ភ្នំពេញៈ លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ជា​អតីត​ប្រធានគុក​ទួលស្លែង​ក្នុង​សម័យ​ខ្មែរក្រហម​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាលពី​យប់​ថ្ងៃទី​ ៣១ ខែ​សីហា បន្ទាប់ពី​លោក​មាន​អាការ​ហត់​អស់​កម្លាំង​ខ្លាំង ខណៈ​មាន​វ័យ​កាន់តែ​ចាស់ជរា​ និង​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​ ១ ​ជីវិត​។

លោក នុត សវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ជ័យជម្នះ ខេត្ត​កណ្ដាល​បាន​បញ្ជូន​លោក ឌុច មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ទាំងយប់​។

លោក​បន្តថា ចំពោះ​អាការ​ជំងឺ​គឺ​ក្រុមគ្រូពេទ្យ​កំពុង​បន្ត​តាមដាន រីឯ​ស្ថានភាព​ជំងឺ​ស្ថិត​ក្នុង​កម្រិតណា​នោះ គឺ​មិន​អាច​បញ្ជាក់​បានទេ ប៉ុន្តែ​ខាង​ពន្ធនាគារ​នឹង​បន្ត​អនុញ្ញាត​ឲ្យ​លោក ឌុច បាន​សម្រាក​នៅ​មន្ទីរពេទ្យ​​ដើម្បី​បាន​ព្យាបាល​ជំងឺ​រហូតដល់​​ធូរស្រាល​ឡើងវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចាំបាច់​​ដែល​ត្រូវ​ឲ្យ​គាត់​ (​ឌុច​) ​នៅ​បន្ត​សង្គ្រោះបន្ទាន់ ដើម្បី​ឃ្លាំមើល​ស្ថានភាព​សុខភាព​គាត់ ព្រោះ​អាយុ​គាត់​ចាស់​ហើយ​»​។

លោក កាំង ហ្កេកអ៊ាវ ហៅ​ ឌុច អាយុ​ ៧៨ ​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ពៅវើយ ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។ លោក​ត្រូវបាន​ចាប់ខ្លួន កាលពី​ឆ្នាំ​ ១៩៩៩ និង​ត្រូវបាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​តុលាការ​យោធា រហូត​ដល់​ថ្ងៃ​បញ្ជូនមក​មន្ទីរ​ឃុំឃាំង​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី​ ៣១ កក្កដា ឆ្នាំ​ ២០០៧​។

លោក ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាលពី​ម្សិលមិញ មិនអាច​សុំ​ការអត្ថាធិប្បាយ​បាន​ទេ ដោយ​លោក​ថា កំពុង​ជាប់រវល់​។

លោក ទិន សុចិត្រា អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អាការជំងឺ​លោក ឌុច គឺ​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ជំនាញ​កំពុង​យកចិត្ត​ទុកដាក់​។

លោក​បញ្ជាក់ថា​៖ «​ព័ត៌មាន​ដែល​យើង​ទទួលបាន គឺ​ស្ថិត​ក្នុង​ការព្យាបាល​នៅឡើយ​ទេ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ ដែល​ជា​ព័ត៌មាន​យើង​ដឹង​ពី​ខាង​កូនៗ​របស់​គាត់​គឺ​គាត់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ក្រុមគ្រូពេទ្យ​បាន​វ៉ៃ​ថ្នាំខ្លាំងៗ​ហើយ​។ ខាងយើង​នឹង​តាមដាន​សុខភាព​របស់គាត់​បន្ត​ទៀត​»​។

លោក នេត ភក្ត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា សាលាក្តី​ខ្មែរក្រហម​បាន​​ទទួល​ព័ត៌មាន​នេះ ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​ពី​បញ្ហា​នេះ​ទេ​ខណៈ ព្រះរាជអាជ្ញា​ខេត្តកណ្តាល​គឺជា​អ្នកមាន​សមត្ថកិច្ច​ទទួល​ការគ្រប់គ្រង​ការអនុវត្ត​ទោស​នៅ​សេសសល់​របស់លោក ឌុច។

លោក នេត ភក្ត្រា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក កាំង ហ្កេកអ៊ាវ ហៅ​ ឌុច ត្រូវបាន​ផ្តន្ទាទោស​ដោយ​អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​ អ.វ.ត.ក នៅ​ថ្ងៃទី​ ២៦ ខែ​កក្កដា ឆ្នាំ​ ២០១០ ពី​​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួលស្លែង​ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៣៥ ​ឆ្នាំ សងការ​ជាប់ឃុំ​ខុសច្បាប់​ ១០ ​ឆ្នាំ និង​សំណង​លើ​ការសហការ​ចំនួន​ ៦ ​ឆ្នាំ​ទោស​ដែល​ត្រូវអនុវត្ត​គឺ​ ១៩ ​ឆ្នាំ​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សារទុក្ខ​ជំទាស់​។ ​បន្ទាប់មក​អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេច​សេចក្តី​នៅ​ថ្ងៃទី​ ៣ ខែ​ កុម្ភៈ ឆ្នាំ​ ២០១២ ​ដោយ​ផ្តន្ទាទោស​ ឌុច ​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​។

លោក​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃ​ ៦ ខែ​ មិថុនា ឆ្នាំ​ ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ដែល​នៅ​សល់​របស់គាត់​ពីថ្ងៃ​នេះ​តទៅ​»៕