ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ពី​ម្សិលមិញ​បាន​ណែនាំ​ និង​លើក​ទឹកចិត្ដ​ដល់​គ្រឹះស្ថាន​សិក្សា​ឯកជន​ឱ្យធ្វើការ​បង្រៀន​ និង​រៀន​ពី​ចម្ងាយ​ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​សិស្ស​បាន​សិក្សា​បន្ត រីឯ​សិស្ស ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ ក្រសួង​បាន​អនុញ្ញាត​ឱ្យ​ប្រឡង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផងដែរ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​។

សេចក្តី​ណែនាំ​របស់​លោក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ លោក​ ហង់ ជួនណារ៉ុន សរសេរ​ថា​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក្រសួង​អប់រំ​លើក​ទឹកចិត្ត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​លើក​កម្ពស់​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​។

ការអនុវត្ត​បែបនេះ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​អាច​បន្ត​ការសិក្សា និង​កាត់បន្ថយ​ហានិភ័យ​ដែល​សិស្ស​និស្សិត​អាច​នឹង​ប្រឈមមុខ នៅពេល​ដែល​គេ​ទៅ​ជួបជុំ​នៅ​កន្លែង ដែល​មាន​ហានិភ័យ​ខ្ពស់​។ វិធានការ​នេះ​ក៏​ក្នុង​គោលដៅ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការឆ្លង និង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្នុង​ស្មារតី​ធានា​ប្រសិទ្ធភាព​នៃ​វិធានការ​នេះ​ក្រសួង​សូម​ធ្វើការ​ណែនាំ​ថា​៖ «​គ្រឹះស្ថានសិក្សា​ដែល​កំពុង​ដំណើរការ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ​ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​រៀបចំ​រៀងៗ​ខ្លួន​នូវ​យន្តការ និង​ប្រតិទិន​នៃ​ការបង្រៀន រៀន និង​ការវាយតម្លៃ​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការបង្រៀន រៀន និង​ការវាយតម្លៃ​»​។

សេចក្តី​ណែនាំ​បន្តថា​៖ «​ចំពោះ​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រសួង​នឹង​អនុញ្ញាតឱ្យ​រៀបចំ​ការប្រឡង​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​ទៅ​តាម​ប្រតិទិន​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន​ដោយ​ធានា​នូវ​ស្តង់ដា​គុណភាព​ដែល​អាច​ទទួល​យក​បាន​។ ក្នុងករណី​ចាំបាច់ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ចូលរួម​សហការ​ជាមួយ​គ្រឹះស្ថានសិក្សា ដើម្បី​ធានា​នូវ​ស្តង់ដា​គុណភាព​នេះ​»​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា គ្រឹះស្ថាន​សិក្សា​ដែល​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​អាច​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​មាន​ការទទួលស្គាល់​ពី​ក្រសួង អប់រំ យុវជន និង​កីឡា ប៉ុន្តែ​សាមី​គ្រឹះស្ថានសិក្សា​ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង ។ ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់ ដើម្បី​ធានា​នូវ​គុណភាព​នៃ​សញ្ញាបត្រ​។

ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​លើក​ទឹកចិត្ត​ដល់​មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប​ត្រូវ​ជំរុញ និង​ត្រួតពិនិត្យ​ឱ្យ​កូនចៅ​ធ្វើការ​សិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​ប្រតិទិន​ដែល​គ្រឹះស្ថាន​សិក្សា​បានកំណត់ និង​ត្រូវ​ជំរុញ​ការធ្វើ​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ ដើម្បី​កុំឱ្យ​កូន​ទៅ​កន្លែង​មួយចំនួន ដែល​ប្រឈម​នឹង​ការឆ្លង​ខ្ពស់​។

តាមរយៈ​សេចក្ដីណែនាំ​ដដែល លោក​រដ្ឋមន្ដ្រី​សង្កត់ធ្ងន់​ថា​៖ «​គ្រឹះស្ថាន​សិក្សា​ត្រូវ​ធានា​ស្តង់ដា​សុខភាព និង​សុខុមាលភាព​របស់​បុគ្គលិក​ និង​សិស្សានុសិស្ស ដោយ​មិន​ត្រូវ​មានការ​ចាប់​បង្ខំ​ និង​ត្រូវ​រៀបចំ​កាលវិភាគ​ការងារ​ដែល​ជួយ​ដល់​បុគ្គលិក និង​សិស្សានុសិស្ស​ដែល​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ដែល​មិនធម្មតា​នេះ​»​។

ក្រសួង​អប់រំ​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​ដី​ដែល​ត្រូវបាន​ជួល​សម្រាប់​ដំណើរការ​គ្រឹះស្ថាន​សិក្សា​មួយចំនួន​ឱ្យ​បញ្ចុះតម្លៃ​ឈ្នួល​តាម​ភាពជាក់ស្តែង ដើម្បី​ដោះ​បន្ទុក​មួយចំនួន​ដែល​រងផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ និង​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ សម្រាប់​ទាំងអស់​គ្នា​។

ក្រសួង​អប់រំ​បន្ត​អំពាវនាវ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ធ្វើ​អន្តរាគមន៍​ជាមួយ​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ដែល​បានផ្តល់​ប្រាក់កម្ចី​ដល់​គ្រឹះស្ថានសិក្សា​មួយចំនួន​សូមឱ្យ​ពិចារណា​បញ្ចុះ​អត្រា​ការប្រាក់​ និង​ពន្យារ​ការទូទាត់​សំណង​ទៅតាម​លទ្ធភាព ដើម្បី​ដោះ​បន្ទុក​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បញ្ជាក់​ពី​ម្សិលមិញ​ដែរ​ថា​៖ «​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ​ខាងលើ​នេះ​គឺ​សំដៅ​ទៅដល់​ការលើក​កម្ពស់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ​ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​មិន​រួមទាំង​សាលា​រដ្ឋ​នោះទេ​»​។

ក្រសួង​អប់រំ​នៅ​ថ្ងៃទី​ ៨ មេសា បាន​ប្រកាស​លើក​ពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ (​ឌីប្លូម​) និង​មធ្យមសិក្សា ទុតិយភូមិ​ (​បាក់ឌុប​) នៅ​ឆ្នាំ​ ២០២០ ​ផង​ដែរ ដោយ​ក្រសួង​នឹង​ដាក់​កាលបរិច្ឆេទ​ប្រឡង​នៅពេល​ក្រោយ​។ តាម​ការគ្រោងទុក​ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ ក្រសួង​អប់រំ​គ្រោង​រៀបចំ​ការប្រឡង ឌីប្លូម​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៣ ដល់ទី​ ១០ ខែសីហា​។

រីឯ​ការប្រឡង​បាក់​ឌុប​នឹង​ត្រូវ​ធ្វើ​ចាប់ពី​ថ្ងៃទី​ ១៧ ខែសីហា ដល់​ថ្ងៃទី​ ៩ ខែកញ្ញា​។ ប៉ុន្ដែ​ដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្រសួង​នឹង​កំណត់​ និង​ជូនដំណឹង​ពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​ទាំង​ ២ នេះ​នៅពេល​ក្រោយ​វិញ​៕

វីដេអូ៖