បាត់ដំបងៈ ហុចក្រដាសដែលបានសរសេរថាអ្នកកាសែត និងអ្នកដទៃទៀតអ្នកមិនត្រូវមកទីនេះទេខ្ញុំសូមឲ្យអ្នកចេញពីទីនេះភ្លាមៗខ្ញុំមិនមានយោបល់អ្វីទេហើយខ្ញុំក៏មិនឆ្លើយសំណួរអ្វីដែរ នោះ តា អាន ដែលអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម និងជាជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងនៅក្បែរព្រំដែនថៃក្នុងស្រុកកំរៀង ខេត្តបាត់ដំបងបាននិយាយថាលោកទទួលយកកំហុសដែលបានប្រព្រឹត្តនៅក្នុងសម័យសង្គ្រាមតែមិនទទួលយកកំហុសនៅក្រោយសម័យសង្គ្រាមនោះទេ។
អោ អាន ដែលបច្ចុប្បន្នមានវ័យ ៨៣ ឆ្នាំត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មក្នុងសំណុំរឿង ០០៤ របស់សាលាក្តីខ្មែរក្រហមដែលរាប់បញ្ចូលបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយសារលោកជាអ្នកត្រួតពិនិត្យលើការសម្លាប់រង្គាលត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។
អង្គុយនៅក្រោយផ្ទះជំនុំជាមួយមនុស្សស្រីពីរនាក់ដែលរាងកាយពុំសូវមាំទាំបន្ទាប់ពីប្រពន្ធបានស្លាប់ចោលជាងមួយឆ្នាំកន្លងមកបានយកក្រដាសមកហុចឲ្យហើយព្យាយាមស្ថិតក្នុងស្ថានភាពស្ងៀមស្ងាត់ ប៉ុន្តែក្រោយមកក៏បាននិយាយថាសព្វថ្ងៃនេះ លោកបានសហការជាមួយមេធាវីហើយមេធាវីរបស់លោកបានមកសួរនាំលោកអំពីដំណើររឿងនោះហើយលោកក៏បានរៀបរាប់ប្រាប់អស់ហើយដែរ។
លោកបានថ្លែងថា៖ «ខ្ញុំអត់ទទួលទេខ្ញុំអត់ទទួលដាច់ខាតហើយតែខ្ញុំទទួលកំហុសខ្ញុំទទួលថាមាននៅសម័យសង្គ្រាមក្រោយសង្គ្រាមឲ្យខ្ញុំទៅកាប់សម្លាប់អ្នកណាបាតដៃខ្ញុំមិនមានទេដូច្នេះឲ្យខ្ញុំទៅទទួលផ្តេសផ្តាសយ៉ាងម៉េចយកខ្ញុំទៅសម្លាប់ក៏សម្លាប់ទៅខ្ញុំមិនថាស្អីទេ»។
បើទោះជានៅតែប្រកែកមិនឆ្លើយយ៉ាងណាក៏ដោយក៏បុរសចំណាស់រូបនោះនៅបន្តនិយាយជាហូរហែថាក្រោយពីសម័យសង្គ្រាមចប់លោកបានរត់ទៅរស់នៅជំរំឯប្រទេសថៃហើយលោកបានវិលត្រឡប់មកប្រទេសវិញនៅពេលដែលធ្វើសមាហរណកម្មដោយរស់នៅក្នុងស្រុកអន្លង់វែងហើយលោកក៏មិនបានធ្វើអីទាំងអស់លោកយកតែព្រះពុទ្ធតែមួយមុខប៉ុណ្ណោះសម្រាប់ទៅថ្ងៃមុខដោយលោកមិនចង់ឲ្យជួបអំពើទាំងអស់ហ្នឹងទៀតទៅជាតិណាៗ។

លោកបានថ្លែងថា៖ «ជាតិនេះទៅជាស្អីតាមត្រៃសិក្ខានៃកម្មតែជាតិមុខៗមិនឲ្យជួបទៀតទេខ្ញុំបម្រើព្រះមហាក្សត្រតើខ្ញុំទៅជាអ្វីខ្ញុំទៅជាអ្នករងគ្រោះខ្ញុំតូចចិត្តណាស់»។
