ព្រះសីហនុ/កណ្ដាលៈ នគរបាល​ខេត្ត​ព្រះសីហនុ​កំពុង​ស្វែង​រក​អត្ត​សញ្ញាណ​និង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម រំលោភ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ស្រុក​ស្ទឹងហាវ ខណៈ​កាល​ពី​ម្សិលមិញ​នគរបាល​ស្រុក​កោះធំ​ខេត្ត​កណ្ដាល​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត មួយថ្ងៃ​ក្រោយចាប់​ខ្លួន​ករណី​ចាប់​រំលោភ​ប្អូន​ថ្លៃ​ស្រី​របស់​ខ្លួន​ជា​អនីតិជន។

លោក រស់ កី អធិការ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃទី ៩ ខែ​មេសា ឆ្នាំ ២០១៩ មាន​ករណី​ឃាតកម្ម​មួយ​កើត​ឡើង​នៅ​ភូមិ-ឃុំ​កែវផុស ដោយ​ស្ត្រី​រង​គ្រោះ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ វ័យ ៣៦ ឆ្នាំ​ត្រូវ​បាន​ជន​សង្ស័យ​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​រំលោភ​ហើយ​សម្លាប់។

លោក​បាន​បញ្ជាក់ថា៖ «តាម​លទ្ធផល​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែងកើត​ហេតុ​គឺ​ជន​រង​គ្រោះ​មុន​ពេល​ស្លាប់​មាន​គេ​ចាប់​រំលោភ ព្រោះ​សព​នាង មាន​សភាព​អាក្រាត​កាយ​និង​មាន​ស្នាម​របួស​លើ​ចញ្ចើម​ខាង​ឆ្វេង​ទំហំ ៥ សង់​ទីម៉ែត្រ​ដែល​អាច​ជន​សង្ស័យ​វាយ​សម្លាប់ ព្រោះ​យើង​បាន​រកឃើញ​ដំបង​ឈើ​ប្រឡាក់​ឈាម​មួយ​នៅ​ក្បែរ​នោះ»។

ជុំវិញ​ករណីនេះ លោក ចាន់ ផល្លី អាយុ ៣៦ ឆ្នាំ ដែលជា​ប្ដី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រពន្ធ​របស់​លោក​មាន​ជំងឺ​បាត់បង់​សតិ ៨ ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​លោក​រួម​រស់​ជាមួយ​គាត់​ជាង ១០ ឆ្នាំ និង​មាន​កូនស្រី​ប្រុស ២ នាក់។ កន្លង​មក​នាង​ក៏​ធ្លាប់​ដើរ​ចោល​ផ្ទះ​អស់​ច្រើន​ថ្ងៃ​ផងដែរ ប៉ុន្តែ​នាង​តែង​តែ​ត្រឡប់​មក​ដោយ​សុវត្ថិភាព។

លោក ផល្លី បាន​បញ្ជាក់ថា៖ «ពេលនេះ​ប្រពន្ធ​ខ្ញុំ​ត្រូវ​ជន​ទុ​រយស​រំលោភ​ហើយ​វាយ​សម្លាប់​នាង​យ៉ាង​ឃោរឃៅ​បំផុត»។

បើតាម​លោក ផល្លី ឃាតករគឺ​មិនមែន​នៅ​តំបន់​ឆ្ងាយ​ទេ។ជាមួយ​គ្នា​នេះ​លោក​បានស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​មក​ផ្ដន្ទា​ទោស​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ភរិយា​របស់​លោក។

យ៉ាងណាក្ដី បើតាម លោក រស់ កី ករណីនេះ​ក្រុម​សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន។

ដោយឡែក​នៅ​ខេត្តកណ្ដាល​សមត្ថកិច្ច​ស្រុក​កោះធ​បាន​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ពី​ម្សិលមិញ បន្ទាប់​ពី​ចាប់​ខ្លួន​ពី​បទ​បៀត​បៀន និង​ចាប់​រំលោភ​ប្អូន​ថ្លៃ​ស្រី​របស់​ខ្លួន​ក្រោម​អាយុ ១៥ ឆ្នាំ​បាន​សម្រេច​ជាច្រើន​ដង។

លោក​ ខាន់ ចាន់ថា អធិការរង​ស្រុក​កោះធំ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ជន​សង្ស័យ​ករណី​នេះ​ឈ្មោះ ជឿន សុខ​ជា អាយុ ៣៤ ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​តាម​បណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​ក្មេក និង​ប្រពន្ធ​គាត់ ឈ្មោះ ធី ស្រីភា។

លោក ចាន់ថា បាន​អះអាងថា តាម​ពាក្យបណ្ដឹង​នោះបាន​ចោទប្រកាន់ថា ឈ្មោះ ជឿន សុខ​ជា ធ្លាប់​បាន​បៀត​បៀន​កេរ្តិ៍​ខ្មាស​ដោយ​ប្រើ​ម្រាម​ដៃ​លូក​ប្រដាប់​ភេទ និង​ចាប់បង្ខំ​រួមភេទ​នារី​រង​គ្រោះ​ជា​ច្រើន​ដង​រួច​មក​ហើយ ក្នុង​ពេល​នាង​នៅ​ផ្ទះ​តែ​ម្នាក់​ឯង។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី ៩ មេសា ខណៈ​បង​ស្រី និង​ម្ដាយ​របស់​នាង​មិន​នៅ​ផ្ទះ​ជន​សង្ស័យ​បាន​ចាប់​រំលោភ​នាង​ក្នុង​បន្ទប់​ទឹក​ម្ដង​ទៀត​ប៉ុន្តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​មក​ទាន់ ពេល​កំពុង​ធ្វើ​សកម្មភាព។

លោក ចាន់ថា បានបញ្ជាក់​ដោយ​លើកយក​សម្ដី​ផ្ទាល់​របស់​យុវតី​រងគ្រោះ​ដែល​បាន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​សមត្ថកិច្ច​ថា៖ «គាត់ [ជន​ជាប់​ចោទ​] បាន​ចាប់​រំលោភ​ខ្ញុំ​ច្រើន​ដង​មក​ហើយ​ពេល​ម៉ែ​និង​បង​ស្រី​ខ្ញុំ​មិន​នៅ​ផ្ទះ ហើយ​គាត់​តែង​តែ​គំរាម​ខ្ញុំ​មិន​ឲ្យ​ប្រាប់​អ្នកណា​ទាំង​អស់ បើ​សិន​បើ​លេចឮ​រឿង​នេះ​ដល់​គេ គាត់នឹង​សម្លាប់​ចោល​មួយ​ពូជ»។

ទោះជា​យ៉ាងណាក្ដី លោក​ ចាន់ថា បាន​បញ្ជាក់ថា បុរសសង្ស័យ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ប៉ុន្តែ​បាន​សារភាព​ថា​គាត់​ពិត​ជា​ធ្លាប់​បាន​លួច​មើល​នាង​ងូត​ទឹក។

លោក​បាន​បន្តថា បច្ចុប្បន្នជនសង្ស័យ​ត្រូវបាន​មន្ត្រី​នគរបាល​ជំនាញ​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពីបទ «បៀត​បៀន​លើ​អនីតិជន​ក្រោម​អាយុ ១៥ ឆ្នាំ» និង​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កណ្ដាល​ដើម្បី​ចាត់់ការបន្ត​តាម​នីតិវិធី៕