ភ្នំពេញៈ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើ «អធិបញ្ជា» ឲ្យអយ្យការចាត់វិធានការផ្លូវច្បាប់ប្រឆាំងប្រធានចលនាសង្គ្រោះជាតិ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺក្នុងនាមជា «ជនសង្ស័យ» ចំពោះការ «ប្រមាថ» ដល់អង្គព្រះមហាក្សត្រ ខណៈលោក សម រង្ស៊ី កាលពីម្សិលមិញនៅតែការពារការអះអាងរបស់ខ្លួនពីមុនដដែល។
យោងតាមដីកាកោះចេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលចុះហត្ថលេខាកាលពីថ្ងៃអង្គារ និងត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញបានកោះហៅលោក សម រង្ស៊ី ក្នុងនាមជា «ជនសង្ស័យ» ឲ្យចូលខ្លួនដើម្បីសាកសួរនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះពីដំណើររឿង «ប្រមាថព្រះមហាក្សត្រ» តាមគណនីហ្វេសប៊ុកជាបន្តបន្ទាប់ចាប់ពីខែមិថុនាឆ្នាំ ២០១៨។
ការចេញដីកានេះបន្ទាប់ពីលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាឲ្យតំណាងអយ្យការចាត់វិធានផ្លូវច្បាប់កាលពីថ្ងៃទី ៧ ខែមិថុនា ក្រោយពេលអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយចាត់ទុកព្រះរាជសារព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលបានអំពាវនាវដល់ពលរដ្ឋដែលមានសិទ្ធិអញ្ជើញទៅបោះឆ្នោតថាជា «លិខិតក្លែងក្លាយ» ឬត្រូវបានធ្វើឡើង «ក្រោមការគំរាមកំហែង»។
យ៉ាងណាក្ដីកាលពីម្សិលមិញលោក សម រង្ស៊ី ក៏បានសរសេរលើហ្វេសប៊ុកជាថ្មីដោយនៅតែការពារការអះអាងរបស់លោកកន្លងមកដដែល ប៉ុន្តែមិនបានបញ្ជាក់ថាលោកនឹងបញ្ជូនអ្នកតំណាងចូលបំភ្លឺឬយ៉ាងណានោះទេ។
លោកបន្តថា៖ «តាមផ្លូវច្បាប់លិខិតបែបនេះគ្មានតម្លៃអ្វីទេ ហើយមិនអាចយកជាការបានទេ...»។
បន្ថែមលើនេះលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថ្លែងកាលពីម្សិលមិញថា លោកមិនជឿថាលោក សម រង្ស៊ី បានប្រមាថអង្គព្រះមហាក្សត្រទេ តែយល់ថាចំណាត់ការផ្លួវច្បាប់ប្រឆាំងអតីតមេរបស់លោកថាជា «រឿងនយោបាយ» ច្រើនជាង។
លោកបញ្ជាក់ថា៖ «អាហ្នឹងវាជារឿងនយោបាយហើយមិនមែនជារឿងអនុវត្តច្បាប់ទេ ការធ្វើច្បាប់បន្ថែមក៏ដោយសារពាក់ព័ន្ធនឹងរឿងនយោបាយមួយចំនួន»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា វាជារឿងផ្លូវច្បាប់របស់លោក សម រង្ស៊ី។
លោក យ៉ារ៉ា បានបញ្ជាក់ថា៖ «គណបក្សយើងគោរពរដ្ឋធម្មនុញ្ញជាធំ គោរពនូវសិទ្ធិសេរីពហុបក្ស ព្រមទាំងគោរពជាតិ សាសនា ព្រះមហាក្សត្រ។ អ្នកដែលប្រមាថព្រះមហាក្សត្រនឹងត្រូវផ្តន្ទាទោសតាមច្បាប់»។
លោកបានបន្តថា៖ «ខ្ញុំយល់ឃើញថាគាត់កំពុងធ្វើឲ្យខ្លួនគាត់មិនត្រឹមតែឆ្ងាយពីឆាកនយោបាយទេ គាត់ឆ្ងាយពីសេចក្ដីស្រឡាញ់ទាំងអស់របស់ប្រជាជនកម្ពុជា ហើយគាត់ក៏កំពុងតែបង្កើតនូវការបង្កាត់ភ្លើងមួយរវាងរាជវង្សានុវង្ស និងប្រជាជននៅក្នុងសង្គម...អ្វីដែលគាត់បានធ្វើគឺធ្វើឲ្យសង្គមស្អប់ខ្ពើម»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមានប្រសាសន៍ថា៖ «ពីដំបូងច្បាប់ប្រមាថព្រះមហាក្សត្រត្រូវបានអនុម័តដោយសភាមិនស្របតាមរដ្ឋធម្មនុញ្ញ។ វាមិនស្របតាមរដ្ឋធម្មនុញ្ញទេ។ វាមានន័យដូចនៅក្នុងប្រព័ន្ធយុត្តិធម៌កុម្មុយនីស្តដើម្បីបម្រើជាឧបករណ៍នយោបាយដើម្បីកម្ចាត់សត្រូវរបស់បក្ស។ ដូច្នេះហើយការចោទប្រកាន់ប្រឆាំងលោក សម រង្ស៊ី គឺជារឿងនយោបាយ»៕