
កំពូលតារាសម្ដែងលោក ជេមស៍ ប៊ន ឬ ០០៧។ រូបថត UNDP
ភ្នំពេញៈ កំពូលតារាសម្តែងដែលល្បីឈ្មោះដែលគេស្គាល់ជាទូទៅថា ០០៧ គឺលោក ជេមស៍ប៊ន ឬ (ដានីញ៉ែល ក្រេក) នឹងចូលរួមសម្ពោធទីលានសុវត្ថិភាពដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការ LIVE ផ្ទាល់នៅម៉ោង ៧ និង ៣០ យប់នាថ្ងៃទី ២២ ខែមករា នៅលើហ្វេសប៊ុករបស់តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
តំណាងអង្គការសហប្រជាជាតិនៅកម្ពុជាលោក និគ បែរេសហ្វដ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោក ដានីញ៉ែល ក្រេក គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងការ Live ផ្ទាល់នៅថ្ងៃទី ២២ មករា ខាងមុខនេះ ដានីញ៉ែល ក្រេក និងជួបជជែកជាមួយលោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន។
លោក និគ បែរេសហ្វដ បានឱ្យដឹងថា ទីលានសុវត្ថិភាពដំបូងបង្អស់នៅកម្ពុជា មានន័យថា ជាការកែប្រែក្លាយចម្ការមីនទៅជាវាលលេងកម្សាន្ត ដែលជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារអាចធ្វើការរៀនសូត្រ ឬលេងកីឡាផ្សេងៗបាន ហើយបំណងសំខាន់គឺចង់លុបបំបាត់មីនឱ្យអស់ពីកម្ពុជានៅឆ្នាំ ២០២៥ ខាងមុខ។
លោកថ្លែងថា៖ «គោលបំណងសំខាន់របស់ពួកយើងគឺដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ យើងមានការសប្បាយរីករាយ ដែលមានការចូលរួមពីលោក ដានីញ៉ែល ក្រេក ដែលជាអ្នកតស៊ូមតិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់មីន និងគ្រោះថ្នាក់នៃការផ្ទុះគ្រាប់»។
លោក និគ បែរេសហ្វដ ថ្លែងថា យុទ្ធនាការទីលានសុវត្ថិភាពនៅកម្ពុជានឹងចាប់ផ្តើមនៅក្នុងភូមិតូចមួយក្នុងខេត្តបាត់ដំបង ស្ថិតក្នុងសាលាបឋមសិក្សាស្ទឹងតូចក្រោម ព្រោះវាមានសារៈសំខាន់សម្រាប់សហគមន៍កាន់តែធំទូលាយ។ សាលានេះមានទីតាំងនៅលើដីដែលត្រូវបានបោសសម្អាតគ្រាប់មីនដោយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស៊ីម៉ាក់ និង UNDP។
លោកថ្លែងថា៖ «ទីធ្លាលេងរបស់សាលាគឺជាផ្នែកសំខាន់មួយនៃសហគមន៍ដោយប្រមូលផ្តុំក្រុមបាល់ទាត់ផ្សេងៗនាំគ្នាលេង និងហាត់។ ថ្មីៗនេះ UNDP បានផ្តល់ការគាំទ្របន្ថែមដល់សាលារៀន ដោយដាក់កម្រិតការលេង នៅពេលផ្សេងៗគ្នា ហើយនិងបានសាងសង់ទីជម្រករបស់អ្នកទស្សនា និងផ្តល់ឧបករណ៍កីឡាចាំបាច់ផ្សេងទៀត»។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ អាជ្ញាធរមីនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជាចង់បានឥស្សរជនល្បីៗក្នុងពិភពលោកមកចូលរួមក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីវិសាលភាពនៃការប៉ះពាល់ក្នុងវិស័យមីននៅកម្ពុជា និងចូលរួមជួយផ្តល់នូវការយល់ដឹងពីគ្រោះថ្នាក់វិស័យមីនក្នុងតំបន់ និងពិភពលោក ហើយតាមរយៈសកម្មភាពរបស់បុគ្គលល្បីនោះនឹងអាចជួយកៀរគរធនធានមនុស្សធម៌ដើម្បីគាំទ្រដល់វិស័យបោសសម្អាតមីនផងដែរ។
លោក ធុជ ថ្លែងថា៖ «យើងបានធ្វើការជាមួយអង្គការ UNDP ហើយបានសម្រេចដោយជោគជ័យគឺបានទទួលការស្វាគមន៍ពីលោក ជេមស៍ ប៊ន ឬហៅថា ដានីញ៉ែល ក្រេក ហ្នឹង គាត់ត្រៀមមកស្រុកខ្មែរ ប៉ុន្តែដោយសារកូវីដ យើងក៏ធ្វើកម្មវិធីតាមវីដេអូខនហ្វើរ៉ិន នៅយប់ថ្ងៃទី ២២ ខែមករានេះ»។
ការរៀបចំការជួបជុំតាមរយៈវីដេអូខនហ្វើរ៉ិននៅលើហ្វេសប៊ុករបស់ UNDP ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយការយល់ដឹងពីការប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីកម្ពុជាផង និងជូនដំណឹងដល់សហគមន៍អន្តរជាតិផង ក៏ដូចជាកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជាផង។
តាមរយៈការចូលរួមរបស់លោក ជេមស៍ ប៊ន គឺជាការពញ្ញាក់អារម្មណ៍ទៅដល់អ្នកផ្តល់ជំនួយលើឆាកអន្តរជាតិអាចរំឭកឃើញពីផលប៉ះពាល់ដោយសារកាកសំណល់គ្រាប់សល់ពីសង្គ្រាម ហើយអាចនឹងមានការចូលរួមជួយបន្ថែមទៀតដល់ប្រទេសកម្ពុជា។
លោក ធុជ ថ្លែងថា៖ «យើងយកវីដេអូ ឬក៏សកម្មភាពរបស់គាត់ហ្នឹងទៅផ្សព្វផ្សាយនៅសន្និសីទអន្តរជាតិ សន្និបាតវិស័យមីនប្រចាំឆ្នាំ ឬប្រជុំធំៗផ្សេងទៀតអ៊ីចឹង មិនចំពោះថាឥឡូវត្រូវប្រទេសណាមួយចូលរួមប៉ុន្មានអីប៉ុន្មានអត់ទេ គ្រាន់តែជាប្រយោល ដើម្បីពញ្ញាក់អារម្មណ៍ឱ្យម្ចាស់ជំនួយ លោកអាចគិតពីរឿងហ្នឹង ថាគួរជួយវិស័យហ្នឹងឬយ៉ាងណា អ៊ីចឹងទៅ»។
ទោះជាយ៉ាងណាក៏ដោយលោក លី ធុជ បានថ្លែងឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានៅសល់ផ្ទៃដីប្រមាណ ៨០០ គីឡូម៉ែត្រក្រឡាទៀតនៅទូទាំងប្រទេសជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនថៃ ហេតុនេះត្រូវធ្វើការសម្អាតមីនឱ្យបានក្នុង ១ ឆ្នាំជាង ១០០ គីឡូម៉ែត្រក្រឡា ដើម្បីសម្រេចទៅតាមផែនការរបស់រាជរដ្ឋាភិបាលត្រូវបោសសម្អាតមីនឱ្យអស់នៅឆ្នាំ ២០២៥៕