ភ្នំពេញៈ ការបរិច្ចាគឈាម​ដើម្បី​ជួយ​សង្គ្រោះ​ជីវិតមនុស្ស​ គឺមាន​សារៈសំខាន់​ណាស់ ដែលពលរដ្ឋ​គ្រប់​គ្នា​ត្រូវ​យល់​ដឹង និង​​ចូល​រួម​បរិច្ចាគ​ឈាម ដើម្បី​បញ្ឈប់​បញ្ហា​កង្វះ​ឈាម ឬ​និន្នាការ​នៃការ​ជួញ​ដូរឈាម​ ដោយ​ខុស​ច្បាប់​ ខណៈ​តម្រូវ​ការ​ឈាម​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​រង្វង់​ប្រមាណ​ពី ១៥ ទៅ​ ២០ ភាគរយ។

អ្នកស្រី ចាន់ សម្បត្តិ អាយុ ៥៩ ឆ្នាំ រស់​នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ដែល​បាន​នាំប្ដីរបស់​​អ្នក​ស្រី​​វ័យ ៦៥ ឆ្នាំ​មកព្យាបាលជំងឺ​នៅ​មន្ទីរ​ពេទ្យ​​​​ព្រះ​កុសុមៈ កាលពី​ថ្ងៃ​ទី​ ២៨​ កុម្ភៈ​ ឆ្នាំ ២០១៩​ កន្លង​មក​នេះ​បាន​និយាយ​ថា​៖ «អំណោយ​ឈាម​ ដោយ​ឥតគិត​ថ្លៃ​របស់​សប្បុរស​ជន​ដែល​បាន​ផ្ដល់​មក​ខាង​មន្ទីរពេទ្យ​ បាន​សង្គ្រោះ​ជីវិ​តប្ដី​របស់​ខ្ញុំពី​ជំងឺ​រលាកសួត បន្ទាប់​ពី​គាត់​បាន​សម្រាក​ព្យាបាល​ដោយ​ វះកាត់​ អស់​រយៈពេល​ ១ ​សប្ដាហ៍ កន្លង​មក​នេះ»។

អ្នក​ស្រីអះអាង​ថា ក្នុង​ដំណើ​ការ​វះកាត់​ និង​ព្យាបាល​ជំងឺ​ប្ដី​អ្នកស្រី​ត្រូវបាន​ចាក់​បញ្ចូល​ឈាម​ ​ចំនួន ​៥ ​ប្លោក ​ប៉ុន្តែ​​អ្នក​ស្រី ​មាន​តែ​កូន​ប្រុស-ស្រី ២ ​នាក់​ប៉ុណ្ណោះ ​ដែល​បាន​មក​បូម​ឈាមក្នុង​ម្នាក់ៗ​ ១ ប្លោក​ ដើម្បី​​ផ្ដល់​ទៅ​ឲ្យ​ខាង​មន្ទីរពេទ្យ។

ចំណែក ៣ ​ប្លោក​ទៀត​ គឺ​ខាង​ម​ន្ទីរ​ពេទ្យ​ផ្ដល់​​ជូន​ដោយ​ឥត​គិត​ថ្លៃ។ អ្នកស្រី​បាន​បន្ត​ថា៖ «បើគ្មាន​ជំនួយ​ឈាម​នោះទេ​ ប្ដី​របស់​​ខ្ញុំ​អាច​នឹង​ស្លាប់​ ដូច​ជាករណី​កូន​ស្រីរបស់​​ខ្ញុំ​ម្នាក់ទៀត​កាលពី​ ៥ ឆ្នាំ​មុន»។

អ្នក​ស្រី​​និយាយ​ថា ​កាលពី ​៥ ​ឆ្នាំ​មុន​ អ្នក​ស្រី​​បាន​បាត់​បង់​កូន​ស្រី​វ័យ ២២ ​ឆ្នាំម្នាក់ ​ដោយសារ​បញ្ហា «កង្វះ​ឈាម»​ សម្រាប់​ចាក់​​បញ្ចូល ដើម្បី​ព្យាបាល​​​ជំងឺ​មហារីកគ្រាប់​ឈាម [ឈាម​ស​ស៊ី​ឈាម​ក្រហម]​ របស់​នាង។​

