ព្រះវិហារៈ មន្ត្រីតុលាការខេត្តព្រះវិហារអះអាងថា តុលាការកំពុងចាត់នីតិវិធីទៅលើសំណុំរឿងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ ដែលប្រព្រឹត្តដោយជនចំណាកស្រុកចំនួន ៣ នាក់មកពីខេត្តកំពង់ធំ ក្រោយពីទទួលបានពាក្យបណ្ដឹងពីមន្ត្រីបរិស្ថាន និងតំណាងប្រជាសហគមន៍បណ្ដាញព្រៃឡង់កាលពីថ្ងៃអង្គារ។
អ្នកស្រី ភី ស៊ីថង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា នៅក្នុងសំណុំរឿងនោះជនសង្ស័យឈ្មោះ ឈួន ឆាត ស្នាក់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ និង បក្ខពួក ២ នាក់ទៀតរួមមានឈ្មោះ យុន ញ៉ាញ់ ស្នាក់នៅភូមិភ្ញាក់រឭក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ និងកូនប្រុសរបស់គាត់ឈ្មោះ ញ៉ាញ់ អ៊ីញ ត្រូវបានមន្ត្រីឧទ្យានុរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែររួមទាំងតំណាងប្រជាសហគមន៍បណ្ដាញព្រៃឡង់ខេត្តព្រះវិហារប្ដឹងចោទពីបទ «កាប់បំផ្លាញព្រៃឈើ និងគំរាមសម្លាប់» ។
អ្នកស្រីបញ្ជាក់ថា៖ «បណ្ដឹងនោះបានដាក់ចូលដល់តុលាការកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ ហើយនៅពេលនេះលោកព្រះរាជអាជ្ញាកំពុងចាត់វិធានការទៅតាមនីតិវិធី»។
បើតាមការអះអាងរបស់លោក មាស ញឹម ប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរបណ្ដឹងប្រឆាំងទៅលើបុរសសង្ស័យទាំង ៣ ខាងលើនេះបានធ្វើឡើងបន្ទាប់ពីពួកគេបានធ្វើសកម្មភាពរារាំងដល់ការអនុវត្តច្បាប់របស់ក្រុមមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ការពារព្រៃឡង់ដោយប្រើពាក្យសម្ដីជេរប្រមាថ និងគំរាមកំហែងដល់អាយុជីវិតផងដែរ ខណៈក្រុមមន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ការពារព្រៃឡង់បានចាប់រឹបអូសយកឈើក្ដារបន្ទះប្រភេទផ្ដៀកសរុប ៣៥៥ សន្លឹកស្មើ ៧,២ ម៉ែត្រគុបដែលពួកគេបានលាក់ទុកនៅក្នុងព្រៃស្ថិតក្នុងភូមិភ្ញាក់រឭក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក ញឹម បញ្ជាក់ថា៖ «ជនទាំង ៣ មិនគ្រាន់តែរារាំងជេរប្រមាថដល់មន្ត្រីរបស់យើង និងប្រជាសហគមន៍ការពារព្រៃឡង់ដែលខំបំពេញការងារទប់ស្កាត់បទល្មើសព្រៃឈើប៉ុណ្ណោះទេ ថែមទាំងគំរាមបាញ់សម្លាប់ថែមទៀត» ។
