ភ្នំពេញៈ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កោះ​ហៅ​ប្រធាន​មន្ទី​រពេទ្យ ​និង​វេជ្ជ​បណ្ឌិត​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ២ រូប​ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​តុលា​ការ​នៅ​សប្តាហ៍​ក្រោយ​ ក្រោយ​ពី​មាន​បណ្តឹង​ពី​អាណា​ព្យា​បា​ល​កុមារ​រ​ង​គ្រោះ​ម្នាក់ ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ បន្ទា​ប់​ពី​មក​ព្យាបាល​ជំងឺ​កាល​ពី​ពាក់​កណ្តាល​ខែ​មុន។​

​កាល​ពី​ទី​ ១៨​ ខែ ​មិថុនា​ ឆ្នាំ​ ២០១៩​ ឪ​ពុក​ម្តាយ​របស់​កុមារ​រង​គ្រោះ​ដែលមាន​អាយុ​ ១៦ ខែ​ ឈ្មោះ ​ឡុង​ ឌី​ណា ​ភេទ​ប្រុស​ បាន​ដាក់​ពាក្យ​ប្តឹង​ប្រធាន​មន្ទី​រពេទ្យ​កុមារ​ជាតិ​លោក​វេជ្ជ​បណ្ឌិត ​ញឹ​ប អង្គា​បុស្ស និង​វេជ្ជ​បណ្ឌិត​ម្នាក់​ឈ្មោះ ​សរ​ ច័ន្ទ​ចិ​ត្រា ​ទៅ​តុលា​ការ​ពី​បទធ្វេស​ប្រហែស​ឲ្យ​កុមារ​ស្លាប់។​

​លោក​ អ៊ុំ ​សុភ​ក្តិ​ តំ​ណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ចេញ​ដីកា​កោះ​​ ២ ​ដាច់​ដោយ​ឡែក​ពី​គ្នា ​ចុះ​ថ្ងៃទី​ ១​ ខែ កក្កដា ដោយ​ធ្វើ​ការ​កោះ​ហៅ​វេជ្ជ​បណ្ឌិត​ទាំង ២ ​រូ​ប​នេះ​ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ ​កក្កដា​ ឆ្នាំ ​២០១៩​ ពាក់​ព័ន្ធ​បណ្តឹង​របស់​ឈ្មោះ ​ហៃ ​ឡុង​ និង​ឈ្មោះ ​ចោម​ ស្រី​ពៅ ជា​អាណា​ព្យា​បាល​កុមារ​រងគ្រោះ។​

​ដីកា​កោះ​​ទាំង ២ នោះបាន​បញ្ជាក់​ថា​៖ ​«ឲ្យ​ចូល​មក​កាន់​អយ្យការ​អម​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ១៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩ ​វេលា​ម៉ោង​ ៨:៣០ ​នាទី​ព្រឹក​ ដើ​ម្បី​មក​បំភ្លឺ​អំពី​ដំ​ណើរ​រឿង​បណ្តឹង​របស់​ឈ្មោះ ​ហៃ ​ឡុង​ និង​ឈ្មោះ ​ចោម​ ស្រី​ពៅ ​ចុះ​ថ្ងៃទី ​១៨​ ខែ​ មិថុនា ឆ្នាំ​ ២០១៩​ ពី​បទ​ធ្វេស​ប្រហែស​ឲ្យ​កុមារ​ស្លាប់»។​

​ភ្នំ​ពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​ លោក​ ញឹ​ប ​អង្គា​បុស្ស ​ប្រធាន​មន្ទី​រពេទ្យ​កុមារ​ជាតិ​ ដើម្បី​បំភ្លឺ​ជុំ​វិញ​ករណី​នេះ​បាន​ទេ​ កាល​ពី​ម្សិល​មិញ​ ព្រោះ​លោក​ មិន​លើក​ទូរស័ព្ទ។​

ប៉ុន្តែ​យ៉ាង​ណា​លោក​វេជ្ជ​បណ្ឌិត​ អ៊ុង​ សុផល​ ប្រធាន​ផ្នែក​ជំងឺ​ឆ្លង ​និង​ជា​អនុ​ប្រធាន​ការិយា​ល័យ​ប​ចេ្ច​កទេស​នៃ​មន្ទី​រ​ពេទ្យ​កុមារ​ជាតិ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ​ករណី​នេះ ​គឺ​ជា​រឿង​មួយ​ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​ប្រឹ​ង​ប្រែង​ជួយ​សង្គ្រោះ​ខ្លាំង​ណាស់​ ប៉ុន្តែ​ដោយ​សារ​តែ​ស្ថានភាព​កុមារ​ ស្ថិត​ក្នុង​ដំណាក់​កាលធ្ងន់​ធ្ងរ ម្យ៉ាង​កុមារ​រូប​នេះ ​ក៏​មាន​ជំងឺ​ដ៏​កាច​សាហាវ​ដល់ទៅ​ ២​ រួម​គ្នា​ ទើប​ធ្វើ​ឲ្យ​អា​កា​រ​ជំងឺ​ មិន​អាច​ជួយ​សង្គ្រោះ​បាន។​