គួរបញ្ជាក់ថា តា អាន បានឡើងឋានៈជាច្រើនលើកក្នុងរបបខ្មែរក្រហមនៅតំបន់និរតីដែលល្បីថា ព្រៃផ្សៃក្រោមការគ្រប់គ្រងរបស់តាម៉ុកនៅខេត្តកណ្តាល ខេត្តកំពត និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ អោ អាន ជាសមាជិកគណៈកម្មាធិការបក្សក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រខាងត្បូងទីក្រុងភ្នំពេញ។
នៅដើមឆ្នាំ ១៩៧៧ តា អាន ត្រូវបានផ្ទេរទៅតំបន់មជ្ឈិមគឺខេត្តកំពង់ធំ និងផ្នែកនៃខេត្តកំពង់ចាម និងក្រចេះ។ នៅទីនោះ តា អាន ក្លាយជាលេខាតំបន់ទី ៤១ និងជាមេបញ្ជាការរងតំបន់បន្ទាប់ពីលោក កែ ពក លេខាតំបន់មជ្ឈិម។
ការសម្លាប់សមាជិកនៃរបបខ្មែរក្រហមពីថ្នាក់ខ្ពស់ដល់ថ្នាក់ទាប និងការលុបបំបាត់ខ្មែរអ៊ិស្លាមត្រូវអនុញ្ញាតពីឆ្នាំ ១៩៧៧ ដល់ ១៩៧៨ ក្នុងតំបន់។ គេជឿជាក់ថា កែ ពក ជាកម្មាភិបាលម្នាក់គត់ដែលស្ថិតនៅតំបន់មជ្ឈិមមុនការសម្អាតផ្ទៃក្នុងដែលរស់រានមានជីវិតពីការសម្លាប់រង្គាល។
តាអាន បានឈរនិយាយនៅខាងមុខផ្ទះតូចមួយដោយនិយាយថាលោកបម្រើសម្តេចតាំងពីក្មេងរហូតដល់ពេលនេះទៅជាខុស។ តើពលរដ្ឋកម្ពុជាណាម្នាក់គេចរួចសម័យខ្មែរក្រហមហ្នឹង?
លោកបានថ្លែងថា៖ «តើឲ្យខ្ញុំគេចម៉េចរួចបើសង្គមនោះគេតម្រូវឲ្យអ៊ីចឹងតើមហាក្សត្រលោកមានកំហុសអីបានជាលេងខ្ញុំអ៊ីចឹងខ្ញុំអត់យល់សោះតើគេលេងមនោគមន៍វិជ្ជាស្អីខ្ញុំអត់យល់»។ លោកបានថ្លែងបន្តថា៖ «ដួលរលំសម័យកាលមួយខ្ញុំទៅជាខ្មែរក្រហមទៅតែដើមចមគឺឯកឧត្តម លន់ នល់ លោកធ្វើរដ្ឋប្រហារមហាបាតុកម្ម។ បើចោទខ្ញុំខ្មែរក្រហមតើសម្តេចជាខ្មែរក្រហមឬអីចុះ? ដូច្នេះហើយបានជាទីបំផុតច្របូកច្របល់អត់មានអ្នកណាយល់ទេ»។
និយាយបណ្តើរក្រឡេករំពៃដោយខ្លាចអ្នកថតរូបថតរូបលោកនោះ តាអាន បានថ្លែងថាផ្លូវមានតែមួយទេគឺដើរតាមមាគ៌ារបស់ព្រះដ៏មានតម្រិះលោកគ្មានជឿស្អីឯណាទេលោកមិនជឿទេថាតុលាការរកយុត្តិធម៌បាននោះទេហើយក៏មិនថាលោកមានកំហុសហើយបានប្រវេប្រវារកធម៌នោះទេ។
លោកបានថ្លែងថា៖ «បើសម័យសង្គ្រាមអាហ្នឹងមានមែន អារឿងកាប់សម្លាប់បាញ់គ្នាទៅវិញទៅមកតែបើក្រោយសង្គ្រាមមកគឺគ្មានទេខ្ញុំគ្មានសម្លាប់អ្នកណាទេ។ ខ្ញុំនិយាយខ្ញុំបត់ជើងតូចក៏ខ្ញុំដឹងថាបត់ជើងតូចខ្ញុំបត់ជើងធំក៏ខ្ញុំដឹងថាបត់ជើងធំដែរចុះបើសម័យសង្គ្រាមបើកំហុសខុសអំពីអាហ្នុងអើមិនដឹងធ្វើម៉េចទេតែបើក្រោយចប់ហើយឲ្យខ្ញុំមានកំហុសគឺអត់ទេខ្ញុំបត់ជើងតូចក៏ដឹង ខ្ញុំបត់ជើងធំក៏ដឹងគឺខ្ញុំអត់ដែលកាប់សម្លាប់អ្នកណាផងគឺអត់តើឲ្យខ្ញុំធ្វើយ៉ាងម៉េចឃើញតែម្នាក់ចុះមកស្រាវជ្រាវៗបើស្រាវជ្រាវមានយុត្តិធម៌ត្រឹមត្រូវមានអីស្រាវជ្រាវជាន់ពន្លិច។ ឱពុទ្ធោអើយធ្វើអ៊ីចឹងម៉េចកើត»។

