ភ្នំពេញៈ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឧកញ៉ា ស្រី សុធា និង​ឧកញ៉ា ស្រី ចន្ធូ ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ពាក់ព័ន្ធ​នឹង​ករណី​លក់​ដី​គ្មាន​ទីតាំង​ច្បាស់លាស់​ទំហំ​​ ១ ​ហិកតា ​ស្ថិត​នៅ​ភូមិ​ព្រែកចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ទៅតាម​ពាក្យបណ្តឹង​របស់​អតិថិជន​អ្នកស្រី ឈុន ណាវី​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា តុលាការ​បាន​ធ្វើការ​កោះហៅ​ឧកញ៉ា​ទាំង​ ២ ​នាក់​ ដើម្បី​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ពុធ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​។ លោក គឹមឡុង បន្ត​ថា​ដីកា​កោះហៅ​ក៏​ត្រូវ​បាន​បញ្ចូន​ទៅ​ជនសង្ស័យ​ទាំង​ ២ ​រួច​អស់​ហើយ​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បានទទួល​ដំណឹង​ពី​ចៅក្រម​បញ្ជាក់​មក​ថា តុលាការ​បាន​កោះហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​លក់​ដី​ទំហំ ១ ហិកតា​ហ្នឹង​។ គាត់​ជាប់​បណ្តឹង​រឿង​លក់​ដី​ច្រើន​ករណី ដូច្នេះ​តុលាការ​នឹង​សិក្សា​មើល ព្រោះ​រឿង​ផ្សេងៗ​គ្នា តុលាការ​មិន​អាច​បញ្ចូល​គ្នា​បាន​ទេ គ្រាន់តែ​លោក​ចៅក្រម​បញ្ជាក់​មក​ថា​មាន​ការកោះហៅ​ (​រឿង​លក់​ដី​ទំហំ​ ១ ​ហិកតា​)»​។

ការកោះហៅ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​អ្នកស្រី ឈុន ណាវី ដែល​ជា​ភាគី​អតិថិជន​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់ ​ដែល​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​សម្រាប់​ពួកគេ​ដែល​អតិថិជន ២ ​នាក់​ទៀត​នោះ​ មាន​ឈ្មោះ ស៊ិន សុភ័ក្ត្រ និង​ឈ្មោះ វ៉ាន់ សាន ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ផងដែរ​។

លោក ដូង លឿង មេធាវី​ការពារ​លោក​ឧកញ៉ា ស្រី ចន្ធូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក​មិនទាន់​អាច​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​រង់ចាំ​ការសិក្សា​លម្អិត ចំពោះ​ករណី​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់ ម្តង​មួយៗ​សិន​។ ជាមួយ​គ្នា​នេះ​លោក​ក៏​មិនអាច​បញ្ជាក់បាន​ថា កូនក្តី​លោក​នឹង​ចូល​បំភ្លឺ​តាម​ការកំណត់​ឬ​យ៉ាងណា​នោះដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​កំពុង​សិក្សា​សំណុំរឿង មិន​ដឹង​ថា​យ៉ាងម៉េច​ផង មិនដឹង​រឿង​អី​ខ្លះ​? មិនដឹង​ថា រឿង​មួយណា​ជាមួយ​ណា​ដែល​យើង​នឹង​ធ្វើការ​សិក្សា​ម្តង​មួយៗ មិនដឹង​ថា​ទាក់ទង​នឹង​អ្វីខ្លះ​»​។

កាលពី​ខែ​សីហា​លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ឧកញ៉ា​ ស្រី សុធា អាយុ​​ ៦១ ឆ្នាំ​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​ឧកញ៉ា ស្រី ចន្ធូ អាយុ​ ៣៨ ​ឆ្នាំ​ ជា​នាយក​ក្រុមហ៊ុន​ដែល​ជា​កូន​ពី​បទ​ឆបោក​ពាក់ព័ន្ធ​នឹង​ការលក់​ដី​ខ្យល់​ទំហំ ១ ​ហិកតា​ ស្ថិត​នៅក្នុង​ទីតាំង​ខាងលើ​តាម​មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១៩ ពោល​គឺ​មាន​រយៈពេល​ ១១ ​ឆ្នាំ​។

ក្រោយ​ទទួលរង​ការ​ចោទប្រកាន់​នេះ​លោក​ឧកញ៉ា ស្រី ចន្ធូ អគ្គនាយក​ក្រុមហ៊ុន 7NG គ្រុប​បាន​ប្រកាស​ប្ដឹង​បក​ទៅ​លើ​អ្នកស្រី ឈុន ណាវី ដែល​ជា​អតិថិជន​របស់​លោក​ពីបទ «​បរិហារ​បង្កាច់​កេរ្តិ៍​» ​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៧ ៧៧៧ ៧៧៧ ដុល្លារ​វិញ​។

អ្នកស្រី ឈុន ណាវី ជាដើម​បណ្តឹង​រដ្ឋប្បវេណី​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​និយាយ​ពី​ម្សិលមិញ​ថា ជាទូទៅ​វិវាទ​ដីធ្លី​ដែលមាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​នោះ​ភាគី​ជម្លោះ​មាន​សិទ្ធិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​តុលាការ ហើយ​ក្នុង​ករណី​ដែល​បុគ្គល​នៃ​ភាគី​ណា​ម្នាក់ មិន​គោរព​ទៅ​តាម​ច្បាប់​ ឬ​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង នោះ​តុលាការ​មាន​សិទ្ធិ​សម្រេច​តាម​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។

ចំពោះ​វិវាទ​នេះ​លោក ករុណា រំពឹង​ថា​តុលាការ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ បើទោះ​ជា​ភាគី​ម្ខាង​ទៀត​មាន​ងារ​ជា​ឧកញ៉ា​យ៉ាងណា​ក៏ដោយ បើ​រកឃើញ​ថា​ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​ខុសច្បាប់​មែន​នោះ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិន​ត្រូវ​មាន​ការយល់​យោគ​នោះ​ឡើយ​។

លោក ករុណា បញ្ជាក់​ថា​៖ «​ករណីនេះ​កាលណា​មាន​កិច្ចសន្យា​មាន​អី​បែប​នេះ ភាគី​ជា​ក្រុមហ៊ុន​ទោះ​ឋានៈ​អ្វី​ក៏ដោយ មិន​ត្រូវ​ខ្វល់​ថា ជា​នរណា​នោះ​ទេ តុលាការ​ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ម្ខាង​ទៀត ហើយ​បើសិន​ជា​អ្នក​ហ្នឹង គាត់​រំលោភ​លើ​ច្បាប់ ប៉ះពាល់​ទៅ​លើ​ភាគី​ព្រមព្រៀង​ទាំងអស់​ហ្នឹង តុលាការ​ត្រូវ​មាន​វិធានការ​ផ្លូវច្បាប់​ហើយ​»​។

លោក​ ករុណា ​បាន​បញ្ជាក់​​ថា​៖ «​យើង​ចង់ឃើញ​តុលាការ​របស់​ប្រទេស​យើង មិន​ការពារ​ជនខិលខូច​ប្រភេទ​ហ្នឹង ព្រោះ​ប្រទេស​យើង​កំពុងតែ​ធ្វើការ​កែទម្រង់​លើ​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​»៕