​ជា​មួយ​នឹង​ការ​អះអាង​យ៉ាង​ដូច្នេះ ​លោក​ មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ ប្រធាន​មន្ទី​រ​ពេទ្យ​ និង​វេជ្ជ​បណ្ឌិត​ទាំង​​ ២ ​រូប​នេះ​ នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ឬ​យ៉ាង​ណា ​ប៉ុន្តែ​​ក្រោយ​ករណី​នេះ ​ភ្លាមៗ​ គណៈកម្ម​ការ​ខាង​មន្ទីរ​ពេទ្យ​បានចេញ​សេចក្តី​បំភ្លឺ​ម្តង​រួច​មក​ហើយ។​

​លោក​​ សុផល​ បានបញ្ជាក់​ថា​៖ ​​«​ជា​​ទូ​ទៅ​មន្ទី​រពេទ្យ​មួយ​ គេ​មាន​គណៈកម្មការ​របស់​គេ​ ដូច្នេះ​គេ​ពិនិត្យ​មើល​ពិនិត្យ​អី ​និង​ការ​ព្យា​បា​ល​តាម​បច្ចេក​ទេស​របស់​គេ​ត្រឹម​ត្រូ​វ​ហើយ​ ព្រោះ​មិន​មែន​​ព្យាបា​ល​​កុមារ​ហ្នឹង​តែ​ម្នាក់​ទេ យើ​ង​បាន​បំភ្លឺ​ជូន​សាធារ​ណ​ជន​ហើយ​ ប៉ុន្តែ​ជា​ធម្មតា​ក្រោយ​ករណី​នេះ ​គឺ​យើង​មាន​ការ​ប្រជុំ​បច្ចេកទេស​ដូចជា​សព្វ​ដង​អ៊ីចឹង»។​

​យោង​តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី ​១៨​ ខែ​ មិថុនា ​ឆ្នាំ ២​០១៩ ​របស់​អាណា​ព្យា​បាល​កុមារ​រង​គ្រោះបាន​រៀប​រាប់​ថា​ កាល​ពី​ព្រឹក​ថ្ងៃទី ​១៤​ ខែ ​មិថុនា​ ឆ្នាំ​ ២០១៩​ ពួក​គាត់ ​បាន​យក​កូន​ប្រុស ដែល​ក្តៅ​ខ្លួ​ន​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ កុមារ​ជាតិ។​ នៅ​ម៉ោង​ ១​ រសៀល​ថ្ងៃ​ដដែល​ គ្រូ​ពេ​ទ្យបាន​ចាក់​ថ្នាំ ​និង​ព្យួរ​សេ​រ៉ូម​ ឲ្យ​កូន​ប្រុស​ពួក​គាត់​ ព្រោះ​ក្រោយ​ពិនិត្យ​ឈាម​ទៅ​ឃើញ​ថា ​ជា​ជំងឺ​គ្រុន​ឈាម​កម្រិត​ស្រាល។​ ស្រាប់​តែ​ដល់​ម៉ោង​ ៥​ និង​ ៥៥​ នាទី ​ព្រឹក​ថ្ងៃទី​ ១៥​ ខែ​មិថុនា ឆ្នាំ​ ២០១៩​ កូន​ប្រុស​ពួក​គាត់​បាន​ស្លាប់។

​លោក​ ហៃ​ ឡុង​ ជា​ឪពុក​របស់​កុមារ​រងគ្រោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ក្រោយ​ពី​កូន​ប្រុស​របស់​ខ្លួន​ស្លាប់​ ស្រាប់​តែ​ លោក​វេជ្ជ​បណ្ឌិត​ សរ​ ច័ន្ទ​ចិ​ត្រា​ និង​គ្រូពេ​ទ្យ​ចំនួន​ ៤ ​នាក់​ទៀត​ មក​សម្រួល​ និង​សន្យា​ថា​ មន្ទី​រ​ពេទ្យ​នឹង​ដោះ​ស្រាយ​ ដូ​ច្នេះ​ទើប​ពួក​គាត់​ព្រម​យក​កូន​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ព្រៃវែង។​