អ្នកស្រី​បានរៀបរាប់​ថា ជំងឺ​កូន​ស្រី​របស់​​អ្នក​ស្រី​នា​ពេល​នោះ​ បានធ្លាក់​ដល់​កម្រិត​ធ្ងន់ធ្ងរបំផុត​។ ​គ្រូពេទ្យ​បាន​តម្រូវ​ឲ្យ​មាន​ការ​បូមបញ្ចូល​ឈាម​ ២ ​ប្លោក​រៀង​រាល់​ ៣ ថ្ងៃ​ម្ដង។

ក្នុង​រយៈ​ពេល ​២ សប្ដាហ៍ដំបូង​ ទាំង​សាច់​ញាតិ និង​អ្នកជិត​ខាង​របស់​​អ្នក​ស្រី​​​​ជាច្រើន​នាក់​ ពួកគេ​បាន​មក​ជួយ​ផ្ដល់​​ឈាម ​សម្រាប់​ជួយដល់​កូនស្រី​របស់​​អ្នក​ស្រី​ ប៉ុន្តែ​ក្នុង​សប្ដាហ៍​បន្តបន្ទាប់​មក ពួកគេ​មិន​អាចមក​ជួយ​ផ្ដល់​​ឈាម​បាន​ទៀត​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «កូន​ស្រី​ខ្ញុំ ត្រូវ​ការ​បញ្ចូល​ឈាម​បន្ទាន់ ដើម្បី​សង្គ្រោះ​ជីវិត​​ ប៉ុន្តែគ្រូ​ពេទ្យបាន​ប្រាប់ថា នៅ​ក្នុង​​មន្ទីរ​​ពេទ្យ​គ្មាន​នៅ​សេស​សល់​​ឈាម​ប្រភេទ (B+) សម្រាប់​បញ្ចូល​ឲ្យ​កូន​ស្រី​ខ្ញុំ​ទៀត​ទេ»។

អ្នកស្រី​បាន​បន្ត​ថា ក្នុង​អំឡុង​ពេល​នោះ ​គ្រូពេទ្យ​ម្នាក់​ បានខ្សឹប​ប្រាប់​ឲ្យ​អ្នក​ស្រី​​ទាក់​ទង​សុំ​ជំនួយ​ឈាម​ពី​បុរស​ម្នាក់​ដែលនៅ​ឯជ្រុង​ម្ខាង​នៃ​មន្ទីរ​ពេទ្យ​​។

បន្ទាប់​មក អ្នក​ស្រី​បាន​ទៅ​ទាក់​ទង​បុរស​នោះ ​ដើម្បី​ឲ្យជួយ​ដល់​កូន​ស្រីរ​បស់​​អ្នក​ស្រី​ ​ដែល​កំពុង​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​​ជីវិត។ ប៉ុន្តែ វាមិ​ន​ដូច​ជា​អ្វី​ដែល​អ្នក​ស្រី​​បាន​គិត​នោះ​ទេ បុរស​នោះ​បាន​ទាម​ទារ​ឲ្យ​​អ្នក​ស្រីបង់​លុយ​ ៨០ ដុល្លារ​សម្រាប់​​ឈាម​ចំនួន​ ២ ​ប្លោក ដែល​អ្នក​ស្រី​​បាន​ស្នើ​ឲ្យ​បុរស​នោះ​ជួយ​ផ្ដល់​សម្រាប់​ការ​សង្គ្រោះ​​ជិវិត​កូនស្រី​របស់​​អ្នកស្រី។

