ភ្នំពេញៈ ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៥ ​ខែមេសា ក្រោម​ប្រធានបទ​ «​គ្មាន​ជំងឺ​គ្រុនចាញ់​ផ្ដើម​ចេញ​ពី​ខ្ញុំ​» ខណៈ​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ រហូតដល់​បច្ចុប្បន្ន កម្ពុជា​មិន​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះឡើយ​នឹង​បានដាក់​ផែនការ​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​នៅ​ឆ្នាំ​ ២០២៥​។ នេះ​បើតាម​លិខិត​របស់​​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចេញ​ក្នុង​ឱកាស​នៃ​ការប្រារព្ធ​ទិវា​នេះ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​តាមរយៈ​លិខិត​នេះ​ថា ទិវា​គ្រុនចាញ់​ពិភពលោក ក្រោម​ប្រធានបទ​គ្មាន «​ជំងឺគ្រុនចាញ់​ផ្ដើមចេញ​ពី​ខ្ញុំ​» ​នេះ​សមស្រប​នឹង​ដំណើរ​វិវត្ដន៍​នៃ​សភាពការណ៍​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​កំពុង​ពង្រីក​ការអភិវឌ្ឍ​តាម​ព្រំដែន និង​តំបន់​អេកូទេសចរណ៍​ធម្មជាតិ​ព្រៃភ្នំ​ដែល​នៅ​ប្រឈម​នឹង​អត្រា​ឈឺ​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នេះ​នៅឡើយ​។

លោក​ថ្លែងថា កម្ពុជា​កំពុង​អនុវត្ដ​អភិក្រម​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​ ២០១៦-២០២០ ​ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១១-២០២៥ ដែល​ជា​ផែនទី​បង្ហាញផ្លូវ​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រតិបត្ដិ​ជាក់ស្ដែង​ឈាន​ឆ្ពោះ​ទៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ទូទាំង​ប្រទេស​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា​៖ «​តាម​ប្រភព​របាយការណ៍​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញថា ប្រទេស​កម្ពុជា លែង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ចាប់ពី​ឆ្នាំ​ ២០១៨ ​រហូត​មកដល់​បច្ចុប្បន្ននេះ​បាន​ន័យថា​សម្រេច​បាន​ជោគជ័យ​ ៣ ​ឆ្នាំ​មុន​គោលដៅ​គ្រោងទុក​ឆ្នាំ​ ២០២០»​។

របាយការណ៍​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​បង្ហាញថា កាលពី​ឆ្នាំ​ ២០១៩ ករណី​ឈឺ​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម (​ប្រភេទ​សន្ធំ​) និង​ចម្រុះ មាន ៤ ៩៩០ ​ករណី ​គឺ​បាន​ថយចុះ ៧២ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​អ្នក​ឈឺ​រហូត​ដល់ ១៨ ០៥៧ ​ករណី​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​សមិទ្ធផល​ទាំងនេះ​កំពុងតែ​បង្ហាញ​ឱ្យ​ឃើញ​នូវ​សញ្ញា​វិជ្ជមាន​លើ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​លើ​រាល់​កិច្ចការ​អន្តរាគមន៍​របស់​យើង ឆ្លើយតប​ការប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ​បាន​ទាំងស្រុង លើ​ការលុបបំបាត់​ជំងឺ​គ្រុនចាញ់​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​ ២០២៥ និង​ក៏​ជា​បុព្វហេតុ​មួយ​ក្នុង​ការចូលរួម​ចំណែក​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​យើង​ផងដែរ​»​។

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​តែង​បានផ្ដល់​លទ្ធភាព និង​លើក​ទឹកចិត្ដ​ឱ្យ​មាន​ចលនា​កៀរគរ​ប្រមូល​ប្រភព​ធនធាន​ដើម្បី​ជំរុញ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ឱ្យ​កាន់តែ​មាន​សកម្មភាព​ខ្លាំងក្លា​ថែមទៀត​ឆ្ពោះ​ទៅ​លុបបំបាត់​ជំងឺ​នេះ​ឱ្យ​បាន​តាម​ផែនការ​កំណត់ បើទោះបី​ជា​បច្ចុប្បន្ន​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្ដិ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

លោក​បន្តថា​៖ «​ដូច្នេះ​យើង​ត្រូវយក​ចិត្ដ​ទុកដាក់​ខ្ពស់​ទាំងអស់​គ្នា​លើ​ចំណុច​ទាំងនេះ​ដើម្បី​លើកកម្ពស់​សុខភាព​គុណភាព​នៃ​ការរស់នៅ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាជន​យើង​»​។

លោក ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ​នៃ​ក្រសួងសុខាភិបាល​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្នុង​រយៈពេល ៣ ​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​កម្ពុជា​ទទួល​បាន​ជោគជ័យ​រួចជាស្រេច​គឺ​មិន​មាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នេះ​ទេ​។

លោក​បន្តថា​៖ «​ជា​គោលដៅ​ដែល​រាជរដ្ឋាភិបាល​កំពុង​កំណត់​ក្នុង​ការឈាន​ទៅ​លុបបំបាត់​ឱ្យបាន​នោះ​គឺ​គ្រុនចាញ់​សន្ធំ ឬ​ក៏​ហ្វាល់ស៊ីប៉ារ៉ូម​នេះ​ដែលជា​ប្រភេទ​គ្រុនចាញ់​ដែល​បាន​កើតឡើង​ហើយ​អាច​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​បាន​ខណៈ​គ្រុនចាញ់​ប្រភេទ​នេះ​ក្នុង​រយៈពេល​ ៣ ​ខែ ឆ្នាំ​ ២០២០ គឺមាន​ការកើតឡើង​ប្រមាណ​តែ ២០០ ​ករណី ប៉ុន្ដែ​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​មិន​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ឡើយ​»​។

លោក រ៉េកុល បន្តថា​នេះ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា កម្ពុជា​នៅតែ​បន្ដសកម្មភាព​បាន​យ៉ាង​ប្រសើរ​ដូច​មុនពេល​មាន​វិបត្ដិ​ជំងឺ​កូវីដ​១៩ នៅលើ​សកលលោក​ដូចគ្នា​ដែរ​។ សម្រាប់​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការលុបបំបាត់​ជំងឺ​នេះ​ទាំង​ថវិកា​ធនធាន​មនុស្ស និង​សម្ភារ​ជាពិសេស​ថ្នាំ​សម្រាប់​សម្លាប់​មេរោគ​គ្រុនចាញ់​នេះ​គឺ​យើង​មាន​នៅក្នុង​ដៃ​អាច​ធានា​សុវត្ថិភាព​បាន​រហូត​ទៅ​ដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០២១៕