ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

លោក កូន ទេន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អម្ពិល​ដែល​បាន​ចូលរួម​ដើរ​តាម​ឃ្លាំ​មើល​ពី​ដំណើរ​របស់​សត្វ​ដំរី​ព្រៃ​ញី​មួយ​ក្បាល​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សត្វ​ដំរីព្រៃ​ញី​មួយ​ក្បាល​នោះ​មាន​មាឌ​ធំ​ខ្ពស់​ និង​មាន​ទម្ងន់​ប្រមាណ​ជាង​មួយ​តោន​កន្លះ​។ លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់​ថា​ដំរី​ព្រៃ​ញី​នេះ​ដើរ​វង្វេង​ហ្វូង ឬ​ក៏​មាន​អាការ​ចង់​ដោយ​ឈ្មោល​។ វា​មិន​កាច​ទេ ប៉ុន្តែ​វា​ក៏​មិន​ត្រូវការ​ឲ្យ​យើង​ដើរ​ចូល​ទៅ​ក្បែរ​វា​ដែរ​»​។

បើ​តាម​ការអះអាង​របស់​លោក ឆាយ ដួងវិបុល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​អម្ពិល សត្វ​ដំរី​នោះ​បាន​ដេញ​ក្រុម​អ្នកភូមិ និង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល​ក្នុង​នោះ​ក៏​មាន​រូប​លោក​ផងដែរ ខណៈ​ព្យាយាម​ដើរ​តាម​ឃ្លាំមើល​ពី​សកម្មភាព​របស់​វា​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​។

លោក​ ដួងវិបុល ​បញ្ជាក់​ថា​៖ «​ខ្ញុំ​ និង​មន្ត្រី​របស់​ខ្ញុំ​រួម​ទាំង​អ្នកភូមិ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​សត្វ​ដំរីព្រៃ​ញី​មួយ​ក្បាល​នោះ​បំភ័យ ដោយ​រត់​តម្រង់​មក​រក​ពួកយើង​ជាមួយ​នឹង​សម្រែក​របស់​វា គ្រា​ដែល​យើង​បាន​ដើរ​ចូល​ទៅ​ប្រកៀក​នឹង​វា​ក្នុង​ចម្ងាយ ២០ ម៉ែត្រ​ទៅ​ ៣០ ​ម៉ែត្រ​។ ខ្ញុំ​បាន​រត់​ដួល​ជា​ច្រើន​ដង​ដោយសារ​ទាក់​ជើង​នឹង​ស្មៅ​នៅពេល​ដែល​វា​ដេញ​ក្នុង​អំឡុង​ពេល​នោះ​ទូរស័ព្ទ​របស់​ខ្ញុំ​មួយ​គ្រឿង​បាន​ជ្រុះ ហើយ​ត្រូវ​ដំរី​នោះ​រត់​ជាន់​បែក​អេក្រង់​ផង​ដែរ​»​។

លោក​បាន​បន្ត​ថា​យ៉ាង​ណា​ក៏ដោយ​ពុំ​មាន​អ្នកភូមិ​ ឬ​មន្ត្រី​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ហើយ​ក៏​គ្មាន​ការបំផ្លិច​បំផ្លាញ​ផលដំណាំ​របស់​ប្រជាកសិករ​ដែរ ហើយ​ដំរី​នោះ​វា​បាន​ចូល​មក​ក្នុង​ភូមិ​ដោយ​ស្ងប់ស្ងាត់ និង​ដោយ​សន្តិភាព​។

កាលពី​ម្សិលមិញ​លោក ហាំង ម៉េង អភិបាលស្រុក​បន្ទាយ​អម្ពិល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​គេ​ពុំ​ដែល​ជួប​ប្រទះ​សត្វ​ដំរី​ព្រៃ​ដើរ​ចេញ​ចូល​នៅ​ក្នុង​ទឹកដី​នៃ​ស្រុក​បន្ទាយ​អម្ពិល​នេះ​ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចិញ្ចឹម​សត្វ​ដំរី​ស្រុក​នោះ​ដែរ​។

លោក ហាំង ម៉េង បាន​បញ្ជាក់​ថា​៖ «​វត្តមាន​របស់​សត្វ​ដំរី​ព្រៃ​មួយ​ក្បាល​នេះ គឺជា​សញ្ញា​ប្រាប់ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​បន្ទាយ​អម្ពិល​របស់​យើង​ខ្ញុំ​នឹង​ទទួល​បាន​ជីវភាព​សម្បូរ​សប្បាយ និង​មាន​សុខសន្តិភាព​ពេញ​ដោយ​បរិបូរណ៍​»​។

លោក​បាន​បន្ត​ថា​នៅ​ពេល​នេះ​ក្រុមមន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន​នៃ​តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ និង​កម្លាំង​យោធា​ព្រំដែន​កំពុង​បន្ត​តាម​ឃ្លាំមើល​ពី​ដំណើរ​របស់​សត្វ​ដំរី​នោះ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​ដែល​វា​រស់នៅ​។

ប៉ុន្តែ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ [​ម្សិលមិញ​]​ នេះ​គេ​នៅ​ពុំ​ទាន់​បាន​ប្រទះ​សត្វ​ដំរី​ណា​ផ្សេង​ទៀត​ក្រៅពី​ដំរី​ញី​មួយ​ក្បាល​ដ៏ធំ​សម្បើម​នេះ​នៅ​ឡើយ​ទេ ខណៈ​វា​បាន​ដើរ​ឆ្លង​ចូល​ទៅ​កាន់​ជ្រលង​ជួរ​ភ្នំ​ដងរែក​ដែល​មាន​ព្រៃ​ក្រាស់ និង​កំពុង​ពួន​សំងំ​លាក់​ខ្លួន​នៅក្នុង​ព្រៃ​នោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ង៉ា ពៅ ប្រធាន​ស្នាក់ការ តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ ខេត្ត​ឧត្តរមានជ័យ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ជឿថា​ដំរី​ញី​នោះ​កំពុង​ដើរ​ស្វែងរក​ដៃគូ​របស់​វា គឺ​ដំរី​ឈ្មោល​ដើម្បី​បង្កាត់​ពូជ​។ នៅពេល​នេះ​ដំរី​នោះ​បាន​ដើរ​ចុះ​មក​ក្បែរ​ទំនប់​មួយ​ដែល​នៅ​ជាប់​ជ្រលង​ភ្នំ​នៃ​ជួរ​ភ្នំ​ដងរែក និង​បាន​បន្លឺ​សំឡេង​ហ្វូមៗ​ជាច្រើន​ដង ហាក់​ដង្ហោយ​ហៅ​ដំរី​ឈ្មោល​ ឬ​ហ្វូង​របស់​វា​»៕