ភ្នំពេញ: ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កែវ សុធា បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ឈ្មោះ ដួង មុនីរដ្ឋ រស់នៅ​ភូមិ​ព្រែកថ្មី ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​​កណ្ដាល​ចូល​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ឲ្យ​បាន​មុន​ថ្ងៃទី​ ៣ ខែ​កុម្ភៈ ឆ្នាំ​នេះ ដើម្បី​សួរ​ពី​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់​។

សមត្ថកិច្ច​ខណ្ឌដូនពេញ​កាលពី​ថ្ងៃទី​ ៩ ខែ​មករា ឆ្នាំ​នេះ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បាញ់​​សម្លាប់​បុរស​ម្នាក់​នៅ​ភោជនីយដ្ឋាន​ឈ្មោះ ហេបភីណេសស៊ុប និង​ខារ៉ាអូខេ​គ្រួសារ​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​ដោយ​ជនសង្ស័យ​បាន​បាញ់​មកលើ​ជនរងគ្រោះ​ ១ ​គ្រាប់​ ត្រូវចំ​សៀតផ្កា​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

តាម​ដីកា​របស់​លោក កែវ សុធា ចុះ​ថ្ងៃទី​ ១៤ ខែ​មករា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឈ្មោះ ដួង មុនីរដ្ឋ អាយុ​ ២៧ ​ឆ្នាំ​ មាន​លំនៅ​ក្នុង​ភូមិ​ព្រែកថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​បង្ហាញ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​បាន​មុន​ថ្ងៃទី​ ៣ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​បទឃាតកម្ម​តាម​របាយការណ៍​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។

លោក ទៀង ច័ន្ទសា អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ទទួល​ដីកា​នេះ​រួចរាល់​ហើយ ដោយ​តុលាការ​បាន​បង្គាប់​ឲ្យ​ជនសង្ស័យ​ចូល​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​មានមតិ​អ្វី​ច្រើន​ទេ ប្រសិន​ជនសង្ស័យ​ហ្នឹង​គាត់​មិន​មក​បង្ហាញខ្លួន ឬ​មក​បង្ហាញខ្លួន​តាម​ដីកា​តុលាការ វា​គឺជា​នីតិវិធី​របស់​តុលាការ បើ​តុលាការ​បង្គាប់​ឲ្យ​ឃាត់ខ្លួន​​ ឬ​ធ្វើយ៉ាងណា​បន្តទៀត​គឺ​សមត្ថកិច្ច​យើង​នឹង​អនុវត្តតាម​... »​។

កាលពី​ម្សិលមិញ ភ្នំពេញ-ប៉ុស្ដិ៍​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សាច់ញាតិ​របស់​ជនរងគ្រោះ​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

ប៉ុន្ដែ​កាលពី​ថ្ងៃ​ពុធ Fresh News បាន​ដកស្រង់​សម្ដី​សាច់ញាតិ​ជនរងគ្រោះ​ដោយ​ពួកគាត់​បាន​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច ជាពិសេស​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ តាម​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជនបង្ក​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់ៗ​។

លោក ប៊ុន ប្រុស នាយប៉ុស្ដិ៍​នគរបាល​សង្កាត់​បឹងរាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ១០ ខែមករា ​ថា សមត្ថកិច្ច​ជំនាញ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ ប៉ុន្ដែ​គេ​រត់គេចខ្លួន​។ លោក​ថា​ជនសង្ស័យ​ និង​ជនរងគ្រោះ​គឺជា​មិត្តភ័ក្ដិ​​គ្នា ដោយ​ពួកគេ​បាន​ជិះ​រថយន្ត​ ១ ​គ្រឿង​ ជាមួយ​គ្នា​ទៅ​ហូប​អាហារ​នៅ​ភោជនីយដ្ឋាន​កើតហេតុ​កាលពី​ម៉ោង​ ៤ ​ព្រឹក​ថ្ងៃទី​ ៩ ខែ​មករា​។

លោក​បន្តថា ខណៈ​ពួកគេ​ចូលដល់​ភោជនីយដ្ឋាន​នោះ​ជនរងគ្រោះ​បាន​ចេញ​ពី​រថយន្ត ហើយ​មក​អង្គុយ​ចាំ​ជនសង្ស័យ​មុន ខណៈ​ជនសង្ស័យ​កំពុង​រក​កន្លែង​ចត​រថយន្ត​។

ក្រោយពី​ចត​រថយន្ត​រួច​ជនសង្ស័យ​បាន​ក៏​ចូល​ក្នុង​ហាង​នោះដែរ ស្រាប់តែ​ជន​នោះ​បាន​ដក​កាំភ្លើង​ខ្លី​ ១ ​ដើម​ មក​បាញ់​ផ្ទប់​នឹង​សៀតផ្កា​ជនរងគ្រោះ​ ១ ​គ្រាប់​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​​នៅ​កន្លែង​តែម្ដង​។

លោក ប៊ុន ប្រុស បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់​រួច ជនដៃដល់​ក៏បាន​ដើរ​ចេញពី​ហាង​នោះ ដោយ​មាន​បុរស​ ៣ ​នាក់​ផ្សេងទៀត​បើក​រថយន្ត​ ១ ​គ្រឿង និង​ម៉ូតូ​ ១ ​គ្រឿង​ មក​ទទួល​នៅ​ខាង​មុខ​ហាង ហើយ​បើក​គេចខ្លួន​បាត់​ទាំងអស់​គ្នា​។ បុរស​ជនរងគ្រោះ​ គឺជា​ឌីជេ​ (​អ្នក​ចាក់​បទចម្រៀង​ក្នុង​ក្លិប​) នៅ​ហាង UrBanBeer House BKK ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការបាញ់សម្លាប់​នេះ​នៅឡើយ​ទេ​»៕