ភ្នំពេញៈ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​សន្តិសុខ ស-២១ ដែល​គេ​ស្គាល់​ជាទូទៅ​ថា គុក​ទួលស្លែង​បាន​ទទួល​មរណភាព​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ពុធ ទី ២ ខែ​កញ្ញា ក្នុង​អាយុ​ ៧៨ ឆ្នាំ ដោយ​រោគ​ប្រចាំកាយ ហើយ​សព​ត្រូវបាន​បូជា​រួចហើយ​ក្នុង​ថ្ងៃ​តែមួយ​នៅ​វត្ត​ចាក់អង្រែក្រោម​។

ជនរងគ្រោះ​ដែល​រួចរស់​ជីវិត​ពី​គុក​ទួលស្លែង​ម្នាក់​និយាយ​ថា លោក​ស្ដាយ​ដែល ឌុច មិន​ត្រូវ​បាន​នាំ​ដើរ​មើល​ការរីកចម្រើន​របស់​ប្រទេសជាតិ​ដែល​ខុសពី​កាលពី​សម័យ​ខ្មែរក្រហម​។

អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ នៃ​របប​ខ្មែរក្រហម​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដោយសារ​ជំងឺ​ប្រចាំកាយ​រួមមាន​ជំងឺ​រលាក​ទងសួត និង​ជំងឺ​សួត​ធ្ងន់ធ្ងរ​។ សាកសព​របស់​លោក​ត្រូវបាន​បូជា​រួចហើយ​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​វត្ត​ចាក់អង្រែក្រោម​ដោយ​មាន​ការចូលរួម​ពី​សាច់ញាតិ​របស់លោក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល​។

បើ​តាម​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក) ឌុច ត្រូវបាន​ចាប់ និង​ឃុំខ្លួន​កាលពី​ខែ​ឧសភា ឆ្នាំ​ ១៩៩៩ និង​ត្រូវបាន​យកមក​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង អ.វ.ត.ក កាលពី​ខែ​កក្កដា ឆ្នាំ​ ២០០៧ ដោយ​ជាប់ចោទ​ពី​បទ​ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​» និង​ «​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​ ១៩៤៩»​។

អង្គជំនុំជម្រះ​សាលាដំបូង​បាន​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​ ៣៥ ​ឆ្នាំ​កាលពី​ឆ្នាំ​ ២០១០​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១២ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល បាន​ជម្រះ​បណ្ដឹង​ឧទ្ធរណ៍​ដោយ​សម្រេច​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។

លោក​បាន​ចាប់ផ្តើម​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​ក្នុង​មន្ទីរ​ឃុំខ្លួន អ.វ.ត.ក នៅ​ឆ្នាំ​ ២០១២ ហើយ​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៣ ដើម្បី​បំពេញ​កិច្ចការ​ទោស​ដែល​នៅសល់​។ ក្នុង​ការគ្រប់គ្រង​មន្ទីរ​ស-២១ រយៈពេល​ជាង​ ៣ ​ឆ្នាំ​របស់​លោក​ជនរងគ្រោះ​មិនតិច​ជាង ១២ ២៧២ ​នាក់​ត្រូវបាន​សម្លាប់​។ នេះ​បើតាម អ.វ.ត.ក​។

អ្នកនាំពាក្យ​តុលាការខេត្ត​កណ្ដាល​បញ្ជាក់​ថា​៖ «​ក្រោម​ការអនុវត្ត​ទោស​នៅ​ពន្ធនាការ​ខេត្តកណ្ដាល ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ​ ឌុច ស្ថិត​ក្នុង​សភាព​ទន់ខ្សោយ​ជា​មនុស្ស​ចាស់ជរា​ក្នុង​វ័យ ៧៨ ឆ្នាំ ដែល​សុខភាព​របស់​គាត់​ស្ថិត​ក្នុង​សភាព​ចុះ​ទ្រុឌទ្រោម​ខ្លាំង ដោយ​ទទួលរង​បញ្ហា​សុខភាព​រុំារ៉ៃ​ជាច្រើន​។ ទណ្ឌិត​ កាំង ហ្កេកអ៊ាវ ហៅ​ ឌុច ​ធ្លាប់​បាន​បញ្ជូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​ ៤ ​លើក​»​។

