ព្រះសីហនុៈ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់ ដែល​អាច​ប្រឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​ ១​ ទៅ ៣ ឆ្នាំ បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន ខណៈ​ដែល​បុរស​រូបនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ចាក់​សោ​ទ្វារ​ផ្ទះ​បង្ខាំង​មិត្តស្រី​របស់​ខ្លួន ប្អូនស្រី មិត្តស្រី​ដែល​មាន​កូន ២ នាក់ និង​ក្មួយ​ស្រី​ម្នាក់ទៀត មិនឱ្យ​ចេញ​ពី​ផ្ទះ ដើម្បី​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​គាត់​។

លោក James Bernard King អាយុ ៦៩ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ ដោយ​ត្រូវ​ចោទថា បាន​ចាក់សោ​បង្ខាំង​មិត្តស្រី​របស់​គាត់ ដែលមាន​ឈ្មោះ យូ គា អាយុ ៣៨ ឆ្នាំ​ហើយ​ប្អូនស្រី​របស់​មិត្តស្រី​គាត់​ឈ្មោះ​យូ ចាំង​រ៉េត អាយុ ២៧ ឆ្នាំ និង​ក្មួយ​ស្រី​ឈ្មោះ​ទូច រតនា អាយុ ២២ ឆ្នាំ​និង​កូនប្រុស​កូនស្រី​របស់​អ្នកនាង ចាំង រ៉េត ពីរ​នាក់​ផ្សេងទៀត ដែល​ម្នាក់​មាន​អាយុ ២ ឆ្នាំ និង​ម្នាក់​ទៀត មាន​អាយុ ៦ ឆ្នាំ​នៅពេល​ពួកគេ​បានមក​លេង​ផ្ទះ​នោះ​កាលពី​ថ្ងៃទី ​២៧ ខែ​ធ្នូ​។

លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​ថ្លែងថា​៖«​នៅពេល​យប់​លោក King បាន​ចាក់សោ​ទ្វារផ្ទះ ហើយ​មិន​អនុញ្ញាត​ឱ្យ​មនុស្ស​ទាំង​នោះ​ចេញ​ក្រៅ​ទេ​»​។

លោក​បញ្ជាក់ថា​៖«​គាត់​បានដាក់​លក្ខខណ្ឌ​ថា មិត្ត​ស្រី​របស់​គាត់ ត្រូវ​តែ​ចម្អិន​អាហារ​សម្រាប់​គាត់ ហើយ​[​ប្អូនស្រី និង​ក្មួយ​ស្រី​របស់​អ្នក​នាង​គា​] ត្រូវតែ​ចូលទៅក្នុង​បន្ទប់​ហើយ​រួមភេទ​ជាមួយ​គាត់ បើ​មិន​ដូច្នោះ​ទេ គាត់​នឹងមិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចាក​ចេញពីផ្ទះ​របស់គាត់​ឡើយ​»​។

អស់​រយៈពេល​ជាច្រើន​ម៉ោង ជន​រងគ្រោះ​ទាំង ៥ នាក់ បាន​សុំ​អង្វរ​លោក King ដែល​មិន​មាន​អាវុធ​ជាប់​នឹង​ខ្លួន​ឲ្យ​អនុញ្ញាត​ឱ្យ​ពួក​គេ​ចេញ​ក្រៅ មុន​ពេល​ពួក​គេ​ទាក់ទង​ទៅ​សាច់ញាតិ រួចហើយ​ក៏បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​។

ប៉ូលិស​បាន​ចំណាយ​ពេល​២​ម៉ោង ដើម្បី​សម្រប​សម្រួល ជាមួយ​លោក King ឲ្យ​ចាក់​សោ​ទ្ធារ ប៉ុន្តែ​លោក King មិន​ព្រម​តាម​ការ​ស្នើ​សុំ​របស់​សមត្ថ​កិច្ច​ឡើយ លុះដល់​ម៉ោង ១២ និង ១៥ នាទី សមត្ថកិច្ច​បាន​សម្រេច​កាត់​សោ​ទ្វារ​។ ជន​រងគ្រោះ​ទាំង ៥ នាក់ បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ពី​លោក King អស់​រយៈពេល​ប្រហែល​១០ ម៉ោង​ប៉ុន្តែ​ជន​រងគ្រោះ​គ្មាន​របួស​ស្នាម​អ្វី​នោះ​ទេ​។

អ្នក​ស្រី​គា ដែលជា​មិត្តស្រី​របស់លោក King បាន​រៀបរាប់​ថា​៖«​ក្មួយ​ស្រី និង​ក្មួយ​តូចៗ​របស់ខ្ញុំ​ពួកគេ​ភ័យខ្លាច​ខ្លាំង​ណាស់​ពួក​គេ​បាន​ឱប​ម្តាយ​របស់​ពួក​គេ​និង​ឱប​ខ្ញុំ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ទេ​»​។

ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក​ស្រី ចាត សូរ​ស្មី បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក King ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ដែល​អាច​មានទោស​ជាប់ពន្ធនាគារ ពី​ ១ ​ឆ្នាំទៅ ​៣ ​ឆ្នាំ ហើយ​ឥឡូវ​នេះ រឿងក្តី​នេះ គឺ​កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​ចៅក្រម​ស៊ើប​អង្កេត​៕ NS