បើទោះត្រូវបានតុលាការចោទប្រកាន់ទាក់ទងទៅនឹងសម័យខ្មែរក្រហមក៏ដោយក៏បុរសចំណាស់រូបនោះថ្លែងថាលោកនិយាយដោយគតិយុត្តិធម៌ពិតៗតើគតិយុត្តិធម៌នៅត្រង់ណា? គតិយុត្តិធម៌ត្រង់រកការខុស និងការត្រូវសង្គ្រាមដែលកើតឡើងនៅក្នុងសម័យនោះតើលោកតែម្នាក់ដែលជាអ្នកបង្កសង្គ្រាម?។ លោកថ្លែងបន្តថា៖ «គេប្រមូលធ្វើបាតុកម្មបើអ្នកណាមិនទៅដុតផ្ទះតើចំណាស់ប្រហែលខ្ញុំក្នុងសម័យនោះតើគេចរួចទេ? ហើយនៅពេលណាដែលធ្វើគឺវាជាប់ហើយ ហើយសរុបមកការធ្វើទាំងអស់នោះគឺដើម្បីសម្តេច»។
លោកបានថ្លែងថាគេចង់បំផុសសង្គ្រាមនេះខ្ញុំមិនយល់ទេវាច្របូកច្របល់សូម្បីតែសម្តេចក៏លោកប្រកាសថាលោកជាប់គុកដែរនៅក្នុងសម័យនោះ។
លោកបានថ្លែងថា៖ «តើអាខ្មែរក្រហមហ្នឹងវាមកពីណាមកគេមិនដឹងថាអ្នកណាខ្មែរក្រហមទេគឺគេដឹងតែថាសម្តេចគឺជាប្រធានរណសិរ្សរួបរួមជាតិហើយប្រទេសកម្ពុជាគឺជាប្រទេសដែលមានស្តេចសោយរាជ្យហើយចាស់ទុំបានទូន្មានមកគឺឥតព្រះមហាក្សត្រក្រឡាប់ផែនដីដូច្នេះហើយបានជាតស៊ូយាងសម្តេចមកឲ្យមានសុវត្ថិភាពបែរទីចុងបំផុតវាបែរទៅជាកើតឡើងអ៊ីចឹងមកលើរូបខ្ញុំតើវាយុត្តិធម៌នៅឯណា? ត្រូវរកឲ្យឃើញកុំចេះតែយកគ្នាទៅលាបពណ៌ថាកាប់សម្លាប់អីណា អីណី បើចេះតែធ្វើអ៊ីចឹងវាងាប់អស់ហើយ»។
បើតាមទិន្នន័យពីគម្រោងគូសផែនទីវាលពិឃាតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថាប្រជាជនប្រហែល ១៤៥៦៩០ ទៅ ២៥៤ ៦៩០ នាក់ត្រូវសម្លាប់នៅកន្លែងឧក្រិដ្ឋកម្ម ៧ កន្លែង។ តែយ៉ាងណា តា អាន និយាយថាគាត់ «មិនដែលសម្លាប់មនុស្សណាម្នាក់ឡើយ» លើកលែងតែអំឡុងពេលប្រឆាំងរបប លន់ នល់ ដែលនិយមស្តាំ។
សូមរំឭកផងដែរថាកាលពីពេលថ្មីៗនេះសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានដាក់អតីតមេដឹកនាំខ្មែរក្រហម ២ រូបគឺលោក មាស មុត ក្នុងសំណុំរឿង ០០៣ និងអ្នកស្រី អ៊ឹម ចែម ក្នុងសំណុំរឿង ០០៤ ឲ្យស្ថិតនៅក្រោមការពិនិត្យដោយកំបាំងមុខ។
ជនសង្ស័យក្នុងសំណុំរឿង ០០៣ មាន ២ នាក់គឺលោក មាស មុត អាយុ ៧៦ ឆ្នាំជាមេបញ្ជាការកងទ័ពជើងទឹក និងលោក ស៊ូ មេត មេបញ្ជាការកងទ័ពអាកាសបានទទួលមរណភាពនៅឆ្នាំ ២០១៤។ ចំណែកសំណុំរឿង ០០៤ មានអតីតមេដឹកនាំ ៣ នាក់នៅថ្នាក់ភូមិភាគគឺអ្នកស្រី អ៊ឹម ចែម អាយុ ៧២ ឆ្នាំ តាអាន និង តា ទិត។
លោក មុំ លុជ្ស ដែលជាមេធាវីការពារឲ្យ តាអាន ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក អោម អាន បានថ្លែងថា៖ «ករណីនេះគេមិនត្រូវធ្វើលេខបូកទេគឺគេត្រូវធ្វើលេខដកពីព្រោះដឹងស្រាប់ហើយថាសម័យនោះវាពាក់ព័ន្ធមនុស្សស្ទើរតែទាំងអស់បើធ្វើលេខបូកងាប់មនុស្សអស់ហើយ»៕