ក្រចេះ: សាលាដំបូង​ខេត្តក្រចេះ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ ២ ​នាក់​ កាលពី​ថ្ងៃទី​ ៣១ ​មករា​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ខណៈ​ម្នាក់ទៀត​ត្រូវបាន​​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្ត បន្ទាប់ពី​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ឃាត់ខ្លួន​ជាមួយ​នឹង​គ្រឿងញៀន​ ៦ ​កញ្ចប់​តូច​នៅ​សង្កាត់-ក្រុង-ក្រចេះ​កាលពី​ថ្ងៃទី​ ២៩ មករា​។

ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ករណី​នេះ ភ្នំពេញ-ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ទីវ វុធធេន ដែលជា​អ្នកនាំពាក្យ​ចៅក្រម​​នៃ​សាលាដំបូង​ខេត្តក្រចេះ​បានទេ កាលពី​ម្សិលមិញ​ដោយ​លោក​ប្រាប់ថា​នៅ​ថ្ងៃ​សម្រេច​នោះ​លោក​បាន​សុំច្បាប់​សម្រាក ។ រីឯ លោក ជា សុភ័ក្រ អ្នកនាំពាក្យ​ផ្នែក​អយ្យការ​ (​ផ្នែក​ព្រះរាជអាជ្ញា​) ​ក៏​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានដែរ ដោយ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នកទទួល​។

យ៉ាងណា​លោក ស៊ាង សុភ័ក្រ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ប្រាប់​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំងនោះ​ទី​១ ​ឈ្មោះ ក្រេង ចាន់រស្មី អាយុ​ ២៩ ​ឆ្នាំ របរ​ជា​ជាង​មាស​រស់​នៅ​ភូមិ ដូនជ្រាំ សង្កាត់-ក្រុង ក្រចេះ ទី​២- ​ឈ្មោះ សុខ អ៊ីឡន អាយុ​ ២២ ​ឆ្នាំ​។ ពួកគេ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចោទ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។ ​ចំណែក​ឈ្មោះ អែល រដ្ឋា អាយុ ៣៤ ​ឆ្នាំ​ ជា​មន្ត្រី​នៃ​មន្ទីរ​​សុខាភិបាល​ខេត្ត​នេះ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​នគរបាល​ប្រគល់​ឲ្យ​មន្ត្រី​នៃ​មណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្ត​។ ​ជន​ទាំង ៣ ​នាក់​នេះ ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​តាមដាន​ជាច្រើន​ថ្ងៃមុន​ឃាត់​ខ្លួន ព្រោះ​ពួកគេ​ជា​មុខសញ្ញា​ចាស់ តែ​ឃាត់​ខ្លួន​បាន​នៅ​ទីតាំង​ផ្សេងគ្នា​។

លោក​ថា​៖ «​ឈ្មោះ​ អែល រដ្ឋា តុលាការ បង្គាប់​ឲ្យ​យក​គាត់​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ព្រោះ​តុលាការ​បញ្ជាក់​ថា គាត់​គ្រាន់តែ​ប្រើប្រាស់​ទេ​។ ​ចំណែក​ ២ ​នាក់​ទៀត​ត្រូវ​តុលាការ​ឃុំខ្លួន​ និង​ចោទ​ពី​បទជួញដូរ​គ្រឿងញៀន​តាម​មាត្រា​ ៤០ ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​»​។

លោក ស៊ាង សុភ័ក្រ បាន​រំឭក​ប្រាប់ថា ឈ្មោះ​ អែល រដ្ឋា ក្រោយ​តុលាការសាកសួរ​រួច​ក៏​សម្រេច​ឲ្យ​បញ្ជូន​ទៅ​មណ្ឌល​​បន្សាប​គ្រឿងញៀន​។ ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ធ្វើ​តាម​ជំនាញ​ពោល​គឺ​ពេល​ចុះ​ប្រតិបត្តិការ​គឺ​អ្នក​នៅក្នុង​ដែន​សមត្ថកិច្ច​ត្រូវ​ឃាត់ខ្លួន​ទាំងអស់​ទោះ​ជា​អ្នក​នោះ​មិន​ជាប់​ពាក់ព័ន្ធ​ក្ដី​។ ​លុះ​សួរចម្លើយ​រួច​ទើប​ដឹងថា អ្នកណា​ជាប់​ពាក់ព័ន្ធ ហើយ​បើ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ សមត្ថកិច្ច​ដោះលែង​វិញ​។

លោក នេត លីន អធិការនគរបាល​ក្រុង​ក្រចេះ​ប្រាប់​កាលពី​ម្សិលមិញ​ដែរ​ថា មុន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ខាងលើ​ គឺ​កម្លាំង​បង្កប់​របស់​លោក​បាន​ស៊ើបអង្កេត​អស់​ជាច្រើន​ថ្ងៃ​។ ​លុះដល់​ថ្ងៃទី​ ២៩ មករា កម្លាំង​បង្កប់​បាន​ប្រើវិធី​ដោយ​ឲ្យ ឈ្មោះ សុខ អ៊ីឡន និង ឈ្មោះ ក្រេង ចាន់រស្មី រក​គ្រឿងញៀន​លក់​ឲ្យ​ចំនួន​ ៦ ​កញ្ចប់​តូច​។ លុះ​ជនសង្ស័យ​ទាំង ២ យក​គ្រឿងញៀន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​តែម្តង​។ បន្ទាប់ពី​សាកសួរ​ពួកគេ​ក៏​ឈាន​ទៅ​ឃាត់ខ្លួន ឈ្មោះ អែល រដ្ឋា ម្នាក់​ទៀត​។

លោក​បញ្ជាក់ថា ក្នុង​ចំណោម​នោះ ឈ្មោះ សុខ អ៊ីឡន ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ម្តង​រួចមក​ហើយ​ពាក់ព័ន្ធ​ជួញដូរ​​គ្រឿងញៀន​នេះ តែ​លោក​មិន​ចាំ​ថា គេ​ត្រូវ​ជាប់​អស់​ប៉ុន្មាន​ឆ្នាំ​នោះទេ​៕