លោកបន្ថែមថាមុនពេលដាក់ពាក្យប្ដឹងប្រឆាំងនឹងក្រុមជនសង្ស័យទាំង ៣ ខាងលើនេះរូបលោកបានចេញលិខិតកោះអញ្ជើញពួកគេឲ្យចូលខ្លួនមកដោះស្រាយជុំវិញករណីកាប់បំផ្លាញព្រៃឈើ ដើម្បីឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើគ្រប់រូបភាព និងសូមទោសជាលាយលក្ខណ៍អក្សរដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ចំពោះការប្រមាថ និងការគំរាមសម្លាប់របស់ពួកគេ ប៉ុន្តែពួកគេមិនបានចូលខ្លួននោះទេ ថែមទាំងបន្តគំរាមកំហែងដល់មន្ត្រីឧទ្យានុរក្ស និង តំណាងប្រជាសហគមន៍ការពារព្រៃឡង់ថែមទៀត។
លោក ញឹម និយាយទៀតថា៖ «ដើម្បីសុវត្ថិភាពរបស់មន្ត្រី និងប្រជាសហគមន៍ការពារព្រៃឈើរបស់យើងចាំបាច់យើងខ្ញុំត្រូវតែដាក់ពាក្យប្ដឹងប្រឆាំងនឹងពួកគេទៅតុលាការ ដើម្បីជួយអន្តរាគមន៍ និងចាត់វិធានការទៅតាមនីតិវិធី»។
អ្នកស្រី ភោគ ហុង តំណាងប្រជាសហគមន៍បណ្ដាញព្រៃឡង់ស្រុកជ័យសែន ខេត្តព្រះវិហារដែលបានចូលរួមនៅក្នុងប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើរបស់ក្រុមជនសង្ស័យទាំង ៣ កាលពីថ្ងៃទី ៦ ខែធ្នូកន្លងមកនេះ និងជាដើមបណ្ដឹងក្នុងសំណុំរឿងខាងលើនេះប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនសង្ស័យទាំង ៣ ជាជនចំណាកស្រុកមកពីខេត្តកំពង់ធំ ហើយក៏ជាអ្នករកស៊ីកាប់ឈើ និង ដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ។
អ្នកស្រីបញ្ជាក់ថា៖ «ក្រុមជនសង្ស័យបានរារាំងយើងខ្ញុំ និងមន្ត្រីឧទ្យានុរក្សមិនឲ្យរឹបអូសយកឈើរបស់ពួកគេ ដែលលាក់ទុកនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ»។
លោក នួន វ៉ាន់ស៊ុយ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរដែលបានចូលរួមនៅក្នុងប្រតិបត្តិការចុះល្បាតព្រៃជាមួយក្រុមប្រជាសហគមន៍បណ្ដាញព្រៃឡង់នាថ្ងៃនោះនិយាយថា បន្ទាប់ពីក្រុមការងាររបស់លោកបានដឹកជញ្ជូនឈើទាំងនោះមករក្សាទុកនៅទីស្នាក់ការដែនជម្រកបឹងពែរ ក្រុមជនសង្ស័យបានថតរូបពួកគាត់ និងនិយាយបោះពាក្យសម្ដីគំរាមកំហែងអាយុជីវិតរបស់ពួកគាត់ថែមទៀត។
លោក វ៉ាន់ស៊ុយ បញ្ជាក់ថា៖ «ជនសង្ស័យឈ្មោះ ញ៉ាញ់ អ៊ីញ បាននិយាយបោះពាក្យសម្ដីមកលើយើងខ្ញុំថា ចាប់ឈើអ្នកណាមិនចាប់ ចាប់ឈើអញ បើអញមានកាំភ្លើង អញនឹងបាញ់សម្លាប់ចោលទាំងអស់។ ចំណែកឪពុករបស់គេ ឈ្មោះ យុន ញ៉ាញ់ បាននិយាយថាអស់ប៉ុន្មានក៏អស់ទៅ អញនឹងធ្វើឲ្យពួកបរិស្ថានអស់ហ្នឹងខ្ទាតចេញឲ្យអស់ »។
ជុំវិញការចោទប្រកាន់នេះនៅថ្ងៃម្សិលមិញភ្នំពេញប៉ុស្តិ៍បានព្យាយាមស្វែងរកទំនាក់ទំនង ដើម្បីសុំការអធិប្បាយពីភាគីលោក ឈួន ឆាត, លោក យុន ញ៉ាញ់ និងលោក ញ៉ាញ់ អ៊ីញ ប៉ុន្តែមិនបានសម្រេចនោះទេ៕