មណ្ឌលគិរីៈ សត្វ​ដំរី​ដឹក​ភ្ញៀវទេសចរ​ ១ ក្បាល​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​បាន​ងាប់​ដោយសារ​ខ្វះ​អាហារ ក្រោយ​ពេល​ចុះប្រេង ហើយ​ត្រូវ​ម្ចាស់​ចាប់ចង​អស់​រយៈពេល​ជិត​ ១ ​ខែ​នៅ​ក្នុង​ព្រៃ​ស្ថិត​នៅ​ក្នុង​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ​។

ដំរី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ​ បឹកគុ អាយុ​ ៣៥ ​ឆ្នាំ​បាន​ងាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ ៥ ​ល្ងាច​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​មក​នេះ​ក្រោយ​ពី​វា​បាន​ដួល​សន្លប់​ប្រមាណ​ជិត​ ៨ ​ម៉ោង​ដោយសារ​តែ​ខ្វះ​អាហារ​នៅ​ពេល​ដែល​វា​ជាប់​ចំណង​នៅ​ក្នុង​ព្រៃ​ត្រង់​ចំណុច​អូរតេ​។ នេះ​បើ​យោង​តាម​លោក​ ពេជ្រ សុធារី នាយ​ប៉ុស្តិ៍​រមនា​ដែល​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រូប​។

លោក សុធារី បាន​ឲ្យ​ដឹង​ថា​ដំរី​នេះ​បាន​ចុះ​ប្រេង និង​រើ​ដាច់​ច្រវាក់ ហើយ​បាន​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ក្នុង​ភូមិ​ពូតាំង​នៅ​ថ្ងៃ​ទី​ ២៥ និង​ ២៦ ខែ​មីនា​កន្លង​មក និង​មាន​ការ​រាយការណ៍​សុំ​​អន្តរាគមន៍​ទៅ​អង្គការ​សម្ព័ន្ធភាព​​សត្វព្រៃ (​ហៅថា​វ៉ាយអេដ​) ​។ នៅ​ថ្ងៃទី​​ ២៧ ក្រុម​ការងារ​របស់​អង្គការ​ក៏​បាន​ចុះ​ទៅ​បាញ់​ថ្នាំ​សណ្តំ ដើម្បី​ឲ្យ​ម្ចាស់​ឈ្មោះ​ ចុច ចេល ​ចាប់ចង​នៅ​ក្នុង​ព្រៃ​ដីចម្ការ​របស់​គាត់​។

លោក​នាយ​ប៉ុស្តិ៍​បញ្ជាក់​ថា​៖ «​ចាប់​គ្នា​ចង​រហូត​មក​ដល់​ថ្ងៃ​ទី​ ២១ ​។ តាម​យើង​សន្និដ្ឋាន​ទៅ​វា​ដាច់បាយ​ដាច់ទឹក ហើយ​ដំរី​ក៏​ធ្លាក់​ខ្លួន​ឈឺ​បណ្តាល​ឲ្យ​ងាប់​។ ឲ្យ​ចំណី​ខ្លះ​ដែរ គឺ​មិន​យក​ចិត្ត​ទុកដាក់​។ ណាមួយ​គ្នា​ខ្លាច​ផង បើ​ចូល​ទៅ​ជិត​ដំរី​។ ខ្លាច​ដំរី​ធ្វើ​បាប ព្រោះ​មាន​ម្តង​ហើយ​ឆ្នាំ​ ២០១៧ [​ដំរី​ជាន់​ម្ចាស់​ស្លាប់​]»​។

កាលពី​ខែ​មេសា​ឆ្នាំ​ ២០១៧ ​កន្លង​មក​ដំរី​មួយ​ក្បាល​នៅ​ក្នុង​ភូមិ​ពូតាំង​ដដែល​នេះ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាញ់​សម្លាប់ ក្រោយ​ពេល​ដែល​វា​បាន​ចុះ​ប្រេង​ហើយ​ជាន់​ម្ចាស់​ស្លាប់ បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកភូមិ និង​បង្ក​ការភ័យខ្លាច​។

លោក​នាយ​ប៉ុស្តិ៍​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ក្រោយ​ពេល​ងាប់ ម្ចាស់​ដំរី និង​សាច់ញាតិ​បាន​ជួបជុំ​គ្នា​ធ្វើការ​សែនព្រេន​តាម​លក្ខណៈ​ប្រពៃណី ដើម្បី​កប់​ដំរី​នោះ​នៅ​ក្នុង​ព្រៃ​នោះ​តែ​ម្តង​។

