
លោក គ្រើង តុលា ដែលតុលាការកោះហៅឲ្យបំភ្លឺ។ រូបថត សហការី
មណ្ឌលគិរីៈ សាលាដំបូងខេត្តមណ្ឌលគិរីបានចេញដីកាកោះហៅលោក គ្រើង តុលា សកម្មជនការពារព្រៃឈើឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញបទចោទបរិហារកេរ្តិ៍ បន្ទាប់ពីលោកបានចោទលោក ប៉ែត ភក្ត្រា ប្រធានដែនជម្រកសត្វព្រៃស្រែពកថា បានបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើក្នុងតំបន់ដែលលោកគ្រប់គ្រង។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើនៅឃុំប៊ូស្រា ស្រុកពេជ្រាដា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា លោកបានទទួលដីកាកោះពីសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី ៣០ ខែមីនា (ម្សិលមិញ)។ មូលហេតុដែលលោក ប៉ែត ភក្ត្រា បានប្ដឹងលោកគឺបន្ទាប់ពីលោកបានបង្ហោះនៅលើហ្វេសប៊ុកកាលពីខែកុម្ភៈកន្លងទៅនូវព័ត៌មានសម្ងាត់ដែលមន្ត្រីបរិស្ថានម្នាក់លួចផ្ដល់ឱ្យលោក និងព័ត៌មានទទួលបានពីប្រជាពលរដ្ឋ។
លោក តុលា អះអាងថា មន្ត្រីបរិស្ថានដែលលោកស្គាល់ឈ្មោះ និងតួនាទីរូបនោះបានខលទូរស័ព្ទប្រាប់លោក និងបានបង្ហាញរូបភាពជាច្រើនឱ្យលោក ហើយស្នើឱ្យបង្ហោះលើហ្វេសប៊ុកករណីលោក ប៉ែត ភក្ត្រា បានអនុញ្ញាតឱ្យមានសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែង ខណៈពលរដ្ឋក៏បានអះអាងថាក្រុមជនល្មើសបានចូលទៅកាប់ឈើអស់រាប់រយហិកតាក្នុងដែនជម្រកសត្វព្រៃស្រែពកដោយគ្មានការបង្ក្រាប។
លោកថា៖ «អ្វីដែលខ្ញុំដឹងគឺដោយសារខ្ញុំបង្ហោះព័ត៌មានដែលខ្ញុំទទួលបានពីមន្ត្រីបរិស្ថានដូចគ្នាដែលគាត់ប្ដឹងមកខ្ញុំ។ ខ្ញុំអត់ខ្លាចចូលទៅបំភ្លឺទេដោយសារខ្ញុំមានសំឡេងមន្ត្រីដែលផ្ដល់ព័ត៌មាននោះមកខ្ញុំហើយប្រសិនបើតុលាការអនុញ្ញាតឱ្យខ្ញុំចាក់សំឡេងខ្ញុំនឹងចាក់ហើយខ្ញុំនឹងផុសលើហ្វេសប៊ុកជាសាធារណៈថែមទៀត»។
នៅថ្ងៃទី ១១ ខែកុម្ភៈលោក តុលា បានបង្ហោះលើហ្វេសប៊ុកថា លោក ប៉ែត ភក្ត្រាបានទទួលផលប្រយោជន៍ពីការបណ្ដែតបណ្ដោយឱ្យមានសិប្បកម្មកែច្នៃឈើខុសច្បាប់ និងការកាប់រានដីព្រៃយ៉ាងអនាធិបតេយ្យ។
ដីកាកោះនេះគឺចេញដោយលោក ម៉ម វ៉ាន់ដា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីដោយតម្រូវឲ្យលោក គ្រើង តុលា ចូលទៅបំភ្លឺនៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ស្អែកនេះពាក់ព័ន្ធបណ្ដឹងរបស់លោក ប៉ែត ភក្ត្រា ពីបទបរិហារកេរ្តិ៍លោកជាសាធារណៈ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញ-ប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់ពីលោក ប៉ែត ភក្ត្រា បានទេ ដោយសារទូរស័ព្ទលោកមិនមានអ្នកទទួល។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានលើកឡើងថា ខាងមន្ទីររបស់លោកមិនពាក់ព័ន្ធបណ្ដឹងនេះទេ ព្រោះជារឿងបុគ្គលរវាងលោក គ្រើង តុលា ជាមួយលោក ប៉ែត ភក្ត្រា។
លោកបានបញ្ជាក់ថាលោកតែងគាំទ្រពលរដ្ឋដែលរាយការណ៍ពីបទល្មើសព្រៃឈើ ប៉ុន្តែលោកមិនចង់ឃើញពលរដ្ឋដែលដឹងពីបទល្មើសហើយយកមកបង្ហោះវាយប្រហារមន្ត្រីតាមហ្វេសប៊ុកឡើយ។ លោកជំរុញពួកគេគួរតែរាយការណ៍បទល្មើសមកឱ្យមន្ត្រីមានសមត្ថកិច្ចដើមចុះបង្ក្រាប។
លោកបន្ថែមថា វាប្រាកដជាដូចការលើកឡើងរបស់លោក គ្រើង តុលា ដែលថា មន្ត្រីបរិស្ថានជាអ្នកផ្ដល់ដំណឹង និងរូបភាពដែលមិនបានបង្ក្រាបសិប្បកម្មកែច្នៃឈើ និងបទល្មើសនៅដែនជម្រកស្រែពក។
លោកថា៖ «មានមន្ត្រីបរិស្ថានបញ្ឆេះឱ្យគាត់ (តុលា) វ៉ៃដល់ពេលគាត់វ៉ៃ វារាងជ្រុលបន្តិចហើយគេ [លោក ប៉ែត ភក្ដ្រា] ក៏ចង់ការពារកិត្តិយសដែរ។ ខ្ញុំអត់ដឹងថា មន្ត្រីបរិស្ថានមួយណាជាអ្នកផ្ដល់ព័ត៌មានឱ្យទៅលោក គ្រើង តុលា ទេ។ ដូចជា មិនអីទេកន្លងមកធ្លាប់មានរឿងអ៊ីចឹងដែរ ហើយតុលាការគ្រាន់តែសម្របសម្រួល ហើយធ្វើកិច្ចសន្យាវាចប់រឿងហើយព្រោះខាងខ្ញុំក៏មិនចង់ដាក់បន្ទុកលើលោកតុលាដែរ»។
លោក អ៊ាង ម៉េងលី មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរីបានថ្លែងថា ការប្ដឹងនេះអាចជាការរារាំង និងបំបាក់ស្មារតីរបស់សកម្មជនការពារព្រៃឈើដែលហ៊ាននិយាយរិះគន់ពីភាពអសកម្មរបស់មន្ត្រី។
លោកថា៖ «ជារូបភាពមួយដើម្បីរាំខ្ទប់កុំឱ្យប្រជាពលរដ្ឋ ឬសហគមន៍ដែលក្លាហានក្នុងការបញ្ចេញមតិដើម្បីបញ្ឈប់សកម្មភាពក្នុងការនិយាយ ឬបង្ហាញពីមន្ទិលសង្ស័យផ្សេងៗរបស់អាជ្ញាធរទៅកាន់មជ្ឈដ្ឋានផ្សេងៗឲ្យបានដឹង»៕