ភ្នំពេញៈ ​បេក្ខជន​ប្រឡង​ជាប់​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ចំនួន ៥៥ ​រូប​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចាត់វិធានការ​លើ​បេក្ខជន​ម្នាក់ ខណៈ​បេក្ខជន​រូបនោះ​ក៏​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បទ​ចោទ​ចំនួន ៣ ​ករណី​ក្រោយ​បង្ហោះ​វីដេអូ​​មួយ​ទាក់ទង​នឹង​ភាពមិន​ប្រក្រតី​នៃ​ការប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​អំឡុង​ខែវិច្ឆិកា​។

ញត្តិ​ដែល​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គវង្ស វឌ្ឍានា ភ្ជាប់​ជាមួយ​ស្នាម​មេដៃ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៥៥ រូប​កាលពី​ថ្ងៃទី​ ៣ ខែ​កុម្ភៈ បាន​ឲ្យ​ដឹងថា​ក្នុង​នាម​ពួកគេ​ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ​នៃ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​សូម​បង្ហាញ​ការគាំទ្រ​ទាំងស្រុង ចំពោះ​កិច្ចដំណើរការ​ និង​លទ្ធផល​នៃ​ការប្រឡង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​នេះ​។ ការប្រកាស​គាំទ្រ​នេះ​ត្រូវ​ពួកគេ​អះអាង​ថា ដោយសារ​ពួកគេ​ទាំង ៥៥ រូប​បាន​ចូលរួម​ប្រឡង​ដោយ​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​ទាំង​វិញ្ញាសាសរសេរ និង​វិញ្ញាសា​ផ្ទាល់មាត់​ដោយ​គ្មាន​ការស៊ីសំណូក​សូកប៉ាន់ ដើម្បី​ជាប់​ក្នុង​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​នោះឡើយ ដោយ​ក្នុង​នោះ​អ្នកមាន​សមត្ថភាព​ចំណេះដឹង​លើសគេ គឺ​ជាប់​។

បេក្ខជន​ទាំងនោះ​បញ្ជាក់​ក្នុង​ញត្តិ​ថា​៖ «​ដើម្បី​បញ្ជាក់​អំពី​ភាពស្អាតស្អំ និង​យុត្តិធម៌ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​សូម​គោរព​ស្នើសុំ​ឯកឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មេត្តា​ចាត់​វិធានការ​ចំពោះ​បុគ្គល​ឈ្មោះ​ គង់ ប៊ុនរិទ្ធិ និង​បក្ខពួក​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។

ក្រៅពី​បញ្ជាក់​យ៉ាង​ដូច្នេះ​បេក្ខជន​ទាំងនោះ​ក៏​បាន​ច្រានចោល​ព័ត៌មាន​ទាំងអស់ ជុំវិញ​ការបង្ហោះ​នៅលើ​គណនី​ហេ្វសប៊ុក​របស់​ឈ្មោះថា Bunrith Kong ផង​ដែរ​ដោយ​អះអាង​ថា ការ​បង្ហោះ​របស់​បុគ្គល​រូបនេះ គ្មាន​ការពិត និង​មាន​ចេតនា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ពួកគេ​ និង​ស្ថាប័ន​ទាំងមូល​។

វីដេអូឃ្លីប​ដែលមាន​រយៈពេល ៧ ​នាទី​ ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​ឈ្មោះ Bunrith Kong កាលពី​ថ្ងៃទី ២៦ ខែ​មករា​ បាន​រៀបរាប់​ពី​សកម្មភាព​ និង​នីតិវិធី​នៃ​ការប្រមូល​លុយ​ពី​បេក្ខជន​ចំនួន ៥០ ​រូប​ ដោយ​ធ្វើយ៉ាងណា​ឲ្យ​បាន​គ្រប់​ចំនួន​ ៣ ​លាន​ដុល្លារ​ ដោយ​ក្នុងនោះ​មាន​បេក្ខជន​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ​ ១៥ ​ម៉ឺន​ដុល្លារ ដើម្បី​បាន​ជាប់​ក្នុង​ការប្រឡង​នេះ​។ វីដេអូ​ដដែល​នោះ​ក៏បាន​រៀបរាប់​ពី​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​យុត្តិធម៌​ជាច្រើនរូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រមូល​លុយ​នេះ​ផងដែរ​។

នៅក្រោយ​ការបង្ហោះ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​កោះហៅ​ចំនួន ២ ​ច្បាប់​ដាច់​ដោយឡែក​ពីគ្នា​ដោយ​បាន​កោះហៅ​បុគ្គល​រូបនេះ​ក្នុង​នាម​ជា​ជនសង្ស័យ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ​ពី​បទចោទ​ចំនួន​ ៣ ​គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទញុះញង់​ឲ្យ​មាន​ការរើសអើង​។

