ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែង​ថា​ជោគជ័យ​នៃ​ការប្រឡង​បាក់ឌុប​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំ​កន្លងមក​ពិតជា​បាន​ធ្វើឱ្យ​សិស្ស​កាន់តែ​ខិតខំ​រៀនសូត្រ និង​សិក្សា​ស្រាវជ្រាវ ឯ​គ្រូបង្រៀន​ខិតខំ​ផ្តល់​ការអប់រំ​ដល់​សិស្ស ហើយ​មាតាបិតា​សិស្ស​ក៏​កាន់តែ​ចូលរួម និង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ការអប់រំ​ដែល​នេះ​ស្រប​តាម​ពាក្យ​មួយ​ឃ្លា​របស់​ក្រសួង​ថា «​អ្នកចេះ​គឺ​ជាប់​»​។

ក្នុង​សារលិខិត​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បញ្ជាក់​ថា ការប្រឡង​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ទៅ​នឹង​អ្វី​ដែល​ក្រសួង​តែងតែ​លើកឡើង​ថា​ «​អ្នកចេះ​គឺ​ជាប់​» ​ព្រោះ​ការប្រឡង​មាន​យុត្តិធម៌ តម្លាភាព​ធ្វើ​ឡើង​តាម​គោលការណ៍​ច្បាប់ ហើយ​លទ្ធផល​ទទួល​យក​បាន​។

លោក​បន្ថែមថា លទ្ធផល​ប្រឡង​នេះ​មិនមែន​ជា​ការកំណត់​វាសនា​បេក្ខជន​ទេ ប៉ុន្តែ​គឺជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឱ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​បន្ត​ទៅមុខទៀត​។ លទ្ធផល​ដ៏ល្អ​ប្រសើរ​នេះ​កើត​ចេញ​ពី​ការចូលរួម ការគាំទ្រ និង​ការឧបត្ថម្ភ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ធ្វើឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

លោក​ ហង់ជួន ណារ៉ុន ថ្លែងថា​៖ «​ការចេញ​វិញ្ញាសា​ប្រឡង​ពុំ​មាន​ពាក្យ​ថា វិញ្ញាសា​ស្រួល ឬ​វិញ្ញាសា​លំបាក​ឡើយ​។ គឺ​ការចេញ​វិញ្ញាសា​អនុលោម​ទៅតាម​ការវាស់ស្ទង់​សមត្ថភាព​សិស្ស​ក្នុង​អំឡុង​ពេល​នៃ​ការសិក្សា​ដោយ​វិធីសាស្ត្រ​ Bloom Taxonomy និង​ការពិនិត្យ​ពិចារណា និង​ពិភាក្សា​ដោយ​យកចិត្ត​ទុកដាក់​បំផុត​ពី​សំណាក់​សាស្ត្រាចារ្យ និង​មន្ត្រី​អប់រំ​ជាន់ខ្ពស់​ដែល​មាន​បទពិសោធ​។ វិញ្ញាសា​ប្រឡង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ពី​ក្នុង​មេរៀន​នៃ​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​»​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ការបូក​ពិន្ទុ​ត្រូវ​បាន​កែលម្អ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា SQL Server និង​ឧបករណ៍​ដែល​ត្រូវ​បាន​រៀបចំ​ថ្មី​នៅ​ឆ្នាំ​ ២០១៩​។

ការប្រកាស​លទ្ធផល​ប្រឡង​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​ដែល​បេក្ខជន​ចំនួន ៧៩ ០៥២ នាក់​ស្មើនឹង ៦៨,៦២ ភាគរយ​បាន​ប្រឡង​ជាប់​ក្នុង​ចំណោម​បេក្ខជន​សរុប​ ១១៧ ០៤៣ ​នាក់​គឺ​កើនឡើង​ ១,៥៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។

បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស​ A មាន​ ៤៤៣ ​នាក់​កើនឡើង ៣៥ ​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ ៤០៨ ​នាក់​មាន​ ២១ រាជធានី-ខេត្ត​។ រាជធានី​ភ្នំពេញ​នាំមុខ​ខ្ពស់​ជាងគេ​ឆ្ងាយ​ដែល​មាន​ដល់​ទៅ​ ១៤១ ​នាក់ ខណៈ​ខេត្ត​ដទៃទៀត​មាន​ត្រឹមតែ​ពី​ ១ ​នាក់​ដល់​ ៣៨ ​នាក់​។ ខេត្ត​ដែល​មាន​និទ្ទេស A តិច​ជាង​គេ​គឺ​ខេត្ត​ឧត្តរមានជ័យ មណ្ឌលគិរី និង​កោះកុង​ដែល​មាន ១ ​នាក់​ស្មើគ្នា​។ ខេត្ត​ដែល​មិន​ទទួល​បាន​និទ្ទេស A មាន​ ៤ ​ខេត្ត គឺ​ស្ទឹងត្រែង ព្រះវិហារ កែប និង​ប៉ៃលិន​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ទៅមុខ ក្រសួង​អប់រំ​ជឿជាក់​ថា​ក្រសួង​នឹង​សម្រេច​ឱ្យបាន​នូវ​មុំ​ទី​ ១ ​ស្តីពី​ការពង្រឹង​គុណភាព​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដែល​ស្ថិត​នៅ​ជា​អាទិភាព​ទី​ ១ ​ផ្នែក​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ​របស់​រាជរដ្ឋាភិបាល​។

លោក​ថ្លែងថា​៖ «​ការងារ​កំណែទម្រង់​អប់រំ យុវជន និង​កីឡា​ធ្វើ​ឡើង​ជា​ប្រព័ន្ធ និង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​ ៧ ​អនុវិស័យ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សិក្សា​គ្រប់​វ័យ គ្រប់​កម្រិត​ថ្នាក់ ហើយ​ផ្សារភ្ជាប់​ទៅ​នឹង​ទីផ្សារការងារ​»​។

បើតាម​អ្នក​នាំពាក្យ​រូបនេះ អនុវិស័យ​ទាំង​ ៧ ​សម្រាប់​ ៥ ​ឆ្នាំ​ទៅ​មុខ​ទៀត​គឺ​ ១. ការយកចិត្ត​ដាក់​ទៅលើ​គ្រូបង្រៀន ២. ការពង្រីក​វិសាលភាព​សាលារៀន​គ្រប់​កម្រិត ៣.​ការពង្រឹង​អធិការកិច្ច​គ្រប់​ជ្រុងជ្រោយ​លើ​ការគ្រប់គ្រង​សាលារៀន ៤.​ការជំរុញ​ការអប់រំ​បច្ចេកទេស​នៅ​មធ្យម​សិក្សា​ទុតិយភូមិ ៥. ​ការអប់រំ​បំណិន​ឱ្យស្រប​តាម​ទីផ្សារការងារ ៦. ការអភិវឌ្ឍ​កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា​គោល​គ្រប់​ជ្រុងជ្រោយ និង​ ៧. ​ការត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។

ទាក់ទង​នឹង​ការប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ផ្សេងគ្នា​លោក រស់ សុវាចា បញ្ជាក់​ថា ការដែល​ក្រសួង​ប្រកាស​លទ្ធផល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នៅមុន​ខេត្ត​ដទៃ​ទៀត​គឺ​ហេតុផល​យោង​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​។ លោក​ថា​៖ «​នៅក្នុង​ការងារ​ហ្នឹង ប្រសិន​ជា​ខេត្ត​ឆ្ងាយ​ដឹក​លទ្ធផល​អាច​ក្រោយ​លទ្ធផល​ដែល​មាន​ចេញ​នៅ​ភ្នំពេញ និង​ខេត្ត​កណ្តាល​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ថ្លែង​ពី​ម្សិលមិញ​ថា ទោះបី​ជា​ចំនួន​បេក្ខជន​ប្រឡង​ជាប់​ឡើង​ដល់​ ៦០ ​ភាគរយ ឬ​ ៧០ ​ភាគរយ​ដែល​ក្រសួង​ប្រកាស​ថា​ជា​ភាពជោគជ័យ​ក៏ដោយ លោកស្រី​មិន​ជំទាស់​ពី​ភាពជោគជ័យ​របស់​ក្រសួង​ទេ​។

លោកស្រី​ថ្លែងថា​៖ «​ប៉ុន្តែ​យើង​សួរថា តើ​យុវជន​យើង​ទាំងអស់​ដែល​ប្រឡង​ហើយ បើសិន​ជា​យក​ទៅ​ធ្វើ​ការងារ តើ​សមត្ថភាព​របស់គាត់​ដល់​កម្រិតណា​? ការប្រកួត​ប្រជែង​ទៅលើ​ពិភពលោក​ក៏ដូចជា​ក្នុង​អាស៊ាន​យើង​។ ថា​តើ​មាន​ប៉ុន្មាន​ភាគរយ​ដែលជា​ចំណេះដឹង​ដែល​គាត់​មាន​ដុង​តាំងពី​នាយ​របស់គាត់​»៕