ភ្នំពេញៈ វិទ្យាស្ថាន​ពោធិខាយ៉ាវិឆាឡាយ៉ា ៩៨០ មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​នឹង​រៀបចំ​ដំណើរ​ធម្មយាត្រា​លើក​ទី​ ២ ឆ្លងកាត់​ប្រទេស​ចំនួន​ ៥ ​តាម​ដង​ទន្លេមេគង្គ​នៅ​ពាក់កណ្ដាល​ខែតុលា​ខាង​មុខ​នេះ ដើម្បី​ប្រមូលផ្ដុំ​ពុទ្ធសាសនិកជន​តំបន់​ទន្លេមេគង្គ​ឲ្យ​ក្លាយ​ជា​ធ្លុង​មួយ​បង្កើត​មិត្តភាព​តាមរយៈ​ព្រះធម៌ និង​រឹតចំណង​សម្ព័ន្ធភាព​ក្នុង​ប្រទេស​ទាំង​ ៥ ​ឲ្យ​កាន់តែ​រឹងមាំ​។

លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការ​វិទ្យាស្ថាន​ពោធិខាយ៉ាវិឆាឡាយ៉ា ៩៨០ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ដំណើរ​ធម្ម​យាត្រា​នេះ​នឹង​ធ្វើ​ឡើង​លើ​ចម្ងាយ​ផ្លូវ​ជាង​ ២​ ០០០ ​គីឡូម៉ែត្រ ដោយ​ជិះ​រថយន្ត និង​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ទាក់ទិន​នឹង​ការផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​។

ធម្មយាត្រា​នេះ​នឹង​ប្រព្រឹត្ត​ឡើង​ចាប់ពី​ថ្ងៃទី​​ ១៤ ដល់​ ៣១ ខែ​តុលា​ដោយ​ចេញ​ដំណើរ​ពី​វត្ត​ព្រះធាតុ​ផាង៉ៅ ស្រុក​ជាងសែន ខេត្ត​ឈាងរ៉ៃ ប្រទេស​ថៃ ហើយ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ប្រទេស​ឡាវ វៀតណាម ហើយ​នៅ​ទីបញ្ចប់​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ២៩ ខែ​តុលា ដោយមាន​ពិធី​នានា​នៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ៣០ និង​ ៣១​។

លោក ស៊ុផាឆៃ វីរៈភូជុង បាន​ឲ្យ​ដឹងថា ក្បួន​ធម្ម​យាត្រា​នេះ​មាន​ព្រះសង្ឃ និង​គ្រហស្ថ​ចំនួន​ ១២០ ​អង្គ​/​នាក់​ចូលរួម​។ កម្ពុជា​មាន​អ្នកចូលរួម​ចំនួន​ ២០ ​អង្គ​/​នាក់ ដឹកនាំ​ដោយ​សម្តេចព្រះ​ឧត្តមវង្សា មួង រ៉ា​។

លោក​បញ្ជាក់​ថា ធម្មយាត្រា​នេះ​ត្រូវ​បានទទួល​រ៉ាប់រង​ថវិកា​ទាំងស្រុង​ដោយ​វិទ្យាស្ថាន​ពោធិខាយ៉ាវិឆាឡាយ៉ា ៩៨០ ដែល​មាន​រូបលោក​ផ្ទាល់​ជា​ស្ថាបនិក​វិទ្យាស្ថាន​ដែល​បង្កើត​ឡើង​កាលពី​ ១៣ ​ឆ្នាំ​មុន​។

លោក​បាន​ថ្លែងថា​៖ «​ក្ដីស្រមៃ​របស់​យើង​ក្នុងប្រទេស​ទាំង​ ៥ ​តាម​ដង​ទន្លេមេគង្គ​នេះ​គឺ​ស្រមៃ​ឃើញថា ប្រទេស​ទាំង​ ៥ ​នេះ​រួមគ្នា​ក្នុង​ជំនឿ​ព្រះពុទ្ធសាសនា​តែមួយ ហើយ​យើង​នឹង​ផ្សព្វផ្សាយ​ធម៌​ព្រះពុទ្ធសាសនា​នេះ​ទៅដល់​កូនចៅ​របស់​យើង​ជំនាន់​ក្រោយ​បន្តទៀត​។ យើង​មាន​ឪពុក​តែ​ ១ ​គឺ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ហើយ​យើង​មាន​ម្ដាយ​តែ​ ១ ​ដែរ​គឺ​យើង​កើត​នៅក្នុង​ទឹកដី​ទន្លេមេគង្គ​ដូចគ្នា​»​។