និយាយ​ដល់​ត្រឹម​នេះ អ្នក​ស្រី​ សម្បត្តិ​ បានយក​ដៃជូត​ទឹក​ភ្នែក​ ដែល​កំពុងហូរ​​ស្រក់​មកលើផ្ទៃ​មុខ​ដ៏ជ្រីវ​​ជ្រួញ​របស់​អ្នកស្រី​ហើយ​​បន្តថា​៖ «​មនុស្ស​មួយ​ចំនួន ​គិត​រឿង​លុយ​ធំ​ជាងរឿង​គុណ​ធម៌។ បុរស​នោះ​​​បាន​ប្រាប់​ខ្ញុំថា គាត់​មិន​បូមឈាម​​របស់​គាត់​ឲ្យនរ​ណា​ម្នាក់​ទទេៗ​នោះ​ទេ។ ​គាត់​អាច​ផ្ដល់​ឈាម​បាន ២ ​ប្លោក ប៉ុន្តែ​ត្រូវ​បង់​លុយ​ឲ្យ​គាត់​ ៤០ ដុល្លារ​ ក្នុង ​១ ​ប្លោក។ ខ្ញុំបាន​សុំ​ឲ្យ​គាត់​បញ្ចុះ​ថ្លៃ​ត្រឹម​ ២០ ដុល្លារ​ក្នុង​មួយ​ប្លោកតែ​បុរស​នោះ​បាន​បដិសេធ​ ហើយថា​ លុយបាន​ពីការ​លក់​ឈាម​របស់​គាត់​នេះ គឺគាត់​ត្រូវ​ចែក​រំលែក​លុយ​ទៅ​ឲ្យ​បុគ្គលិក​ពេទ្យ​មួយ​ចំនួន​ទៀត។ ២ ​ថ្ងៃ​បន្ទាប់​មក​ កូនស្រី​របស់​ខ្ញុំ​បាន​ស្លាប់​ដោយសារ​តែ​ខ្វះ​ឈាម​បញ្ចូល»។

យ៉ាង​ណាក្ដី​រឿង​រាវ​នោះ វា​បាន​កើត​ឡើង​ និង​កន្លង​ផុត​ទៅ​ ៥ ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​ ករណីបែបនោះ មិនត្រូវបាន​គេ​រាយ​ការណ៍​ថា​ មាន​កើត​ឡើង​នោះ​ទេ​បើ​ទោះ​ជា​តម្រូវ​ការ​ឈាម ​សម្រាប់​សង្គ្រោះ​ជីវិតអ្នក​​ជំងឺ​ មាន​ការកើនប្រមាណ​ពី​ ១៥ ទៅ​ ២០ ​ភាគរយ​ក្នុង​ ១ ឆ្នាំ​ក្ដី។

កាល​ពី​ថ្ងៃ​ ៦ ខែ មីនា ឆ្នាំ ​២០១៩ លោក ​សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​មជ្ឈមណ្ឌល​​មាន​ឈាម​នៅសល់​ ក្នុង​ស្តុកជាង​ ៨០០ ប្លោក ដែល​អាចបែង​ចែក​ទៅ​តាមគ្រប់​បណ្ដាមន្ទីរ​ពេទ្យ​នានា​ក្នុង​ទូទាំង​ប្រទេស​សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺដែល​ត្រូវការ​​បញ្ចូល​ឈាម​បាន​ក្នុង​រយៈ​ពេល​ពី ៣ ទៅ​ ៤ ថ្ងៃ ក្នុង​ករណី​​អ្នកជំងឺ​ពុំ​មាន​សាច់​ញាតិ​មក​បរិច្ចាគ​ឈាម ដើម្បី​ជាថ្នូរ​មក​ខាង​មន្ទីរ​ពេទ្យ​ ឬ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​វិញ​ទេ​នោះ។

