ភ្នំពេញ: លោក ស៊ឹម ភូន ចៅសង្កាត់រង​ទី​ ១ នៅ​សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ និង​ឈ្មួញ​ដី​ម្នាក់​ឈ្មោះ ឈុយ តុលា ត្រូវបាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោកស្រី សុង ឆវ័ន្ត បាន​កោះហៅ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​ ១០ ខែសីហា​នេះ​ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​ទំហំ​ជាង ១៧ ​ហិកតា នៅ​ភូមិ​ព្រៃដូនអុក សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក ផេង ស៊ីដេត មេធាវី​តំណាង​ឲ្យ​ជនរងគ្រោះ​ឈ្មោះ លី សុខយូ បាន​ប្ដឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២១ ខែ កក្កដា ឆ្នាំ​ ២០២០ ដោយ​ចោទប្រកាន់​ពី​បទប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​, បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​, បទ​ប្រើ​អំពើហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​។

លោក ផេង ស៊ីដេត បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ដី​កូនក្ដី​របស់​លោក​មាន​បណ្ណកម្មសិទ្ធិ​ (​ប្លង់រឹង​) ​ត្រឹមត្រូវ​តាមច្បាប់​ដែល​បាន​ធ្វើ​តាំងពី​ឆ្នាំ​ ២០០០ ដែល​ធ្វើ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​។

រីឯ​ភាគី​ម្ខាង​ទៀត​ដែល​បាន​កាន់កាប់​ឯកសារ​ជាន់​លើដី​កូនក្ដី​លោក​នេះ​មាន​លិខិតបញ្ជាក់​កាន់កាប់​ដី​ត្រឹម​សង្កាត់​ត្រពាំង​ក្រសាំង​ដែល​បាន​ធ្វើ​នៅ​ឆ្នាំ​ ២០១៤ ខណៈ​មាន​ឈ្មោះ​លោក ស៊ឹម ភូន ចៅសង្កាត់រង​ទី​ ១ សង្កាត់​ត្រពាំងក្រសាំង​ជា​អ្នកចុះហត្ថលេខា​ទទួលស្គាល់​លើ​ឯកសារ​ដី ព្រម​ទាំង​មាន​មនុស្ស​ឈរឈ្មោះ​តំណាង​ដី​នេះ​ចំនួន ៣ ​នាក់​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ចាំមើល​ចំណាត់ការ​របស់​តុលាការ​តាម​នីតិវិធី​ច្បាប់ ហើយ​ខ្ញុំ​រង់ចាំ​មើល​បុគ្គល​មាន​អំណាច​ដែល​កំពុង​ធ្វើ​អន្តរាគមន៍ ឬ​កាង​នៅ​ពី​ក្រោយខ្នង​បុគ្គល ឈុយ តុលា​»​។

លោក​មេធាវី ផេង ស៊ីដេត អះអាង​ថា​លោក ស៊ឹម ភូន បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ដីកាកោះ​របស់​តុលាការ​កាលពី​ថ្ងៃទី ១០ ខែសីហា ​រួចរាល់​ហើយ​។ ដោយឡែក​ឈ្មួញ​ដី​ម្នាក់​ឈ្មោះ ឈុយ តុលា មិនទាន់​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ទេ​។

លោក ស៊ឹម ភូន ចៅសង្កាត់រង​ទី​ ១ សង្កាត់​ត្រពាំង​ក្រសាំង​ពី​ម្សិលមិញ ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

លោកស្រី ឆវ័ន្ត តំណាង​អយ្យការ​ថ្លែងថា មិនមាន​ការឃាត់​ខ្លួន​លោក​ចៅសង្កាត់រង​នោះទេ​។

លោកស្រី ឆវ័ន្ត បាន​ឲ្យ​ដឹង​ទៀតថា​៖ «​យើង​សាកសួរ​គាត់​រួចរាល់​ហើយ​គឺ​យើង​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​»៕