លោក វីរៈភូជុង ថ្លែងបន្តថា​៖ «​យើង​ស្រមៃ​ឃើញថា​ទឹកដី​នេះ​នឹង​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​រហូត​ដល់​ ២៥០០ ​ឆ្នាំ​តទៅ​មុខ​ទៀត​នៃ​ពុទ្ធកាល​។ នេះ​ជា​គោលដៅ​នៃ​ការរៀបចំ​ធម្មយាត្រា​របស់​យើង​លើក​នេះ ហើយ​គ្មាន​អ្វីមួយ​ដែល​យើង​បង្កប់ ឬ​លាក់លៀម​ដែរ គោលដៅ​របស់​យើង​ចង់​ដំណើរ​ធម្មយាត្រា​នេះ​តែមួយគត់​»​។

លោក​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀតថា ធម្មយាត្រា​នេះ​នឹង​មាន​សកម្មភាព​នានា​ដូចជា​ការ​បិណ្ឌបាត សមាធិ វិបស្សនា​កម្មដ្ឋាន សូត្រមន្ត​នៅតាម​កន្លែង​សំខាន់ៗ ការដាំ​ដើមពោធិ៍​ចំនួន​ ១៨ ​ដើម​ដែល​យក​មក​ពី​ប្រទេស​ឥណ្ឌា​។ ដើមពោធិ៍​ភាគច្រើន​នឹង​ដាំ​នៅ​ប្រទេស​ឡាវ ពីព្រោះ​ធម្មយាត្រា​នេះ​នឹង​ចំណាយពេល​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នេះ​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរនោះ​បាន​ថ្លែងថា ធម្មយាត្រា​នេះ​មាន​សារៈសំខាន់​ដោយសារ​តែ​ប្រទេស​ទាំង​ ៥ ​នេះ​ត្រូវការ​ទំនាក់ទំនង​ផ្នែក​ស្មារតី សីលធម៌ ហើយ​ទំនាក់ទំនង​នេះ​គួរតែ​ត្រូវ​បាន​ពង្រឹង​តាមរយៈ​ព្រះពុទ្ធសាសនា ឬ​ការទូត​ព្រះពុទ្ធសាសនា​។

លោក​ថ្លែងថា បើទោះបី​ជា​ព្រះពុទ្ធ​បាន​ប្រសូត​នៅ​នេប៉ាល់ ឬ​ឥណ្ឌា​ក៏ដោយ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ​ការគោរព​ព្រះពុទ្ធសាសនា​ចម្បង​គឺ​នៅក្នុង​ប្រទេស​ទាំង​ ៥ ​នេះ​រហូត​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ពុទ្ធសាសនា​ខ្លះ​គិតថា ព្រះសិអារ្យ​មេត្រី​នឹង​ប្រសូត​នៅក្នុង​តំបន់​នេះ​។

លោក Panyarak Pool Thup ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ពិភពលោក​មាន​ភាពរីកចម្រើន​ផ្នែក​ព័ត៌មានវិទ្យា​ដែល​អាច​ឲ្យ​ទំនាក់ទំនង​រវាង​មនុស្ស​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី ហើយ​មនុស្ស​ជាច្រើន​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​។ ប៉ុន្តែ​មនុស្ស​ត្រូវតែ​សម្រាក​ខ្លះ ហើយ​ស្វែងរក​នូវ​សន្តិភាព​ផ្លូវចិត្ត ដើរ​យឺតៗ ហើយ​ស្វែងយល់​អំពី​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​។

លោក​ Panyarak Pool Thup ឯកអគ្គរាជទូត​ថៃ​ថ្លែងថា​៖ «​នេះ​ជា​អ្វីដែល​ដំណើរ​ធម្មយាត្រា​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ពោធិខាយ៉ាវិឆាឡាយ៉ា​ ៩៨០ ចង់​ឲ្យ​កើតមាន​។ ធម្មយាត្រា​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​ការផ្សព្វផ្សាយ និង​​ការពារ​ព្រះពុទ្ធសាសនា ហើយ​សង្កត់​លើ​គុណ​តម្លៃ​រួម ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​ព្រះពុទ្ធសាសនា​ដែល​ពលរដ្ឋ​នៅក្នុង​ប្រទេស​ទាំង​ ៥ ​នៃ​ទន្លេមេគង្គ​មាន​»​។