លោក ប៉ូ បានថ្លែង​ថា៖ «ជីវិត​មនុស្ស​មានសារៈ​សំខាន់​ជាង​អ្វីៗ​ទាំង​អស់។ បច្ចុប្បន្ន​ គ្មាន​អ្នកជំងឺ​ណាម្នាក់​ស្លាប់​ដោយសារ​ករណី​ខ្វះ​ឈាម​ចាក់​បញ្ចូល ​​ទៀត​នោះ​ទេ»។

លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ ពិសេស​ស្រទាប់​យុវជន​ មាន​ការ​យល់​ដឹង​កាន់​តែ​ខ្លាំង​​ឡើង​អំ​ពី​សារៈ​សំខាន់នៃ​ការ​បិច្ចាគឈាម ​ដោយ​​ស្ម័គ្រ​ចិត្ត​ និង​មិន​គិត​ថ្លៃ​ ដើម្បី​សង្គ្រោះ ​ជីវិត​អ្នក​ជំងឺ​។ ពួក​គេ​មួយ​ចំនួន​ បាន​មកចូ​លរួម​បរិច្ចាគ​ឈាម​ដល់​​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​រៀងរាល់​ ២ ដង​ក្នុង ​១ ឆ្នាំ។

លោក​ប៉ូ​បាន​បញ្ជាក់​ទៀត​ថា៖ ​«ជារៀង​រាល់​ថ្ងៃ មានអ្នក​ជំងឺ​ជាមធ្យម​ពី ១៥០-​២០០ ​នាក់​ ឬច្រើន​ជាង​នេះ ​ត្រូវការ​ឈាម​ចាំបាច់​សម្រាប់​ចាក់​បញ្ចូល ​ដើម្បី​​សង្គ្រោះ​ជីវិត ខណៈ​អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត មាន​ចំនួន​តិច​ជាង​នេះ។ ហេតុ​ដូច្នេះ​ហើយ ​ទើ​បមជ្ឈ​មណ្ឌល​យើង​ ក៏ដូច​ជា​ខាង​មន្ទីរ​ពេទ្យ​ តម្រូវឲ្យ​ក្រុម​គ្រួសារ​សា​ច់​​ញាតិ​របស់​អ្នក​ជំងឺ​ ដែល​ចាំបាច់​ត្រូវ​ចាក់​បញ្ចូល​ឈាម​នោះ ចូល​រួម​ផ្ដល់​ឈាម​ត្រឡប់​មក​វិញ»។

គ្រូ​ពេទ្យ​កំពុង​ពិនិត្យ​ឈាម​ ដែល​សប្បុរស​ជន​ទើប​ផ្តល់​ឲ្យ​កន្លង​មក​។ ហេង ជីវ័ន

ទាក់​ទង​ករណីនេះ លោក សៅ យ៉ាន​ អាយុ​ ៦៥​ ឆ្នាំ ​រស់​នៅ​ភូមិ​ស្រះ​ព្រីង ឃុំ-ស្រុក​បាធាយ ​ខេត្ត​កំពង់​ចាម ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ៦ ខែ មីនា ឆ្នាំ ២០១៩ ខណៈ​លោក​​ និង​កូន​ប្រុស​-ស្រី រួម​ទាំងចៅៗ​ ២-៣ នាក់​ផ្សេង​ទៀត បាន​នៅ​កំដរ​ជំងឺ​ប្រពន្ធ​របស់​លោក​ ដែល​ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែតថា ដោយ​សារ​ជំងឺ​រលាក​ពោះវៀន​ធំក្នុង​កម្រិត​ធ្ងន់​​ប្រពន្ធ​​របស់​​លោក​ គឺ​អ្នក​ស្រី ស្រ៊ី សោ អាយុ ​៦០ ​ឆ្នាំ បាន​ចុក​រហូត​សន្លប់​បាត់​ស្មារតី​ ក្រោយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​​បាន​ប្រមា​ណ ​១០ នាទី ដែល​​ហេតុ​ការណ៍​នោះ ​បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី ​២២ ខែ​ កុម្ភៈ ឆ្នាំ ២០១៩។

