ភ្នំពេញៈ អតីត​មេគុក​ទួលស្លែង​នៅក្នុង​របប​ខ្មែរក្រហម​លោក​ កាំង ហ្គេចអ៊ាវ ហៅ​ ឌុច ត្រូវ​បាន​នាំខ្លួន​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​កណ្ដាល​វិញ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ក្រោយពី​អតីត​មេគុក​រូបនេះ​បាន​សម្រាក​ព្យាបាល​ជំងឺ​ថប់​ផ្លូវដង្ហើម​អស់​រយៈពេល​ ៣ ​សប្តាហ៍​។

ឌុច ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា​កាត់ទោស​កាលពី​ឆ្នាំ​ ២០១២ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​បទ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​ ១៩៤៩​។ ក្រោយ​ពី​ត្រូវ​បាន​កាត់ទោស​លោក​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​សាលាក្តី​ខ្មែរក្រហម​ទៅ​អនុវត្ត​ទោស​នៅ​ពន្ធនាគា​ខេត្តកណ្ដាល​កាលពី​ឆ្នាំ​ ២០១៣​។

លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ដើម្បី​សុវត្ថិភាព​លោក​បាន​ស្នើ​ទៅ​ថ្នាក់​លើ ដើម្បី​សុំ​អនុញ្ញាត​ឲ្យ​អ្នកទោស​ ២ ​នាក់​ទៅ​ស្នាក់​នៅក្នុង​បន្ទប់​ជាមួយ ឌុច ដើម្បី​មើល​ថែ​គាត់​។

លោក ចាត ស៊ីនាង ថ្លែង​ថា​៖ «​កាលពី​ថ្ងៃ​ចន្ទ​ខាង​មន្ទីរពេទ្យ​គេ​បាន​ចេញ​លិខិត​ឲ្យ​យើង​យក​គាត់​ត្រឡប់​មក​ពន្ធនាគារ​វិញ ពីព្រោះ​សុខភាព​គាត់​បាន​ប្រសើរ​ហើយ​»​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​គាត់​ (​ឌុច​) មាន​បញ្ហា​ផ្លូវដង្ហើម​ហើយ​ខាង​មន្ទីរពេទ្យ បាន​ចេញ​អកដឺណង់​ឲ្យ​យើង​ទិញ​ថ្នាំ​ឲ្យ​គាត់​។ ប៉ុន្តែ​គេ​ប្រាប់​យើង​ឲ្យ​យក​គាត់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ប្រសិន​បើ​គាត់​មាន​អ្វី​មិន​ស្រួល​កើតឡើង​»​។

លោក ចាត ស៊ីនាង ថ្លែង​ថា​កាលពី​មុន​លោក ឌុច ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​ដាច់​ដោយ​ឡែក ប៉ុន្តែ​ចាប់​តាំងពី​ថ្ងៃ​ចន្ទ​នេះ​តទៅ អ្នកទោស ២ នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​នៅ​ជាមួយ​ ឌុច ដើម្បី​ជួយ​មើលថែ​គាត់​។

លោក ស៊ីនាង និយាយ​ថា​៖ «​ដោយសារ​តែ​សុខភាព​របស់​គាត់​កាលពី​ម្សិលមិញ (១៣ វិច្ឆិកា​) ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ព្រះរាជអាជ្ញា ឯកឧត្តមអគ្គ និង​រដ្ឋលេខាធិការ​ដើម្បី​សុំ​អ្នកទោស ២ នាក់​ដែល​មាន​ទោស​ស្រាល ហើយ​ជិត​ដល់​ថ្ងៃ​ចេញ​ទៅ​ផ្ទះ​មក​នៅ​ជាមួយ​គាត់​ដើម្បី​ជួយ​មើលថែ​នៅ​ពេល​គាត់​មិន​ស្រួល​»​។

លោក​ថា​ក្រៅ​ពី​នេះ​លោក​ក៏​បាន​ដំឡើង​កាមេរ៉ា​ដើម្បី​ឃ្លាំមើល​ករណី​មាន​អ្វី​កើតឡើង​ផង​ដែរ​ព្រោះ​លោក ឌុច គឺជា​អ្នកទោស​អន្តរជាតិ​៕