អ្នកនាំពាក្យ​បន្ត​ថា កាលពី​ខែ​តុលា ឆ្នាំ​ ២០១៨ ឌុច ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ខេត្ត​កណ្ដាល ដោយសារ​មាន​អាការ​ហត់​ខ្លាំង​។ នៅ​ខែវិច្ឆិកា ឆ្នាំ​ដដែល​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នេះ​ម្ដង​ទៀត ដោយ​មាន​អាការ​ចុក​ត្រង់​តម្រងនោម​។ នៅ​ខែ​ឧសភា​ឆ្នាំ ២០១៩ លោក​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ដោយសារ​អាការ​ហើមជើង​។

ដោយឡែក​លើក​ចុងក្រោយ​នេះ​លោក​ត្រូវបាន​បញ្ជូនមក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដោយសារ​មាន​អាការ​ហត់​ខ្លាំង ប៉ុន្តែ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​ ០០ និង​ ៥១ ​នាទី​ព្រឹក​ថ្ងៃទី​ ២ ខែកញ្ញា​។ តាម​ការធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បញ្ជាក់ថា ឌុច បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​ដែល​រួមមាន​រលាក​ទងសួត និង​ជំងឺ​សួត​ធ្ងន់ធ្ងរ​។

បន្ទាប់ពី​ការស្លាប់​របស់​ ឌុច លោក ជុំ ម៉ី អតីតជន​រងគ្រោះ​ដែល​បាន​រស់រាន​មានជីវិត​ពី​គុក​ទួលស្លែង​បាន​មានប្រសាសន៍​ពីថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​មិនមាន​អារម្មណ៍​អី​ទេ ចំពោះ​ការស្លាប់​នេះ ដោយសារ​តុលាការ​ខ្មែរក្រហម​បាន​កាត់ទោស​ ឌុច ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​រួចហើយ​។ ប៉ុន្តែ​លោក​ស្ដាយ​ដែល ឌុច មិន​បានឃើញ​ការរីកចម្រើន​នៃ​ប្រទេសជាតិ ខុស​ពី​សម័យ​ខ្មែរក្រហម​។

លោក​ថា​៖ «​បើជា​គំនិត​របស់​ខ្ញុំ ខ្ញុំ​យក​គាត់​ជិះឡាន​ជិះ​អី មើល​មុខវាំង​តាម​មាត់ទន្លេ តាម​ស្ពាន​តាម​អី មើល​ការរីកចម្រើន​។ ខាង​រដ្ឋាភិបាល​ឥឡូវ​រីកចម្រើន​ខ្លាំងណាស់ ដូច​ផ្សិត​ផុស​អ៊ីចឹង​។ ឲ្យ​គាត់​មើលទៅ​មុននឹង​គាត់​ស្លាប់ទៅ ដើម្បី​ឲ្យ​ដឹងថា អូ ប្រទេស​កម្ពុជា​គេ​កសាង​បាន​ច្រើន​។ កាល​គាត់​នៅ​ប្រទេស​កម្ពុជា​អត់​មាន​សាលារៀន​ ឬ​ស្អីៗ​ឯណា​ទេ​។ អត់​មាន​ផ្លូវ​លើផ្លូវ​ក្រោម ផ្ទះ​ខ្ពស់ៗ​អ៊ីចឹង​ទេ​»​។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការស្លាប់​របស់ ឌុច គឺជា​ការ​ក្រើនរំឭក​ដល់​មនុស្ស​ទាំងអស់​គ្នា​ថា បើសិន​ជា​គេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស គេ​នឹង​ត្រូវបាន​ផ្ដន្ទាទោស​ជា​រៀងរហូត​រហូតដល់​ថ្ងៃ​ស្លាប់​។ លោក​ថ្លែងថា​៖ «​គាត់​ស្លាប់​នៅមុន​ ១ ​ថ្ងៃ​នៃ​ការកាន់បិណ្ឌ ហើយ​នេះ​ប្រហែល​ជា​ធ្វើឲ្យ​យើង​ទាំងអស់​គ្នា​ចងចាំ​ដល់​ជនរងគ្រោះ​ភាគច្រើន​របស់​គាត់​ដែរ​»៕