ភ្នំពេញ៖ សាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចឃុំខ្លួនឈ្មោះ ប៉ាន់ សុភី អាយុ ២៩ ឆ្នាំនៅពន្ធនាគារខេត្ត ជាបណ្តោះអាសន្នពីបទ «រារាំងដល់ការអនុវត្តវិធានការ (សុខាភិបាល) និងបទញុះញង់ឱ្យមានការរើសអើង» ប្រព្រឹត្តតាមបណ្តាញសង្គម TikTok។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៣០៦ របស់លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែមេសា នេះបានឱ្យដឹងថា ឈ្មោះ ប៉ាន់ សុភី ភេទប្រុស អាយុ ២៩ ឆ្នាំមានកន្លែងកំណើតនៅភូមិ ភ្នំតូច ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសម្រេចដាក់ជននេះឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់ឱ្យមានការរើសអើង ដែលបានប្រព្រឹត្តតាមបណ្តាញសង្គម TikTok កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
បើតាមដីកានេះ ជនត្រូវចោទនឹងត្រូវផ្តន្ទាទោសតាមមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងមាត្រា ៤៩៤ និង មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
លោក ថៃ គឹមមុនី បានបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈទាំងអស់ ធ្វើការនាំខ្លួន ជនត្រូវចោទនេះ ទៅមន្ទីរឃុំឃាំងខេត្តកំពង់ស្ពឺរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
ពាក់ព័ន្ធនឹងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញថ្លែងថា លោកមិនលើកលែងឱ្យដល់បុគ្គលណាមួយដែលបានផ្សព្វផ្សាយ ឬ ញុះញង់មិនឱ្យមានការចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនឹងត្រូវចាប់ខ្លួន និងដាក់ពន្ធនាគារ។
លោក ហ៊ុន សែន ថ្លែងថា៖ «អាមួយនៅកំពង់ស្ពឺនៅបសេដ្ឋ នគរបាលគេសួរអាហ្នឹង ប្អូនឯងបង្ហោះមែន គេចេះលេង Tik Tok វាបង្ហាញអាហ្នឹង ឥឡូវជាប់បណ្តោយ អត់រួចខ្លួនទេ»។
លោក ហ៊ុន សែន ថ្លែងថា លោកសុខចិត្តឱ្យគេហៅលោកថាជាជនផ្តាច់ការ ដោយមានវិធានការលើមនុស្ស ១ ឬ ២ នាក់ ខណៈដែលលោកត្រូវសម្រេចចិត្តធ្វើ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស។
យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌចែងថា អំពើញុះញង់តាមមធ្យោបាយណាមួយដែលមានចែងនៅក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ឱ្យមានការប្រព្រឹត្តការរើសអើង ការគុំកួន ឬ ហិង្សា ចំពោះបុគ្គលណាម្នាក់ ឬ ក្រុមណាមួយដោយមូលហេតុបុគ្គលនោះជាសមាជិក ឬ មិនមែនសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ១ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ ចាប់ពី ២ លានរៀល ទៅ ៦ លានរៀល ៕