លោក​ថ្លែង​បន្ត​ថា​ធម្មយាត្រា​នេះ​មិន​ត្រឹមតែ​ជា​ឱកាស​ក្នុងការ​ធ្វើការ​ឆ្លុះបញ្ចាំង​ខ្លួនឯង​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ហាញ​នូវ​ភាពស្រដៀង​គ្នា និង​ភាពខុសគ្នា​នៃ​មនុស្ស វប្បធម៌ និង​ជំនឿ​ក្នុង​តំបន់​នីមួយៗ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ការឆ្លុះបញ្ចាំង​នេះ​នឹង​នាំ​ទៅ​ដល់​ការយល់​គ្នា​កាន់តែ​ច្បាស់ និង​ការអត់ធ្មត់​ដែល​នឹង​នាំ​ឲ្យ​ពួកយើង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​គ្នា និង​រួមចំណែក​ដល់​សន្តិភាព​ប្រកប​ដោយ​ចីរភាព​នៅក្នុង​ប្រទេស​ជិតខាង​នៃ​តំបន់​ទន្លេមេគង្គ​ដែល​ស្រប​ទៅ​តាម​គោលនយោបាយ​លើកកម្ពស់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​តាមរយៈ​ការទូត​ព្រះពុទ្ធសាសនា​»​។

លោក ណាថាវុធ ពោធិសារ៉ូ (Nattawut Pothisaro) អនុប្រធាន​សមាគម​មិត្តភាព​ថៃ-កម្ពុជា និង​ជា​អតីត​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​យល់ឃើញ​ថា ធម្មយាត្រា​នេះ​មិន​ត្រឹមតែ​ផ្សារភ្ជាប់​សម្ព័ន្ធ​មេត្រីភាព​រវាង​កម្ពុជា និង​ថៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្សារភ្ជាប់​មេត្រីភាព​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទន្លេ​​មេគង្គ​។

លោក ស៊ុផាឆៃ វីរៈភូជុង បាន​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ធម្មយាត្រា​លើក​ទី​ ១ នៅ​ឆ្នាំ​ ២០១៧ លោក​បានកត់​សម្គាល់​ឃើញ​ថា មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ឡាវ និង​ថៃ​។

ចំណែក​នៅក្នុង​ប្រទេស​ឡាវ លោក​ថា បក្ស​កុម្មុយនីស្ត​ឡាវ​បាន​បញ្ជា​ឲ្យ​បិទផ្លូវ​ទាំងអស់​ដើម្បី​ឲ្យ​ធម្មយាត្រា​ហែ​បាន​យ៉ាង​រលូន​ដោយ​មាន​ការចូលរួម​ពី​មនុស្សម្នា​រាប់រយ ឬ​ពាន់​នាក់​។ ចំណែក​នៅ​ខេត្ត​បៀនហាយ​របស់​វៀតណាម​វិញ​ក៏​មាន​ការស្វាគមន៍​យ៉ាងច្រើន​ដែរ​។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា​វិញ​លោក​ថា វា​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅពេល​ឆ្លងកាត់​ខេត្ត​ចំប៉ាសាក់​របស់​ឡាវ​ចូល​មក​ខេត្ត​ស្ទឹងត្រែង និង​ការដើរ​ថ្មើរជើង​ឆ្លង​កាត់​ស្ពាន​ទន្លេ​សេកុង​។

លោក​ថ្លែងថា​៖ «​នៅ​កណ្ដាល​ក្រុង​ស្ទឹងត្រែង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​នាំគ្នា​មក​ដាក់​បាត្រ​មិន​ចេះចប់​មិន​ចេះ​ហើយ​រហូតដល់​ទៅ​ ៣ ​ម៉ោង សូម្បីតែ​ឡាន Pickup ចំនួន​ ៨ ​គ្រឿង​មិន​អាច​ដឹក​នូវ​ទេយ្យទាន​នោះ​អស់​ផង​»​។

លោក សារាយ ឆុន អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​បាន​ថ្លែងថា ក្រសួង​ធម្មការ និង​សាសនា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការរៀបចំ​​ដំណើរ​ធម្មយាត្រា​នេះ​៕