ថា​៖ «​យើង​បាន​រកឃើញ​ថា​មាន​ការ​ប្រកាន់​រឹងមាំ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា​ថា​ភេទ​ប្រុស​មិន​គួរ​ធ្វើ​លក្ខណៈ​ជា​ភេទ​ស្រី​ទេ​»​។

«​សង្គម​នេះ​បង្ហាញ​ថា​មនុស្ស​ប្រុស​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ជា​មេគ្រួសារ ហើយ​វា​ជា​ក្រឹត្យក្រម​សង្គម ដូច្នេះ​មាន​ការ​ប្រឆាំង​ពី​បុរស​ដែល​កំពុង​ព្យាយាម​ចេញ​ពី​ក្រុម​មនុស្ស​ប្រុស​។

ទោះ​យ៉ាង​ណា​ក្តី​លោកស្រី​បាន​ថ្លែង​ថា​ការ​ទទួល​យក​ហាក់បី​ដូចជា​មាន​ការ​កើនឡើង​ក្នុង​រយៈកាល​ឆ្នាំ​ចុងក្រោយ​ដោយសារ​សកម្មភាព​​តស៊ូ​មតិ​សកម្ម​ជាង​មុន ហើយ​សង្ឃឹម​ថា​ភាព​រើសអើង​នឹង​បញ្ចប់​។

នៅ​ក្នុង​ភូមិ​តាស៊ូ​យ៉ាង​ហោច​ណាស់​សហគមន៍​នេះ​ហាក់​​បី​ដូចជា​ទទួល​យក​ច្រើន​ចំពោះ​គ្រួសារ​ភេទ​ទី​ ៣ ហើយ​បើ​ទោះបី​ជា​នៅ​ក្នុង​គ្រួសារ​លោក នី មិន​មាន​ហ្ស៊ែន​ដូច​គ្នា ពួកគេ​រស់​នៅ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​៕ PS/NS