លោក​​បញ្ជាក់​ថា​៖ «គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ថា​ គាត់​មាន​ជំងឺ​ដំបៅ​ពោះវៀន​ ហើយ​បាន​រីក​រាល​ដាល​មកក្រពះ ដែល​​​ត្រូវការវះ​កាត់​ជា​បន្ទាន់​​​។ នៅ​មុន​ពេល​វះកាត់​គ្រូពេទ្យ​បានប្រាប់​ពី​តម្រូវការឈាម សម្រាប់​ជំនួយក្នុង​ការសង្គ្រោះ​អ្នក​ជំងឺ​​ក្នុង ​និង​ក្រោយ​អំឡុង​ពេល​ធ្វើការ​វះកាត់ កូន​ចៅរបស់​ខ្ញុំ ​៦ ​នាក់​ បាន​ស្ម័គ្រ​ចិត្ត​មក​ផ្ដល់​ឈាម​ ដើម្បី​ជួយ​ដល់​ម្ដាយ ​និង​យាយ​របស់​ពួកគេ»។

លោក​យ៉ាន ​បានប​ន្ថែម​ថា៖ ​«តែ​ជាក់​ស្ដែង​ប្រពន្ធ​ខ្ញុំ ​បាន​បញ្ចូល​ឈាម​អស់​ត្រឹម​តែ ៤ ​ប្លោក​ប៉ុណ្ណោះ។​ នៅ​ពេល​នេះ គាត់​មាន​សភាព​ល្អ​ប្រសើរ​ជាង​មុន ហើយ​គ្រូពេទ្យ​ប្រាប់​ថា​ គាត់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ក្នុង​រយៈពេល ​២-៣ ថ្ងៃ​ខាង​មុខ​នេះ»។

ស្រដៀង​គ្នា​នេះ​ដែរ លោក​ ព្រឿង សុធន​ អាយុ​ ២៨​ ឆ្នាំ​ មក​ពី​ស្រុក​រមាស​ហែក​ ខេ​ត្ត​ស្វាយ​រៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​ ៥​ ខែ មីនា ​ឆ្នាំ​ ២០១៩ ​ថា ឪពុក​របស់​លោក​ អាយុ​ ៦១ ​ឆ្នាំ​ បាន​រង​របួស​បាក់​​ឆ្អឹង​ស្មង​ជើង​ខាង​ឆ្វេង​ ដោយសារគ្រោះ​ថ្នាក់​ចរាច​រណ៍ ​ខណៈ​គាត់​បើក​ម៉ូតូ​ទៅ​ចូលរួម​ពិធី​មង្គលការ​កូន​អ្នកជិត​ខាង​ម្នាក់ ​ក្នុង​ភូមិជាមួយគ្នា កាលពី​ថ្ងៃ​ទី​ ២ ខែ មីនា ឆ្នាំ ​២០១៩ ​​នេះគាត់​ត្រូវ​បាន​បញ្ជូន​មកកាន់​ មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-សូវៀត​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ការវះកាត់ ​ត​ឆ្អឹង​ឡើង​វិញ។

លោក សុធន ​បាន​បញ្ជាក់​ថា៖​ «ឪពុក​របស់​ខ្ញុំ​គាត់​ត្រូវ​បាន​គ្រូ​ពេទ្យ​បញ្ចូល​ឈាម​ចំនួន ១ ​ប្លោក ​ក្រោយ​ពីការវះ​កាត់​រួច​ ដោយ​សារ​ហូរឈាម​អស់​ច្រើន​ក្នុង​​អំឡុង ពេលវះ​កាត់ ប៉ុន្តែ​បង​ប្រុស​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ​ និង​ប្អូន​ជីដូន​មួយ​ខ្ញុំម្នាក់​ទៀត ​បាន​ផ្ដល់​ឈាម​ដើម្បី​ជួយ​ដល់​គាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ»។​ ​

