ភ្នំពេញៈ សាលាឧទ្ធរណ៍បានប្រកាសបើកសវនាការ ជំនុំជម្រះរឿងក្តីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លើបទចោទ «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈដែលក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅព្រឹកថ្ងៃចន្ទ សប្តាហ៍ក្រោយ ជាសំណុំរឿងដែលត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជារឿងក្តីនយោបាយ។
តាមលិខិតអញ្ជីញមេធាវី លោក ជូង ជូងី ដែលចុះហត្ថលេខា ដោយក្រឡាបញ្ជីឈ្មោះ ឡឹក ចាន់ពន្លឺ និងព្រះរាជអាជ្ញា យិន សុគន្ធារី នៅថ្ងៃទី ១៧ ខែវិច្ឆិកា បានឲ្យដឹងថា សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះ រឿងចោទប្រកាន់លោក ហុង សុខហួរ នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨ ព្រឹក នៅបន្ទប់សវនាការទី ២។
លោក ជូង ជូងី មេធាវីការពារសិទ្ធិជនជាប់ចោទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា សវនាការជំនុំជម្រះនេះ គឺធ្វើឡើងតាមបណ្តឹងឧទ្ធរណ៍ របស់ក្រុមមេធាវី ប្រឆាំងនឹងសាលក្រមរបៀបនៃសាលាដំបូងដែលស្នើមេធាវីដាក់បង្ហាញឯកសារពាក់ព័ន្ធ។
លោកថា ក្រុមមេធាវី និងកូនក្តី អាចអនុវត្តសាលក្រមរបៀប របស់សាលាដំបូងបាន លុះណាតែកូនក្តីរបស់លោក នៅក្រៅឃុំ ទើបមានលទ្ធភាពក្នុងការប្រមូលនូវឯកសារពាក់ព័ន្ធទាំងនោះ សម្រាប់ដោះបន្ទុកបាន។
លោក ជូងី បានបញ្ជាក់ថា៖ «បើចង់ឲ្យលោក ហុង សុខហួរ រកភ័ស្តុតាង កុំព្យូទ័រផ្តល់ឲ្យតុលាការ ទាល់តែគាត់នៅក្រៅឃុំ។ ម្យ៉ាងទៀត គាត់ស្រាវជ្រាវតាំងពីឆ្នាំ ២០០៦ មក អ៊ីចឹងកុំព្យូទ័រគាត់ដូរច្រើនសាហើយ។ មួយវិញទៀត ពួកយើងមានសេរីភាពពេញទីក្នុងការដាក់ភ័ស្តុតាងពេលណា ចំណែករបៀបនៃការដាក់ គឺប្រើកុំព្យូទ័ររបស់តុលាការតែម្តង ព្រោះឯកសារនៅក្នុងអ៊ីនធឺណិត ដើម្បីកុំឲ្យមានការចោទថា យើងបង្កប់អីក្នុងនោះ»។
លោក ជូងី បន្ថែមថា តាមនីតិវិធី កូនក្តីរបស់លោក ត្រូវមានវត្តមាន នៅក្នុងសវនាការឧទ្ធរណ៍ខាងមុខនេះ ហើយមេធាវី បានប្តេជ្ញាមិនផ្តល់ភ័ស្តុតាងទៅតុលាការមុននោះទេ ប៉ុន្តែនឹងបង្ហាញតែក្នុងសវនាការសាធារណៈ ដើម្បីវែកញែកដេញដោលជាសាធារណៈតែប៉ុណ្ណោះ។
ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការឆ្លើយតប ពីលោកស្រី យិន សុគន្ធារី ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បានទេ ចំណែកចៅក្រមជំនុំជម្រះក្តីនេះ នៅមិនទាន់អាចកំណត់អត្តសញ្ញាណបានឡើយ។
សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមរបៀប នៅថ្ងៃទី ៧ ខែតុលា ដែលតម្រូវឲ្យមេធាវីការពារសិទ្ធិជនចាប់ចោទ និងជនចាប់ចោទ ដាក់ឯកសារ ដែលពាក់ព័ន្ធនឹងការទាញយក សន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៧៩ និងឧបករណ៍អេឡិចត្រូនិក មកតុលាការ ដើម្បីបន្តនីតិវិធីស៊ើបសួរបន្ថែម ប៉ុន្តែពេលនោះ មិនមានការឆ្លើយតបឡើយ។
ក្រោយមក នៅថ្ងៃទី ២២ ខែតុលា ចៅក្រមសាលាដំបូងរាជធានី លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ឲ្យមេធាវីដាក់ភ័ស្តុតាងម្តងទៀត មកតុលាការ ឲ្យបានមុនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥។
ក្នុងដីកា បានគូសបញ្ជាក់ថា បើមិនអនុវត្តតាម តុលាការ នឹងកំណត់កាលបរិច្ឆេទបន្តនីតិវិធី ហើយនឹងមិនទទួលភ័ស្តុតាងពាក់ព័ន្ធខាងលើនៅពេលខាងមុខឡើយ។
ទីប្រឹក្សាបច្ចេកទេស នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានតាមដានករណីនេះ យល់ឃើញថា ការជំនុំជម្រះ របស់សាលាឧទ្ធរណ៍ នឹងមិនមានសញ្ញាណជាវិជ្ជមានណាមួយ ចំពោះការទាមទាររបស់ក្រុមមេធាវីឡើយ។
លោកថា៖ «សាលាឧទ្ធរណ៍ អាចនឹងបង្គាប់ដូចសាលាដំបូង ព្រោះនេះជារឿងក្តីនយោបាយ ទាល់តែដោះស្រាយតាមបែបនយោបាយ ទើបអាចធូរស្រាល ឈានទៅដល់ការដោះលែងនៅក្រៅឃុំបាន»។
កាលពីថ្ងៃទី៤ ខែ វិច្ឆិកា សាលាឧទ្ធរណ៍បានបើកសវនាការស្នើសុំនៅក្រៅឃុំករណីរបស់លោក ហុង សុខហួរ ម្តងរួចមកហើយនិងបានបដិសេធ ដោយបញ្ជាក់ថា ពុំមានភ័ស្តុតាងថ្មីណាមួយដែលជាមូលដ្ឋានក្នុងការពិចារណាឡើយ។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយរងចោទប្រកាន់បីបទល្មើស រួមមាន ការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារដែលក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងបកស្រាយសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ដែលត្រូវបានដាក់បង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
ទាក់ទិននឹងរឿងនេះ សាលាដំបូងរាជធានី ក៏បានចេញដីកាបង្គាប់ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស ចូលខ្លួនបំភ្លឺនៅថ្ងៃទី ៤ ខែធ្នូ ពាក់ព័ន្ធនឹងបទចោទ សមគំនិត ក្នុងការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារដែលក្លែងនិងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះផងដែរ៕