អ្នក​ភូមិ​ពូតាំង​ម្នាក់​ឈ្មោះ រំ ថេត ក៏​បាន​អះអាង​ថា​ក្រោយ​ពេល​ចាប់ចង​បាន​វិញ​ម្ចាស់​ដំរី​បាន​ដាក់​ដើម​ចេក​ឲ្យ​ដំរី​ខ្លួន​ស៊ី​ដែរ តែ​ក្នុង​អំឡុង​ពេល​ចាប់ចង​ជិត ១ ខែ​មក​នោះ ដំរី​នេះ​មិន​សូវ​ស៊ី​ចំណី​ទេ​។ លោក​បាន​ថ្លែង​ដែរ​ថា ដំរី​ដែល​ងាប់​នេះ​ក៏​ជា​ដំរី​មួយ​ក្បាល​ដែល​ម្ចាស់​ធ្លាប់​យក​ទៅ​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​ផង​ដែរ​។

លោក ទ្រី ស៊ីថេង ជា​ប្រធាន​ផ្នែក​ថែទាំ​សត្វ​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ស្ថិត​នៅ​ក្នុង​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈ្រើ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​បាន​ជួយ​បាញ់​ថ្នាំ​ធ្វើ​ឲ្យ​ដំរី​នោះ​សន្លប់ ដើម្បី​ចាប់​យក​ទៅ​ចង​នៅ​នឹង​ដើមឈើ​មួយ ហើយ​ឲ្យ​ម្ចាស់​ជា​អ្នក​មើល​ការ​ខុសត្រូវ​។

លោក ស៊ីថេង ថ្លែង​ថា​សត្វ​ដំរី​ដែល​ងាប់​នេះ​គឺ​បណ្តាល​មកពី​ការខ្វះ​ការថែទាំ​ពី​ម្ចាស់​ដូចជា​ខ្វះ​ចំណី ពិសេស​គឺ​ទឹក​នៅ​ក្នុង​រដូវក្តៅ​នេះ​។

លោក​ថា​ដំរី​ ១ ​ក្បាល​ត្រូវការ​ផឹក​ទឹក​ជាង​ ១០០ ​លីត្រ​ក្នុង​ ១ ​ថ្ងៃ និង​ទឹក​សម្រាប់​វា​ងូត និង​លេង​ជាច្រើន​ទៀត​ផង​។

លោក​ថ្លែង​ថា​៖ «​យើង​សោកស្តាយ​ពេល​ដឹង​ថា​ងាប់​។ ប្រភេទ​ដំរី​ត្រូវការ​ទឹក​ច្រើន​។ មិន​ដឹង​ថា​គាត់​ថែទាំ​យ៉ាង​ម៉េច​បាន​ងាប់​អ៊ីចឹង​។ បើ​មាន​បញ្ហា​ដោយសារ​តែ​ធ្វើឲ្យ​សន្លប់​វា​កើត​មាន​តែ​ថ្ងៃ​ដែល​ធ្វើ​នោះ និង​មួយ​ថ្ងៃ​ក្រោយ​មក​ប៉ុណ្ណោះ​។ ងាប់​នេះ​គឺ​ ១០០ ​ភាគរយ​ខ្វះ​ការ​ថែទាំ​បាន​ល្អ​ហើយ​។ ខ្វះ​ទឹក​មុជ ខ្វះ​ចំណី​នៅ​រដូវក្តៅ​នេះ​គឺ​វា​ទៅ​ [​ងាប់​] ​ហើយ​»​។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​នៃ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា នៅ​ក្នុង​ភូមិ​ពូតាំង​មាន​ដំរី​ប្រមាណ​ជា​ ១០ ​ក្បាល​បម្រើ​ក្នុង​វិស័យ ដែល​ប្រើប្រាស់​សម្រាប់​ដឹក​ភ្ញៀវទេសចរ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​តាម​តំបន់​នានា​មួយ​ចំនួន​នាពេល​កន្លង​មក​។ ទោះ​យ៉ាងណា​លោក​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ម្ចាស់​ដំរី​មាន​ការ​យល់ដឹង​ច្រើន​ដោយ​មិន​សូវ​ឲ្យ​ដំរី​ដឹក​ភ្ញៀវទេសចរ​នោះ​ទេ តែ​ឲ្យ​ភ្ញៀវ​ទៅ​មើល​កម្សាន្ត ងូត​ទឹក​ឲ្យ ឬ​ឲ្យ​ចំណី​តែ​ប៉ុណ្ណោះ​៕