លោក​ សុធន​ បាន​សម្ដែង​ជា​ក្ដីចម្ងល់​ថា​ ក្រោយ​ពីវះ​កាត់​រួច​ ឪ​ពុក​របស់លោក​​មិន​ត្រូវ​បាន​​គ្រូពេទ្យ​បញ្ចូល​ឈាម​ទៀត​នោះទេ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គ្រូពេទ្យ​ បាន​តម្រូវ​​ឲ្យ​ពួក​លោក​ជា​កូនៗ​ ត្រៀម​បម្រុង​ឈាម​ ៣​ ប្លោក​ យ៉ាង​នេះ​ទៅ​វិញ។​

ពាក់​ព័ន្ធ​ករណី​នេះ លោក​គ្រូពេទ្យ​ម្នាក់​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះបាន​មាន​ប្រសាស​ន៍​ថា គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​វះកាត់​មាន​ច្រើន ប៉ុន្តែ​ភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​វះកា​ត់​អ្នក​ជំងឺ​គឺខុស​គ្នា។ គ្រូ​ពេទ្យ​ជំនាញ​ ដែល​​មាន​បទពិសោធ​វះកាត់​ច្រើន​ឆ្នាំ ភាគច្រើន​គាត់វះ​កាត់​អ្នក​ជំងឺ​បាន​ល្អ គឺ​ពេល​ខ្លះមិន​ចាំបាច់​ប្រើ​ប្រាស់​ឈាមជា​ជំនួយ​នោះទេ​ ប៉ុន្តែ​វា​អាស្រ័យ​ដោយ​ប្រភេទ​នៃ​អ្នក​ជំងឺ​ផង​ដែរ។

គ្រូ​ពេទ្យ​រូបនោះ​បាន​ពន្យល់​ថា​៖ «ជាទូ​ទៅ​ គ្មាន​គ្រូពេទ្យ​ជំនាញ​វះកាត់ណា​ម្នាក់ អាច​ធានាថា​ ក្នុង​ និង​ក្រោយ​​អំឡុង​ពេល​វះ​កាត់​ មិន​បង្កឲ្យ​អ្នក​ជំងឺ​ហូរ​ឈាម​នោះ​ទេ ដូច្នេះ​ហើយ​ ការ​ត្រៀម​បម្រុង​ឈាម​ជាមុន​ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​វះ​កាត់​ វា​សំខាន់​​ និង​ចាំបាច់​បំផុត ​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ»។

ចំណែក ​លោក សុខ ប៉ូ បាន​បញ្ជាក់​ថា​៖ «ឈាម​ដែលមិន​បាន​ប្រើ​ប្រាស់​ក្នុង​ និង​ក្រោយ​អំឡុង​ពេល​នៃការវះ​កាត់ គឺ​​ខាង​មន្ទីរ​ពេទ្យ​ យក​ទៅ​រក្សា​ទុក​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ផ្សេង​ទៀត»។

លោក​ប៉ូបា​នប្រាប់​ទៀត​ថា តម្រូវ​ការ​ឈាម​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​រង្វង់​ប្រមាណ​ពី ១៥-២០ ភាគ​រយ​ ដើម្បី​ជួយ​សង្គ្រោះ​​ជីវិត​ជន​រង​គ្រោះ​ ដែល​ត្រូវការ​ឈាម​បន្ទាន់។

ជាក់​ស្តែង​ក្នុង​ឆ្នាំ​ ២០១៨​ មជ្ឈម​ណ្ឌល​បាន​ផ្គត់​ផ្គង់​ឈាម​ប្រមាណ​ជាង​​ ៨៥ ០០០​ ប្លោក ​ក្នុងនោះ​នៅរាជ​ធានី​ភ្នំពេញ​ប្រើប្រាស់​ឈាម​ជិត​ ៦​០ ០០០​ ប្លោក​ ខណៈ​នៅ​ឆ្នាំ​ ២០១៧​ តម្រូវការ​ប្រើប្រាស់​ឈាម​​ នៅទូទាំង​ប្រទេស​មាន​ចំនួន​ត្រឹម​តែ​​ជាង ៧៦ ០០០ ប្លោក​ប៉ុណ្ណោះ។​