លោក គង់ ប៊ុនរិទ្ធិ បេក្ខជន​ដែល​ត្រូវបាន​តុលាការ​កោះហៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អ្វី​ដែល​លោក​បាន​លើកឡើង​នៅក្នុង​វីដេអូ​នោះ​គឺ​លោក​ទទួល​បាន​ពី​គណនី​ហ្វេសប៊ុក​មួយ​ដែល​បាន​សរសេរ​រៀបរាប់​ពី​នីតិវិធី និង​សកម្មភាព​នៃ​អំពើ​ពុករលួយ​ទាំងនេះ​។

លោក​បន្តថា ការដែល​លើកឡើង​ក្នុង​វីដេអូ​នេះ​គឺ​លោក​គ្រាន់តែ​អាន​តាម​អ្វីដែល​គណនី​នោះ​បាន​សរសេរ​ផ្ញើមក​ប៉ុណ្ណោះ ដោយ​រំពឹង​ថា​នឹង​មាន​ការបើក​ការស៊ើបអង្កេត​ស្វែងរក​ការពិត​ចំពោះ​តម្រុយ​ទាំងនេះ​។ លោក​បញ្ជាក់​៖ «​អ្វី​ទាំងនេះ​គឺ​គ្រាន់​ជា​តម្រុយ​មួយ​ដែល​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៃ​ការប្រឡង​ចៅក្រម​។ អ្វី​ដែល​ខ្ញុំ​បានដឹង​ខ្លះៗ​ទើប​ខ្ញុំ​សម្រេចចិត្ត​អាន​សារ​ដែល​គេ​ផ្ញើ​មកនេះ​។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​អាន​អ៊ីចឹង ខ្ញុំ​អាន​សារ​នេះ​គឺ​មិនដឹង​ថា សារ​ដែល​រៀបរាប់​ពី​អំពើ​ពុករលួយ​នេះ​ជា​ការពិត​ឬ​យ៉ាងណា​?»​។

លោក គង់ ប៊ុនរិទ្ធិ បាន​អះអាង​បន្ថែមថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ ហើយ​ការដែល​បេក្ខជន​ប្រឡង​ជាប់​ទាំង ៥៥ រូបនោះ​ចេញ​មុខ​ប្រតិកម្ម​នេះ​សម្រាប់​លោក​យល់​ថា ពួកគេ​ក៏​ចង់​ឲ្យ​មាន​ការស៊ើបអង្កេត​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​អំពើពុករលួយ​នេះដែរ​។

លោក​ សុខ សុវណ្ណវឌ្ឍនាសាប៊ុង សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ដែល​បានដាក់​របាយការណ៍​ជុំវិញ​ករណី​នេះ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើកឡើង​ថា រូបលោក​នឹង​បន្ត​តាមដាន​ករណីនេះ​បន្ត​ទៀត​។ លោក​ចាត់ទុក​ករណីនេះ​ថា គឺជា​ការ​គាបសង្កត់ និង​បិទ​សេរីភាព​របស់​ពលរដ្ឋ​ខណៈ​ដែល​បុគ្គល​រូបនោះ​បាន​លើក​ឡើង​ពី​តម្រុយ​នៃ​អំពើពុករលួយ​ដែល​គួរ​ណាស់​តែ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​មិន​គួរ​ណា​មក​ចោទប្រកាន់​អ្នករាយការណ៍​ពី​អំពើពុករលួយ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ភាពមិន​ប្រក្រតី​កន្លងមក​យើង​បាន​ដាក់​ជូន​សម្ដេច​តេជោ​ហើយ​។ ឯ​ការប្ដឹង​លើ​បុគ្គល​ឈ្មោះ​ គង់ ប៊ុនរិទ្ធិ​ នេះ​ខ្ញុំ​ចាត់ទុក​ថា វា​មិន​ត្រឹមត្រូវ ព្រោះ​គាត់​បញ្ចេញមតិ​គ្រាន់តែ​រក​ការអន្តរាគមន៍​ប៉ុណ្ណោះ​។ ដោយឡែក​យើង​បន្ត​ការតាមដាន​បន្ថែម ព្រោះ​ត្រឹម​កោះហៅ​ទេ​មិន​ទាន់​ដល់​ការចោទប្រកាន់​ចាប់​អី​នោះទេ​។ យ៉ាងណា​មិញ​ខ្ញុំ​នឹង​តាមដាន​បន្ត ព្រោះ​មិន​ទាន់​ដឹងថា តើ​​នរណា​ជា​អ្នកប្ដឹង​គាត់​?»៕

វីដេអូ៖