មណ្ឌលគិរីៈ ដំរីដឹកភ្ញៀវទេសចរណ៍១ក្បាល របស់ជនជាតិដើមភាគតិចព្នង បានងាប់ដោយសារខ្វះអាហារ ក្រោយពេលចុះប្រេង ហើយត្រូវម្ចាស់វា ចាប់ចងអស់រយៈពេលជិត ១ ខែនៅក្នុងព្រៃ ស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ដំរីឈ្មោលដែលងាប់នេះ មានឈ្មោះបឹកគុ អាយុ ៣៥ ឆ្នាំ បានងាប់កាលពីវេលាម៉ោងប្រមាណ ៥ ល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រោយពីវាបានដួលសន្លប់ប្រមាណជិត ៨ ម៉ោង ដោយសារតែខ្វះអាហារ នៅក្នុងពេលកំពុងជាប់ចំណងនៅក្នុងព្រៃត្រង់ចំណុចអូរតេ។ នេះបើយោងតាមលោកពេជ្រ សុធារី នាយប៉ុស្តិ៍ រមនា ដែលបានចុះទៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយនឹងមន្រ្តីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
លោកសុធារី បានឲ្យដឹងថា ដំរីនេះ បានចុះប្រេង និងបានបំផ្លាញដំណាំពលរដ្ឋក្នុងភូមិពូតាំង នៅថ្ងៃទី ២៥ និង ២៦ ខែមី នាកន្លងមក និងមានការរាយការណ៍សុំអន្តរាគមន៍ទៅអង្គការសម្ព័ន្ធភាពសត្វព្រៃ (ហៅថាវ៉ាយអេដ)។ នៅថ្ងៃទី ២៧ ក្រុមការងាររបស់អង្គការ ក៏បានចុះទៅបាញ់ថ្នាំសណ្តំ ដើម្បីឲ្យម្ចាស់ឈ្មោះចុច ចេលចាប់ចង នៅក្នុងព្រៃ ដីចំការរបស់គាត់។
លោកនាយប៉ុស្តិ៍បញ្ជាក់ថា៖«ចាប់គ្នាចងរហូតមក ដល់ថ្ងៃទី ២១។ តាមយើងសន្និដ្ឋានទៅ វាដាច់បាយដាច់ទឹក ហើយដំរីក៏ធ្លាក់ខ្លួនឈឺបណ្តាលឲ្យស្លាប់។ ឲ្យចំណីខ្លះដែរ គឺមិនយកចិត្តទុកដាក់។ ណាមួយគ្នាខ្លាចផង បើចូលទៅជិតដំរី។ ខ្លាចដំរីធ្វើបាប ព្រោះមានម្តងហើយ ២០១៧ [ដំរីជាន់ម្ចាស់ស្លាប់]»។
កាលពីខែមេសា ឆ្នាំ ២០១៧ កន្លងមក ដំរីមួយក្បាល នៅក្នុងភូមិពូតាំងដដែលនេះ ត្រូវបានអាជ្ញាធរមានសត្ថកិច្ចបាញ់សម្លាប់ ក្រោយពេលដែលវាបានចុះប្រេង ហើយជាន់ម្ចាស់ស្លាប់ ព្រមទាំងបានបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិ និងបង្កឲ្យមានការភ័យខ្លាច។