លោក​បាន​បន្ថែម​ថា សម្រាប់​ឆ្នាំ​ ២០១៩ នេះ តម្រូវ​ការ​ប្រើប្រាស់​ឈាម​ ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា​ នឹងមាន​កើន​ឡើង​ដល់​ជិត​ ១០ ម៉ឺន​​ប្លោក ខណៈ​អ្នក​បរិច្ចាគ​ឈាម​ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ដោយ​សារប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ពិសេស​សាច់​ញាតិ​អ្នក​ជំងឺ​មួយ​ចំនួ​ន នៅ​មាន​ការ​រារែក​​ក្នុង​ការ​ចូលរួម​ផ្ដល់​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​ញាតិ​សណ្ដាន​របស់​ពួកគេ។

លោក​បាន​និយាយ​ថា ពលរដ្ឋ​មួយ​ចំនួន​ជឿតាម​ពាក្យ​អកុស​លរ​បស់​អ្នកដទៃតៗ​គ្នាម​កថា ​ក្រោយ​ការ​បូម​ឈាម​ចេញ​ពី​ក្នុង​​ខ្លួន ពួក​គាត់​នឹង​ប្រឈម​ជំងឺរាត​​ត្បាត​ផ្សេងៗ ដោយ​សារ​ការ​បាត់បង់​អង់​ទីក័រ​សំ​ខាន់ៗ​ពីក្នុង​ខ្លួន​ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ។

លោក​ប៉ូ​បាន​ពន្យល់​ថា៖​ «កោសិ​កាគ្រាប់​ឈាម​ក្រហម​របស់​មនុស្ស​យើង​ ជាទូ​ទៅ​មាន​អាយុ​កាលមិន​លើស​ពី ១២០​ ថ្ងៃ​នោះ​ទេ។ ពេល​កោសិកា​គ្រាប់​ឈាម​ក្រហមចាស់​ងាប់​ទៅ​ វានឹង​ក្លាយ​ជា​កំណក​ឈាម​នៅ​ក្នុង​សសៃឈាម​ បង្កឲ្យ​ចលនា​ឈាម​រត់​មិន​បាន​ល្អ និង​ធ្វើ​ឲ្យ​សម្ពាធ​​ឈាម​មាន​ការប្រែប្រួល​ឡើង​ចុះមិន​ប្រក្រតី។ ការ​បរិច្ចាគ​ឈាម ​មិន​គ្រាន់​តែ​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរ​សៃ​​ឈាម​យើង​ឲ្យ​ដំណើការ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ថែ​មទាំង​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ដទៃ​ និង​​អ្នក​ដែល​យើង​ស្រឡាញ់​ថែម​ទៀត»។

លោក​ សុខ ប៉ូ បាន​ថ្លែង​ឲ្យ​ដឹង​​ទៀត​ថា ក្រៅ​ពី​នេះ មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម ​បាន​ដុត​បំផ្លាញ​ចោល​ឈាម​ប្រមាណ​ ៥ ភាគ​រយ​ ក្នុង​ចំណោម​ឈាម​ដែល​ទទួល​បាន​ពី​អ្នក​បរិច្ចាគ​ក្នុង​ ១ ​ឆ្នាំៗ ​ដោយ​សារឈាម​ទាំង​នោះ មាន​មេរោគ​ថ្លើម​ប្រភេទ​ B​ និ​ង​ C, HIV, ស្វាយ​, និងប្រភេទ​ឈាម​ ដែល​បាន​បូម​បញ្ចូល​ទៅ​ក្នុង​ប្លោក​ឈាម​ ដែល​មាន​បរិមាណ​តិច​ជាង​ ឬ​ច្រើន​ជាង​ ៣៥០ ​មិល្លី​លីត្រ៕