លោក​ ឡុង​ បាន​ថ្លែង​បន្ត​ទៀត​ថា​ នៅ​ពេល​​ក្រោយម​ក ​បែរ​ជា​គ្មាន​ការ​ទទួល​ខុ​ស​ត្រូវ​ទៅ​វិញ​ ទើប​ពួក​ខ្លួន​ សម្រេច​ដាក់​បណ្តឹង​ទៅ​តុលាការ​ ដើម្បី​ស្វែងរក​យុត្តិ​ធម៌​ ចំពោះ​ករណី​នេះ។​

​លោក​ ឡុង​ បញ្ជាក់​ថា​៖​ ​«​ជា​រួម​កូន​អ្នក​ណា​ក៏​យើង​មិន​ចង់​ឲ្យ​ស្លាប់​ ហើយ​ពេទ្យ​នេះ ​ជា​ការ​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ស្លាប់​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ កូន​ខ្ញុំ​ នៅ​ញ៉ាំបាយ​អី​បាន អង្គុយ​លេង​ធម្មតា។​ ពេល​ទទួល​ព្យាបាល​ យើង​គិត​ថា​ ពេទ្យ​ធំ ​យើង​ទុក​ចិត្ត​ ១០០​ ភាគ​រយ​ បែរ​ជាយ​កកូន​យើង​ទៅ​ពិ​សោធ​»​។​

​យោង​តាម​លិខិត​បំភ្លឺ​របស់​គណៈ​កម្មការ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ក្រោយ​កើត​ហេតុ​ការណ៍​នេះ បាន​អះអាង​ថា ​គណៈ​ក​ម្មការ​មន្ទី​រពេទ្យ ​និង​គ្រូ​ពេទ្យ​ជំនាញៗ​ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​ទៅ​លើ​សំណាក​ឈាម​របស់​អ្នក​ជំងឺ​ដែល​បាន​រក្សា​ទុក​ ជា​លទ្ធ​ផល​ បាន​រក​ឃើញ​ថា​ កុមារ​រូប​នេះមាន​លទ្ធ​ផល​តេស្ត​ជំងឺ ​EV71​ វិជ្ជ​មាន​ ដែល​ជា​ជំងឺ​ម្យ៉ាង​បង្ក​ឲ្យ​មាន​ពង​បែក​មាត់​ ដៃ​ ជើង ហើយ​វា​កាន់​តែ​មាន​សភាព​ធ្ងន់​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​កុមារ​មាន​អាយុ​​ក្រោម​ ២ ​ឆ្នាំ ​ដែល​អាច​បង្ក​ឲ្យ​ប៉ះ​ពាល់​ប្រព័ន្ធ​ប្រសាទ​ ឬ​ហើម​សួត ​និង​ខ្សោយ​បេះ​ដូង​ បណ្តាល​ឲ្យ​បាត់​បង់​អាយុ​ជីវិត​យ៉ាង​ឆាប់​រហ័ស​ ស្រប​ពេល​កុមារ​រូប​នេះកំពុង​មាន​ជំងឺ​គ្រុនឈាម​ផងដែរ។​

​លិខិត​បំភ្លឺ​នោះ​បញ្ជាក់​ថា​៖​ «​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កុមារ​ស្លាប់​ ដោ​យ​មាន​ហើម​សួត​យ៉ាង​ឆាប់​រហ័ស​បណ្តាល​មក​ពី​កុមារ​មាន​ជំងឺ ​២ ​រួមគ្នា​គឺ ​ការ​បង្ក​រោគ​គ្រុនឈាម​ និង​ EV71។ គណៈ​កម្ម​ការ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ពិតជា​សោក​ស្តាយ​ជា​ខ្លាំង​ដែល​មិន​អាច​ជួយ​សង្គ្រោះ​កុមារ​នេះ​បាន​ ទោះបី​យើង​បាន​សង្គ្រោះ​កុមារ​រាប់​ពាន់​នាក់​មក​ហើយ​ក្តី»។​

​លោក​ ហៃ​ ឡុង​ ដែល​ត្រូវ​ជា​ឪពុក​កុមារ​រងគ្រោះ​បាន​អះអាង​ថា​ ពួក​ខ្លួន​ទាម​ទារ​ឲ្យ​មន្ទី​រពេទ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុ​កា​រ​ណ៍​នេះ ​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ខ្លួន​ចំនួន​ ៣២ ០០០ ដុ​ល្លារ​ ព្រ​ម​ទាំង​សង្ឃឹម​ថា​ តុលាការ​ នឹង​ផ្តល់​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​កូន​ប្រុស​ខ្លួន​ ព្រោះ​តែ​ការ​ធ្វេស ប្រហែស​របស់​ក្រុម​គ្រូ​ពេទ្យ​ទាំង​នោះ​នៅក្នុង​មន្ទីរពេទ្យ៕​