កណ្ដាលៈ ប្រជាពលរដ្ឋ​ចំនួន​ ១២ ​នាក់​ដែល​រស់នៅ​ក្នុង​ស្រុក​កៀនស្វាយ ត្រូវ​បាន​តុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​ជាង ២ ​ពាន់​ហិកតា​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​ ៥០០ ​គ្រួសារ​កាលពី​ឆ្នាំ​ ២០១៧​។

យោង​តាម​ដីកា​កោះហៅ​របស់​លោក ហោ លីណា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ថ្ងៃទី ២១ កញ្ញា បាន​ឲ្យ​ដឹងថា ការកោះហៅ​ពលរដ្ឋ​ទាំង​ ១២ នាក់​គឺ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​លោក តូច សាហៀង ដែល​ជា​ដើមបណ្តឹង​ប្ដឹង​ពី​បទ «​រំលោភ​លើ​ការកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​។

លោក ញ៉ែម សុខដា ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​តវ៉ា​ជាច្រើន​ទៀត រស់នៅ​ឃុំ​បន្ទាយដែក​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ការតវ៉ា​ក៏​ព្រោះតែ​មិន​សុខចិត្ត ចំពោះ​ករណី​ដី​ជាង​ ២ ​ពាន់​ហិកតា​ដែល​លោក​ ហ៊ុន សែន បានប្រគល់​ឲ្យ​ពលរដ្ឋ​ជិត ​៥០០ គ្រួសារ តែ​បែរ​ជា​ដី​ទាំងនោះ​ត្រូវ​បាន​មន្ត្រី​ឃុបឃិត​គ្នា​ប្រគល់​ទៅ​ឲ្យ​បុគ្គល​មាន​លុយ​មាន​អំណាច​ជាង ១០ នាក់​ធ្វើ​ប្លង់រឹង​រំលោភ​យកទៅ​វិញ​។ បន្ទាប់ពី​បានដឹង​ព័ត៌មាន​ទាំងនេះ ប្រជាពលរដ្ឋ​បាន​ផ្តិត​មេដៃ​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​យុត្តិធម៌​ប៉ុន្តែ​បែរជា​មាន​ការប្តឹងផ្តល់​ប្រជាពលរដ្ឋ ១២ នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ ៤៧៣ ​នាក់​ទៅ​តុលាការ​ទៅវិញ​។

លោក​ថ្លែង​ថា​៖ «​មាន​បុគ្គល​មួយចំនួន​ឃុបឃិត​គ្នា​មាន​អំណាច​មាន​លុយ គេ​បាន​ចេញ​ប្លង់​មក​ឲ្យ​អ្នកមាន​លុយ​មាន​អំណាច​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​កាល​ហ្នឹង​មិនដឹង​ទេ ព្រោះ​គេ​មិន​បាន​ប្រកាស​ក្នុង​ឃុំ​យើង​ទេ​។ រួចហើយ​ក្រោយ​មក​ទើប​យើង​ដឹង​ព័ត៌មាន​តាម​បណ្តាញ​សង្គម ក៏​បាន​នាំគ្នា​តវ៉ា តែ​អាជ្ញាធរ គេ​ថា​ផុត​ពេល​កំណត់​ហើយ​។ រឿង​ហ្នឹង​ទាល់តែ​មាន​ការឃុបឃិត​ពី​មន្ត្រី​បាន​អាច​ចេញ​ជា​អ៊ីចឹង ដែល​ចេញ​ជា​ប្លង់​ចេញ​ជា​អី​បាន ហើយ​ក្នុង​ម្នាក់ៗ​មាន​ដល់​ទៅ​ ៤០ ​ហិកតា ឬ​ ៥០ ​ហិកតា​អី​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ដើម្បី​ទាក់ទង​ដើមបណ្ដឹង​បានទេ​។

លោក ទិន សុចិត្រា អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា មាន​ពលរដ្ឋ​ចំនួន ២ នាក់​បាន​ចូលមក​បំភ្លឺ ហើយ​ការសម្រេច​យ៉ាងណា​នោះ គឺ​តុលាការ​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្តទៀត​។ ក្នុង​នាម​ជា​ស្ថាប័ន​យុត្តិធម៌ តុលាការ​នឹង​មាន​ចំណាត់ការ​តាម​ពាក្យបណ្តឹង ប៉ុន្តែ​មិន​ប្រាកដថា តុលាការ​នឹង​សម្រេច​ចោទប្រកាន់​តាម​ការប្តឹង​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​តុលាការ​ធ្វើការ​គឺ​មើល​ទៅលើ​អ្នកណា ជា​ដើម​បណ្តឹង ហើយ​បើ​កាលណា​ដើមបណ្តឹង​គេ​ប្តឹង​តែ ១២ នាក់ ដូច្នេះ​យើង​កោះហៅ​តែ ១២ នាក់​ហ្នឹង​ទេ​។ គ្រាន់តែ​ថា មិនមែន​យើង​ត្រូវដាក់​បន្ទុក​តាម​ពាក្យបណ្តឹង​ទេ​។ ដោយ​ការហៅ​មក​នេះ​គឺ​គ្រាន់តែ​ត្រូវ​ស្តាប់​តាម​ការបំភ្លឺ​របស់​គាត់ បើ​មិនមាន​ជាប់​ពាក់ព័ន្ធ​ទេ ក៏​ចប់​ទៅ​គ្រាន់​តែ​ពេលខ្លះ គាត់​ភ័យ​ខ្លួន​គាត់​»​។

យោងតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​គឺជា​ដី​ដែល​ប្រជាពលរដ្ឋ​តែងតែ​បង្កបង្កើនផល​ដោយ​ការដាំដុះ​ និង​នេសាទ រហូត​មក​ដល់​ពេលនេះ​ពលរដ្ឋ​នៅតែ​បន្ត​ការដាំដុះ​ដដែល​។

លោក អ៊ូ ឈាង ​អភិបាលស្រុក​កៀនស្វាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាល​ដែល​ធ្វើការ​បែងចែក​ដី​តំបន់​នេះ​កាលពី​ឆ្នាំ​ ២០១៧ គឺ​ក្រសួង​រៀបចំ​ដែនដី​បាន​បិទ​ប្រកាស​រយៈពេល​ដល់​ទៅ ៣ ​ខែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ចូលរួម​តវ៉ា​។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ដែល​មក​តវ៉ា​នេះ គឺ​មិនមែន​ជា​ពលរដ្ឋ​ចាស់​ទេ គឺ​ក្រុម​ផ្សេង​។ ព្រោះ​គាត់​និយាយ​ថា អាជ្ញាធរ​មិនបាន​ផ្សព្វផ្សាយ​ឲ្យ​គាត់​គឺ​មិន​ត្រូវ​ទេ ព្រោះ​គេ​ទៅ​យ៉ាង​កុះករ ម៉េច​បាន​ពួកគាត់​មិន​ទៅ​តវ៉ា​ពេល​ហ្នឹង​។ ភាគច្រើន​កាល​ហ្នឹង ប្រជាពលរដ្ឋ​បាន​លក់​ដី​ឲ្យ​ឈ្មួញ ដែល​ជា​អ្នក​នៅ​ហ្នឹង ម្នាក់​តិចៗ​ហើយ​ក្រោយមក​បាន​នាំគ្នា​តវ៉ា​»​។

លោក ឈាង ក៏បាន​បញ្ជាក់​អំពី​ការទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​ដី​ដែលមាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជាង​ ២០ ​ក្បាលដី ជុំវិញ​ការរំលោភ​លើ​ការកាន់កាប់​អចលនវត្ថុ​នេះ​ដែរ​៕